ព័ត៌មាន

តើស្រីលង្កានិងឡាវ កំពុងជាប់អន្ទាក់បំណុលចិនឬ? ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

2020-09-14 08:09:57 ថ្ងៃច័ន្ទ, 14 កញ្ញា 2020, 08:09 AM
post_detail

ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បាន​កើនឡើង១០ដង ចាប់ពីចំនួនតិចជាង ៥០០ពាន់លានដុល្លារ ទៅដល់ ជាង៥លានលានដុល្លារអាម៉េរិក» ហើយមានការលើកឡើងជាច្រើន ជាច្រើនទាក់ទងនឹងបញ្ហានេះ ដោយចាត់ទុកថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រើប្រាស់ «ការទូតអន្ទាក់បំណុល» ដើម្បីបានចំណេញប្រយោជន៍ផ្នែកយុទ្ធសាស្ត្រទៅលើបណ្ដាប្រទេស នានា ដែលកំពុងជួបការលំបាកក្នុងការសងបំណុល ដែលខ្ចីនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

តើប្រទេសឡាវ និងស្រីលង្កា ដែលបានផ្តល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនអគ្គិសនី និងលក់ កំពង់ផែ ទៅឱ្យភាគីចិន ជាការដាក់អន្ទាក់បំណុលរបស់ចិនមែនឬទេ?

ប្រទេសឡាវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងចំណែកភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនអគ្គិសនីរបស់ខ្លួន ដោយបានចុះកិច្ចព្រមព្រៀងចែកចំណែកភាគហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ «Electricite du Laos» (EdL) របស់ឡាវ និងក្រុមហ៊ុនចិន «China Southern Power Grid Co»។​​ក្រុមហ៊ុនរដ្ឋឡាវ និងក្រុមហ៊ុនចិននេះ បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា «Electricite du Laos Transmission Company Limited» (DELT) ដោយក្នុងនោះ ភាគហ៊ុនធំគ្រប់គ្រងក្រុមហ៊ុនថ្មីនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិន។ ក្រុមហ៊ុនថ្មី EDLT នឹងវិនិយោគទឹកប្រាក់ប្រហែល២ពាន់លានដុល្លារអាម៉េរិក ទៅលើការតភ្ជាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងទៅក្រៅស្រុក ។

ប្រទេសឡាវបានវិនិយោគថវិកាយ៉ាងច្រើនទៅលើគម្រោងវារីអគ្គិសនី ដែលភាគច្រើនគាំទ្រដោយកម្ចីថវិកាពីប្រទេស​ចិន ក្នុងបំណងក្លាយខ្លួនជា «ធុងអាគុយនៃអាស៊ីអាគ្នេយ៍» ប៉ុន្តែ គម្រោងមួយចំនួនទាំងនោះ រួមទាំងគម្រោងផ្លូវរថ​ភ្លើង​ល្បឿនលឿនចិនថ្មី គម្រោងយុទ្ធសាស្រ្តផ្លូវដែករបស់ប្រទេសទាំងពីរ គឺស្របទៅតាមគោលដៅរបស់ប្រទេសនីមួយៗ ហើយវាជាការបន្ស៊ីគ្នារវាងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ភាគីចិន និងយុទ្ធសាស្រ្តរបស់ភាគី​ឡាវ ក្នុងការប្រែក្លាយពីប្រទេសឡាវដីគោកបិទជិតទៅជាប្រទេសមានផ្លូវឆ្លងកាត់ (From land-locked to land-linked country) កំពុងក្លាយជាចំណុចស្នូលនៃបញ្ហាបំណុល ។

ធនាគារពិភពលោក ក៏បានប៉ាន់ស្មានកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា កម្រិតបំណុលរបស់ឡាវអាចនឹងឡើងដល់ ៦៨% នៃផលទុនក្នុងស្រុកសរុប-ផ.ស.ស នៅឆ្នាំ២០២០ កើនឡើងពី៥៩% កាលពីឆ្នាំ២០១៩។ ចំណែកទីភ្នាក់ងារកម្រិត ឥណទាន Moody បានព្រមានថា ប្រទេសនេះ ប្រហែលជាមិនអាចសងបំណុលរបស់ចិនបាននៅ​ពេល​អនាគតដ៏ខ្លីខាងមុខនេះទេ។

ទីភ្នាក់ងារ Moody ក៏បាននិយាយថា ប្រទេសឡាវនៅក្នុងឆ្នាំ២០២០នេះ ត្រូវមានកាតព្វកិច្ចសងបំណុលបរទេសប្រហែល ១.២ពាន់លានដុល្លារអាម៉េរិក ជាកម្ចីដែលខ្លួនខ្ចីពីធនាគារពាណិជ្ជ និងបណ្ណបំណុលថៃ ដែលត្រូវទូទាត់ជាសាច់ប្រាក់នៅខែកញ្ញា និងខែតុលា ប៉ុន្តែ ទុនបម្រុងអន្តរជាតិរបស់ឡាវ គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មានតែ ៨៦៤ លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។

