ព័ត៌មាន

ជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសកម្ពុជា ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2020-08-29 16:15:02 ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 11:15 PM
អ្នកមើល 2824
post_detail

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលកកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដែលតួអង្គថ្មី/ចាស់កំពុងប្រកួតប្រជែងដណ្ដើមតួនាទីគ្នាក្នុងការសម្រេចលើកិច្ចការពិភពលោកនិងតំបន់។ កម្ពុជាជាប្រទេសតូចនៅចន្លោះប្រទេស​​ធំពីរ និងមានសេដ្ឋកិច្ចមានភាពអាស្រ័យច្រើនជាមួយតួអង្គខាងក្រៅ ព្រមទាំងពពុះនយោបាយផ្ទៃក្នុងមិនសូវល្អ។ ដូច្នេះការរៀបចំនយោបាយនិងទំនាក់ទំនាក់ការបរទេសមានសារៈសំខាន់ណាស់កម្ពុជា ទាំងក្នុងទិដ្ឋភាពនយោ​បាយ សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌។

ចំពោះមុខសភាពការណ៍នេះ កម្ពុជាត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោការណ៍គ្រឹះនៃ នយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោ​បាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

ប៉ុន្តែ កម្ពុជាត្រូវតែមានភាពវៃឆ្លាតក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន គឺជានយោបាយដែលអាចទាញយកចំណេញពីប្រទេសអ្នកមាននិងមហាអំណាចតាមដែលអាចធ្វើទៅបាន ដោយមិនរើសអើងថា ជាលោកសេរីឬលោកកុម្មុយនិស្តនោះឡើយ ពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើសយកវិធីនេះដូចគ្នាដែរ ពោលគឺឱ្យតែបានផលចំណេញដល់ប្រទេសជាតិនិងប្រជាជន។ លុយគឺគ្មានពណ៌និងគ្មានក្លិនកុម្មុយនិស្តឬសេរីនោះទេ។

ការបន្តប្រកាន់ជំហរបែងចែកថាលោកសេរីឬលោកកុម្មុយនិស្ត គឺជាគំនិតនយោបាយហួសសម័យនិងឆោតល្ងង់ដែលមិនស្របជាមួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។ ក្នុងន័យនេះ គ្មានហេតុផលអ្វីដែលកម្ពុជាត្រូវបដិសេធទំហំដ៏ធំនៃវិនិយោគចិនមកក្នុងប្រទេសខ្លួននោះទេ, ហើយរិតតែស្វាគមន៍ខ្លាំងថែមទៀតចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីបំពេញឱ្យភាពចន្លោះប្រហោងនៃភាពអនុគ្រោះរបស់គណៈកម្មការអឺរ៉ុប គឺ EBA ២០% ដែលត្រូវបានកាត់កាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ស្វាគមន៍ផងដែរចំពោះការវិនិយោគមកពីប្រទេសនានាដូចគ្នា កម្ពុជាគ្មានការរើសអើងចំពោះការវិនិយោគមកពីប្រទេសណានោះទេ ហើយកម្ពុជាក៏ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដែរ។

បើយើងពិនិត្យទៅលើទំនាក់ទំនងការបរទេសកម្ពុជា យើងគួរបែងចែកជាបួនទម្រង់ ទី១.ទំនាក់ទំនងរបស់កម្ពុជាជា​មួយប្រទេសជិតខាង, ទី២.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចមធ្យមនៅក្នុងតំបន់, ទី៣.ទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាទាំងក្នុងនិងក្រៅតំបន់, ទី៤.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន។

ក្នុងសេណារីយោនេះ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង រួមមាន ឡាវ ថៃ និងវៀតណាម ក្នុងហេតុផលនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះ​ទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់។ ប្រទេសណាក៏ដោយដែលឈ្លនពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសា​របស់ពួកគេ។

ចំពោះប្រទេសមហាអំណាចមធ្យមក្នុងតំបន់វិញ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ការងើបឡើងយ៉ាងឆាប់រហ័សនិងស្វាហាប់ក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់បណ្ដាប្រទេសអាស៊ី ជាពិសេស ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាងត្បូង និងសហគមន៍ ASEAN បាននាំឱ្យជញ្ជីងកំណើនសេដ្ឋកិច្ចផ្អៀងមកតំបន់អាស៊ី។ ក្នុងន័យនេះ កម្ពុជាត្រូវមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចមធ្យមក្នុងតំបន់ទាំងនេះ រួមមាន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះដែរ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀត ទាំងក្នុងក្រៅតំបន់ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មនិងការទូតរបស់ខ្លួន។

