Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងថ្នាក់ដឹកនាំស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងគណៈប្រតិភូនៃស្ថានទូតអូស្ត្រាលី ដែលដឹកនាំដោយឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក ពិសេសភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិស័យនានាដែលរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបាន។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម សូត្រ សំណាង អគ្គលខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម ខែក វីរៈ នាយកខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំវិទ្យាស្ថានទាំង៧នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើការកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីចំនួន៥ចំណុចរួមមាន៖ ១. វិស័យកសិកម្ម ២. វិស័យអប់រំ និងបណ្ដុះបណ្ដាល ៣. វិស័យសុខាភិបាល ៤. អភិបាលកិច្ចល្អ ៥. វិស័យធនធានទឹក។
បន្ទាប់ពីបានពិភាក្សាគ្នារួច ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីវិស័យចំនួន៣ ធ្វើជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរគឺ៖
១. នយោបាយការបរទេស
២. វិស័យកសិកម្ម
៣. ការបណ្ដុះបណ្ដាលភាសាអង់គ្លេស
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបជូនទៅឯកឧត្ដមអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការផ្ដល់ជូននូវអាហារូបករណ៍ជូនដល់ជនជាតិអូស្ត្រាលីដើម្បីសិក្សាភាសាខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្ពុជានិងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥២ និងក្រោយមកត្រូវកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៣ ទើបព្រះរាជាណាចក្រកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាឡើងវិញ៕
RAC Media | លឹម សុវណ្ណរិទ្ធ
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...