ចំណែកប្រទេសស្រីលង្កា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាលក់កំពង់ផែនៅតំបន់​ទឹកជ្រៅ «Hambantota» ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដើម្បីយកប្រាក់ដែលបានមកពីការលក់កំពង់ផែ នោះ ទៅសងបំណុលបរទេស ដែលនៅក្នុងនោះ មានមួយភាគជាបំណុលពីប្រទេសចិន។

រដ្ឋាភិបាលស្រីលង្កាសម្រេចលក់កំពង់ផែ Hambantota និងដីទំហំ ១៥,០០០ ហិចតា នៅក្បែរកំពង់ផែសម្រាប់ធ្វើជាតំបន់ឧស្សាហកម្ម ទៅឱ្យក្រុមហ៊ុនរដ្ឋចិន ក្នុងតម្លៃ ១ពាន់ ១រយលានដុល្លារ សម្រាប់គម្រោងវិនិយោគរយៈពេល​៩៩ឆ្នាំ ។

កិច្ចសន្យាលក់កំពង់ផែក្នុងស្រុកទៅឱ្យក្រុមហ៊ុនចិន ត្រូវបានពន្យារពេលជាច្រើនដង ដោយសារចលនាប្រឆាំងពីសហ​ជីពកម្មករនៅកំពង់ផែផ្ទាល់ និងពីក្រុមបក្សប្រឆាំងរបស់ ស្រីលង្កា ដែលបារម្ភពីផលអាក្រក់ពីរយ៉ាង។ ទីមួយ គេខ្លាច​ក្រែងចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានទ័ព និងទី២ គេបារម្ភថា ចិនបង្កើតតំបន់អាណានិគមកិច្ចនៅក្នុងទឹកដីស្រីលង្កា។ ដើម្បីធានាថា ចិននឹងមិនអាចប្រែក្លាយកំពង់ផែទៅជាកន្លែងតាំងទ័ពចិន ទៅថ្ងៃអនាគត រដ្ឋាភិបាលស្រី​​លង្កា​បានអះអាងថា ខ្លួនបានបញ្ចុះចំណែកភាគហ៊ុនរបស់ចិន នៅក្នុងការគ្រប់គ្រងកំពង់ផែ ពី៨០ភាគរយ មកនៅ​៧០​ភាគរយ ចំណែក បញ្ហាសន្តិសុខ ការធ្វើគមនាគមន៍ផ្លូវទឹក ត្រូវគ្រប់គ្រងនិងសម្រេច ដោយរដ្ឋាភិបាលស្រីលង្កា គឺមិន​មែនដោយភាគីក្រុមហ៊ុនចិននោះឡើយ។

កំពង់ផែ Hambantota ចាប់បើកដំណើរការនៅឆ្នាំ២០១០ នៅក្រោមជំនួយឥណទានរបស់ចិនប្រមាណ ១ពាន់ ៣​រយលានដុល្លារអាម៉េរិក។ ដោយសារទីតាំងសេដ្ឋកិច្ច មិនសូវអំណោយផល ព្រោះថា ទំនិញភាគច្រើនត្រូវស្រូបដោយកំពង់ផែដ៏ធំនៅក្រុងកូឡុំបូ កំពង់ផែ Hambantota រកប្រាក់ចំណូលមិនសូវបាន និងបានធ្វើឱ្យរដ្ឋស្រីលង្កាជាប់បំណុល ដោយសារតែការខាតបង់ប្រមាណ ៣០០លានដុល្លារ ចាប់តាំងពីបើកសម្ពោធកំពង់ផែនោះមក។

កិច្ចសន្យាលក់កំពង់ផែ Hambantotaទៅឱ្យចិន បានជួយឱ្យរដ្ឋាភិបាលនៃប្រទេសនេះយកប្រាក់ទៅសងបំណុលរបស់បរទេស ប្រមាណ៦៥ពាន់លានដុល្លារ ដែលនៅក្នុងនោះ៨ពាន់លានដុល្លារ ជាបំណុលដែលស្រីលង្កាជំពាក់​ចិន។

កំពង់ផែ Hambantotaជាកំពង់ផែធំទី២ របស់ស្រីលង្កា ដែលចិនបានផ្តល់ថវិកាសាងសង់ ក្រោមស្លាកប្រាក់ជំនួយ​ឥណ​ទានហើយឥណ្ឌាព្រួយបារម្ភពីការពង្រីកដែនទឹក ជាពិសេស វត្តមានកងទ័ពរបស់ចិននៅស្រីលង្កា ដែលស្ថិតនៅចុងច្រមុះមិនឆ្ងាយប៉ុន្មានពីប្រទេសខ្លួន។ ប៉ុន្តែក្រុង ប៉េកាំងបានអះអាងថា កំពង់ផែនៅស្រីលង្កានឹងដើរតួជាចំណតសំខាន់នៅក្នុងនយោបាយសេដ្ឋកិច្ច ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលចិនត្រូវការប្រើសម្រាប់ភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។

