ព័ត៌មាន

ឆ្នាំនេះជាខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

2020-09-23 08:23:17 ថ្ងៃពុធ, 23 កញ្ញា 2020, 08:23 AM
post_detail

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុងឱកាសខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំសន្និសីទអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឥស្សរ ជនព្រមទាំងបញ្ញវន្តខ្មែរជាច្រើនរូប ឡើងធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងច្បាប់កំពូលនេះរបស់ជាតិ។

ចាប់តាំងពីឆ្នាំ១៩៤៧ មក ប្រទេសកម្ពុជាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនទៅតាមរបត់នយោបាយចំនួន៦លើករួចមកហើយ៖

-លើកទី១នៅឆ្នាំ១៩៤៧

-លើកទី២នៅឆ្នាំ១៩៧២

-លើកទី៣នៅឆ្នាំ១៩៧៦

-លើកទី៤នៅឆ្នាំ១៩៨១

-លើកទី៥នៅឆ្នាំ១៩៨៩

-និងលើកចុងក្រោយនៅឆ្នាំ១៩៩៣ ក្នុងសម័យរាជាណាចក្រទីពីរ ដែលមានព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងប្រវត្តិសាស្ត្រ ក្រោយពីប្រទេសកម្ពុជាពើបប្រទះនឹងសង្គ្រាមជាង៣ទសវត្សរ៍ ភាគីខ្មែរក្នុងជម្លោះទាំង៤ភាគី គឺរដ្ឋាភិបាលសាធាណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយមកបានក្លាយទៅជារដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមខ្មែរត្រីភាគី បានព្រមព្រៀងគ្នាក្នុងការរកដំណោះស្រាយរួមអំពីជម្លោះនៅកម្ពុជា ដោយមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីប្រទេសជាមិត្តទាំង១៨ផ្សេងទៀត និងព្រមទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានឈានទៅដល់ការចុះហត្ថលេខាលើកញ្ចប់ដំណោះស្រាយរួមនៃជម្លោះកម្ពុជា ដែលត្រូវបានគេហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចូលជាធរមាន ប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់ការបោះ ឆ្នោតជាលើកដំបូងបន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយ ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ និងត្រូវបានរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា «អ៊ុនតាក់»។ បន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសរួច តំណាងដែលជាប់ឆ្នោតទាំងអស់ត្រូវបានកោះឱ្យចូលរួមកិច្ចប្រជុំ «សភាធម្មនុញ្ញ» ដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយទៅជាច្បាប់កំពូលរបស់ជាតិ។ ក្រោយពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ បន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញថ្មីរួច សភាធម្មនុញ្ញបានក្លាយខ្លួនទៅជា«រដ្ឋសភាជាតិ»ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានប្រសូតឡើងនៅក្នុងឆ្នាំ១៩៩៣នេះ បានកំណត់អំពីរបបនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ទ្រង់សោយរាជ្យប៉ុន្តែមិនកាន់អំណាច។ អង្គព្រះមហាក្សត្រមិនអាចនរណាបំពានបានឡើយ។ ព្រះមហាក្សត្រ គឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិប​តេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ រដ្ឋធម្មនុញ្ញថ្មីនេះ ក៏បានចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍ក្នុងសន្និសីទខាងលើនេះ បានគូសបញ្ជាក់ថា បច្ច័យជាចម្បងដែលនាំឆ្ពោះទៅដល់ការរៀបចំបង្កើតរដ្ឋធម្មនុញ្ញថ្មីនៃសម័យរាជាណាចក្រទីពីរ គឺការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាមូលដ្ឋានមួយសម្រាប់ការកសាងរដ្ឋធម្មនុញ្ញ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលបាននាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិកម្ពុជា និងធានាបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃសម័យរាជាណាចក្រទីពីរនោះគឺ «នយោបាយឈ្នះ-ឈ្នះ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនូវរចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមខ្មែរក្រហម និងបញ្ចប់ស្ថានភាពនៃការគ្រប់គ្រងប្រទេសកម្ពុជាតាមរបៀបស្បែកខ្លានៅឆ្នាំ១៩៩៨។

ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា កន្លងមកកម្ពុជាតែងតែបានប្រើប្រាស់យន្តការធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាជាតិ ដែលរួមមានដូច​ជាការបង្កើតឱ្យមានរបបសហនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣ ក្នុងគោលដៅធ្វើឱ្យមានសុខដុមនីយកម្ម និងការដោះស្រាយ​បញ្ហាដែលអាចប្រឈមគ្នាដោយការបង្ហូរឈាម មកជាការមិនបង្ហូរឈាមវិញ, ការដោះស្រាយវិវាទក្រោយព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧ ដោយប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញ, ការដោះស្រាយភាពជាប់គាំងនយោបាយក្រោយ​ពីការបោះឆ្នោតឆ្នាំ១៩៩៨ ​ ឆ្នាំ២០០៣  ឆ្នាំ២០១៣ ដែលអាចបញ្ចៀសបាននូវការបង្ហូរឈាម, ការរក្សាកងកម្លាំង ដោយទុកកងកម្លាំងគឺជាឧបករណ៍របស់រដ្ឋ,ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងការបែងចែកអំណាចធំៗទាំង៣របស់រដ្ឋ​ឯក​រាជ្យ​ពីគ្នា និងការណ៍ដែលអ្នកនយោបាយប្រើប្រាស់យន្តការច្បាប់ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលគូសបញ្ជាក់ និងសម្រាប់ចង្អុលបង្ហាញនូវ​គោល​នយោបាយការបរទេស ទៅកាន់បណ្ដាប្រទេសជាដៃគូ ដែលរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីនយោបាយអព្យាក្រឹត អចិន្ត្រយ៍ និងមិនចូលបក្សសម្ព័ន្ធ និងដែលព្រះរាជាណាចក្រកម្ពុជាត្រូវជ្រើសរើសការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ តាមរយៈច្បាប់កំពូលរបស់ជាតិនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមិនឈ្លានពានឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃឡើយ ទោះបីក្នុងរូបភាពដោយផ្ទាល់ឬដោយប្រយោលក្ដី ដោយកម្ពុជាប្រកាន់ជំហរស្វាគមន៍នូវរាល់ដំណោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍​ផងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត កម្ពុជាដែលប្រកាន់ជំហសន្តិភាពនិយម កម្ពុជានឹងមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យរបស់ខ្លួនឡើយ ពិសេស​កម្ពុជានឹងមិនអនុញ្ញាត​ឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ឬក៏មូលដ្ឋានយោធារបស់ខ្លួនលើទឹកដីបរទេសក្រៅតែពីក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការចែងយ៉ាងច្បាស់លាស់ ដែលមាន​នៅ​ក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអនុវត្តគោលនយោ​បាយ​​ការបរទេសបែបចម្រុះ​ពណ៌ ដែលកម្ពុជាស្វាគមន៍ចំពោះរាល់ទំនាក់ទំនងល្អ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងជាដៃគូទាំងអស់ក្នុងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិ និងគោរពអធិបតេយ្យនិងផលប្រយោជន៍ផងគ្នារៀងៗខ្លួន។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន៩ដងរួចមកហើយ ដែលការធ្វើវិសោធនកម្មលើកចុងក្រោយគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥៕

RAC Media | លឹម សុវណ្ណរិទ្ធ




អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ...

2022-09-20 02:25:19   Tue, 20,09,2022, 02:25 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលគណៈប្រតិភូវៀតណាមសម្រាប់សន្និសីទអន្តរជាតិលើកទី៩

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀ...

2022-09-19 09:15:25   Mon, 19,09,2022, 09:15 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជំនួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សន ថានូថាមម៉ាវង់ ប្រធានបណ្ឌិត...

2022-09-19 08:42:45   Mon, 19,09,2022, 08:42 AM
វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម

វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។...

2022-09-07 11:30:28   Wed, 07,09,2022, 11:30 AM
ជំនួបប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌានៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្...

2022-08-30 09:23:40   Tue, 30,08,2022, 09:23 AM
ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ...

2022-08-29 14:57:49   Mon, 29,08,2022, 02:57 PM

សេចក្តីប្រកាស