Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន» នេះជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឭគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការសម្រេចចិត្តផ្ទាល់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ដែលជាករណីឧទាហរណ៍គឺ គ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិសឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យឬលក្ខណៈសម្បត្តិសមប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជនរូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឭតាមគេថា មិត្តភក្តិ ឬតាមតម្រូវការទីផ្សារការងារ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះ ដោយឭតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោសល្ល និងឧបនិស្ស័យដែលខ្លួនមាន»។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារគឺយើងជាអ្នក បង្កើត គ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។
ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៊ី និងបានចូលបម្រើការងារដំបូង ឯកឧត្ដមបណ្ឌិតសភាចារ្យគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលថា «វ័យឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ ឯកឧត្ដមបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ប្រសិនបើគេយកកូនសេដ្ឋី គេអាចនឹងក្លាយជាអ្នកមានបាន ហើយប្រសិនបើជាគេរៀបការនឹងកូននាយករដ្ឋមន្ត្រី គេអាចនឹងមានអំណាចបានដែរ ប៉ុន្តែបើគេយកកូនបណ្ឌិត នោះគេមិនអាចមាននោះទេ វាទាមទារឱ្យមានការតាំងចិត្តប្រឹងប្រែងរៀនសូត្រដើម្បីកសាងចំណេះដឹងដោយខ្លួនឯង»។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់អ្នកសិក្សារៀនសូត្រ និងយុវជនកម្ពុជាថា «សារៈសំខាន់នៃការសិក្សារៀនសូត្រ ពុំមែនរៀនដើម្បីមានបាននោះទេ គឺរៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ ឈរបានកាន់តែខ្ពស់ សម្លឹងមើលបានកាន់តែឆ្ងាយ ប្រសិនបើយើងគ្មានចំណេះដឹងទេនោះ ទោះជាយើងមានភ្នែកភ្លឺក៏យើងមើលមិនឃើញដែរ។ ជាក់ស្ដែង នៅពេលដែលគេនិយាយអំពីសហរដ្ឋអាម៉េរិក ប្រសិនបើយើងមិនបានដឹង មិនបានរៀន និងមិនបានស្រាវជ្រាវ យើងនឹងពុំអាចឆ្លើយតបទៅគេវិញបាននោះឡើយ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា រៀនពុំមែនសុទ្ធតែដើម្បីមានបាននោះទេ ព្រោះមានអ្នកមាននិងឧកញ៉ាច្រើនណាស់ដែលគ្មានសញ្ញាបត្រខ្ពស់នោះទេ តែគេមានជីវភាពមានបាននិងធូរធារ ចំណែកអ្នកធំមួយចំនួន ពុំមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែគេអាចកាន់តំណែងនិងកិច្ចការងារជាច្រើនបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងផ្ញើសារជូនដល់យុវជនកម្ពុជាថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹងនិងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិរបស់យើងទាំងអស់គ្នា៕
RAC Media | លឹម សុវណ្ណារិទ្ធ
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ន...
ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និងស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត...
ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែន...
កាលពីសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...
(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...