បន្ថែមសេចក្តីសន្និដ្ឋានសម្រាបករណីស្រីលង្កានិងឡាវនៅទីនេះ មុននឹងចូលករណីកម្ពុជា។

សម្រាប់ករណីប្រទេសឡាវ និងស្រីលង្កា រដ្ឋាភិបាលនៃ ប្រទេសទាំងពីរមិនបាន ប្រយ័ត្នប្រយ៉ែងក្នុងការកំណត់ពិដាននៃកម្ចីបរទស ទើបបានជាប់បំណុលបរទេស ដែល ភាគច្រើនពីប្រទេសចិន រហូតមិនអាចមានលទ្ធភាពទូទាត់ សង​ត្រឡប់ទៅវិញតាម កាលកំណត់បាន ទើបឈានទៅដល់ការផ្ទេរសិទ្ធគ្រប់គ្រង និងលក់ សម្បត្តិរដ្ឋ ដើម្បីទូទាត់សងបំណុលបរទេសមួយចំនួន ក្នុងពេលដែលរដ្ឋាភិបាល មិនមានលទ្ធភាព គ្រប់គ្រាន់ ឬ ហៅម្យ៉ាងទៀតថា បំណុលបរទេសបានឡើងហួសពិដាននៃកម្ចី។

ករណីប្រទេសស្រីលង្កា និងឡាវ នាំឱ្យមានមជ្ឈដ្ឋានមួយចំនួនសម្តែងកង្វល់ថា កម្ពុជា អាចនឹងជាប់បំណុលចិន ដែលមិនអាចសងបានផងដែរនៅពេលខាងមុខ បើសិនជាមិន មានការប្រយ័ត្នប្រយែង។

សម្រាប់ប្រទេសកម្ពុជា គិតមកទល់នឹងពេលនេះ បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស គឺស្ថិតនៅក្រោម​៣០% ធៀបនឹង ផ.ស.ស ដែលជាទំហំមួយតិចតួច បើធៀបនឹងប្រទេសជិតខាងផ្សេងទៀតដូចជា ឡាវ មានរហូតពី ៥៩% ទៅ ៦៨% នៃ ផ.ស.ស និងវៀតណាម មានរហូតពី ៦០% ទៅ ៧០% នៃ ផ.ស.ស ឯណោះ។ នេះសបញ្ជាក់​ឱ្យឃើញថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបំណុលពីបរទេស និងស្ថាប័នដៃគូអន្តរជាតិនានាបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

សូមបញ្ជាក់ថា យោងតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ សរុប ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៥៥% ដែលក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រៅប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៤០% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្នុងប្រទេស(រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ១៥% ដូច្នេះបំណុលសាធារណៈក្រៅប្រទេស របស់កម្ពុជានៅមានចីរភាព និងហានិភ័យទាប។

តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសន្និធិបំណុលសាធា​រណៈ​សរុបចំនួន ៧,៥៩៩ លានដុល្លារអាម៉េរិក ក្នុងនោះ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ០.០៤% ស្មើនឹង២.៧៤ លានដុល្លារអាម៉េរិក និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩.៩៦ % ត្រូវនឹងប្រមាណ ៧,៥៩៦ លានដុល្លារ ដែលក្នុងនោះ ៤០% ជាបំណុលរបស់ប្រទេសចិន។ របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូន ដៃគូអភិវឌ្ឍន៍សរុបចំនួន ជាង ៣០៨ លានដុល្លារអាម៉េរិក។ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១.៦៩ ពាន់លានដុល្លារអាម៉េរិក ។

សូមបញ្ជាក់ផងដែរថា អត្រាការប្រាក់ដែលកម្ពុជាខ្ចីពីចិនមានបីប្រភេទ គឺ មាន(០%), ១.២៥% និង២%។ ០% ជាកម្ចីគ្មានការប្រាក់, ១.២៥% គឺសម្រាប់កម្ចីជាលុយយ័ន និង២% សម្រាប់កម្ចីជាលុយដុល្លារអាម៉េរិក ហើយសងមក​វិញក្នុងរយៈពេល២០ឆ្នាំ តែអាចពន្យារពេល សងបានរយៈពេល៧ឆ្នាំដោយមិនមានការផាកពិន័យ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា



អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាត្រូវតែជាប្រទេសអ្នកផលិត ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង»

ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ន...

2020-06-19 11:57:51   Fri, 19,06,2020, 11:57 AM
«លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និង SMEsក្រោយបញ្ចប់កូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ»

ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និងស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត...

2020-06-19 11:13:38   Fri, 19,06,2020, 11:13 AM
ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ព្រមានអំពីការផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ

ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែន...

2020-06-19 06:22:37   Fri, 19,06,2020, 06:22 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-06-18 03:48:38   Thu, 18,06,2020, 03:48 AM
«រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា »

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...

2020-06-15 09:42:55   Mon, 15,06,2020, 09:42 AM
«និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាធ្វើទស្សនកិច្ចសិក្សា និងដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា»

(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...

2020-06-15 06:03:05   Mon, 15,06,2020, 06:03 AM

សេចក្តីប្រកាស