ចំពោះទំនាក់ទំនងកម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាមេរិក និងចិនវិញ យើងត្រូវពិនិត្យទៅសក្តានុពលខាងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី យើងត្រូវដឹងថា បច្ចុប្បន្ន រុស្ស៊ីគឺមិនមែនជាអតីតសហភាពសូវៀតទៀតទេ។ រុស្ស៊ីគ្មានបំណងនិងគ្មានលទ្ធភាពចងក្រងសម្ព័ន្ធដូចសម័យអតីតសហភាពសូវៀតទៀតឡើយ។ ដូច្នេះរុស្ស៊ីគ្មានថាមពលអ្វីទៅជួយអូសសណ្តោងសេដ្ឋកិច្ចប្រទេសណាទេ ប៉ុន្តែ រុស្ស៊ីនៅតែមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងន័យនយោបាយផងនិងយុទ្ធសាស្ត្រផង។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវរក្សាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាប្រពៃណីជាមួយរុស្ស៊ី។

ចំពោះសហរដ្ឋអាម៉េរិកវិញ បច្ចុប្បន្ន សហរដ្ឋអាម៉េរិកប្រៀបដូចជារដ្ឋបុរី ស្ប៉ាត ដែលចេះតែមានការបារម្ភកាន់តែខ្លាំង​ឡើងខ្លាចបាត់បង់តំណែងជាមហាអំណាចពិភពលោកទី១របស់ខ្លួនដោយសម្លឹងមើលមិនពព្រឹចភ្នែកចំពោះការរះឡើងយ៉ាងខ្ពស់ត្រដែត និងការរីកចម្រើនកាន់តែលឿនរបស់ចិន ដែលជាមហាអំណាចថ្មីប្រៀបបីដូចជារដ្ឋបុរី  អាថែន ក្នុងសេណារីយ៉ូរបស់ទុយស៊ីឌីដនាសម័យក្រិចបុរាណ។

ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក គឺស្មុគស្មាញពិបាកប៉ាន់ស្មាន, ចំពោះមុខ សហរដ្ឋអាមេរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីមានប្តីរួចឬយ៉ាងហោចណាស់ ជាស្ត្រីដែលភ្ជាប់ពាក្យរួច។ ជាសាច់ការជាក់ស្តែង កម្ពុជាមិនមែនស្រីក្រមុំ ជាស្ត្រីមេ​ម៉ាយ ឬជាស្ត្រីមានប្តីហើយអ្វីនោះទេ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវនយោបាយការបរទេសផ្កាចម្រុះ​ពណ៌។ ក្នុងន័យនេះ កម្ពុជាមិនអាចយកសហរដ្ឋអាម៉េរិកជាសត្រូវបានទេ កម្ពុជាចាំបាច់ត្រូវថ្នាក់ថ្នមទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ យើងត្រូវដឹងថា សហរដ្ឋអាម៉េរិកជាមហាអំណាចទី១លើពិភពលោក មានសម្ព័ន្ធមិត្តច្រើន ហើយដៃគូក៏ច្រើន ដូច្នេះ សហរដ្ឋអាម៉េរិកមានទឹកមាត់ប្រៃនៅក្នុងកិច្ចការតំបន់និងពិភពលោក។

ដោយឡែកប្រទេសចិន គឺជាមហាអំណាចថ្មីដែលទើបរះឡើងយ៉ាងត្រដែតត្រដឹម មានការអភិវឌ្ឍលឿនខ្លាំងស្ទើរគ្រប់​វិស័យ។ ប្រធានាធិបតី ស៊ី ជីនពីង ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ បានបោះបង់ចោលយុទ្ធសាស្រ្តដ៏ប្រយ័ត្នប្រយែងរបស់លោក តេង ស៊ាងពីង ដែលបាននិយាយថា «លាក់កម្លាំង រង់ចាំពេលវេលា»។ ផ្ទុយទៅវិញ លោក ស៊ី ជីនពីង បានប្រកាសថា របបដឹកនាំរបស់គាត់នឹងបន្ត “ក្តីសុបិនរបស់ប្រទេសចិន” ដោយអះអាងជាថ្មីថា ចិនជាទីតាំងដ៏ត្រឹមត្រូវនៃមហាអំណាចពិភពលោកបន្ទាប់ពីរងនូវការប្រមាថអស់រយៈពេលមួយសតវត្សរ៍ក្រោមកណ្តាប់​ដៃ​របស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងជប៉ុន។ ចាប់តាំងពីការប្រកាសនោះមក លោក ស៊ី ជីនពីង បានផ្តោតលើការបង្វែរកម្លាំងសេដ្ឋកិច្ចរបស់ចិនទៅជាសាច់ដុំនៃភូមិសាស្ត្រនយោបាយ។

នៅឆ្នាំ២០១៣ លោក ស៊ី ជីនពីង បានប្រកាសពីផែនការផ្លូវសូត្រសតវត្សរ៍ទី២១ ក្រោយមកហៅថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»  ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនលានដុល្លារ។ ក្រុងប៉េកាំងបញ្ចេញនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន ដើម្បីសាងសង់ផ្លូវឆ្លងកាត់បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គោលបំណងរបស់ចិន គឺប្រែក្លាយខ្លួនជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ចពិភពលោកដ៏រស់រវើក។ លោក ស៊ី ជីនពីង ក៏ប្តេជ្ញាដឹកនាំដណ្តើមខ្សែសង្វាក់មូលធននិយមតាម​រយៈគំនិតផ្តួចផ្តើមមួយទៀតហៅថា «ផលិតនៅប្រទេសចិន ឆ្នាំ២០២៥ (Made in China 2025)»។

លោក ស៊ី ជីនពីង ក៏បានចាប់ផ្តើមគម្រោងប្រែក្លាយ “ចិនជាមហាអំណាចយោធា” នៅអាស៊ីប៉ាស៊ីហ្វិក។ គាត់បានពង្រឹងកងទ័ពជើងទឹក ដាក់ពង្រាយនាវា បង្កើតកោះយោធានៅសមុទ្រចិនខាងត្បូងនិងខាងកើត ដើម្បីត្រួតត្រាផ្លូវដឹកជញ្ជូន (ផ្លូវ​ទឹកនិងអាកាស) ទាមទារសិទ្ធិរុករកប្រេង និងឧស្ម័នធម្មជាតិក្រោមសមុទ្រ និងសិទ្ធិនេសាទ។ នៅទីបំផុតទៅ       ប្រ​ទេស​ចិនបានអះអាងកាន់តែច្រើននៅក្នុងភូមិសាស្ត្រនយោបាយ រាប់ចាប់តាំងពីបញ្ហាប្រែប្រួលអាកាសធាតុរហូតដល់ជម្លោះពាណិជ្ជកម្ម។

នៅសហរដ្ឋអាម៉េរិក ការរះឡើងរបស់ប្រទេសចិន ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដល់ឧត្តមភាពរបស់សហរដ្ឋអា​ម៉េរិក​នៅក្នុងប្រព័ន្ធអន្តរជាតិ។ ទោះបីជាគំនិតនៃការពង្រីកសេដ្ឋកិច្ចនិងយោធារបស់ចិន និងការថមថយឥទ្ធិពល​សហរដ្ឋអាម៉េរិកដែលមិនអាចទប់បាន គឺផ្អែកលើការសន្មត់និងការប៉ាន់ស្មានដែលគួរឱ្យសង្ស័យក៏ដោយ ក៏ប្រទេសចិនគឺជាប្រទេសតែមួយគត់ ដែលមានសក្តានុពលគំរាមកំហែងដល់ឋានៈរបស់សហរដ្ឋអាម៉េរិក។ ជាការពិត ការប្តូរទិសអំ​ណាច​អាចបង្កគ្រោះថ្នាក់ដល់ស្ថេរភាពនៃប្រព័ន្ធអន្តរជាតិ ប្រសិនបើមហាអំណាចចាស់និងមហាអំណាចថ្មី មិនយល់គ្នាអំពីអភិបាលកិច្ចនិងការដឹកនាំនៅក្នុងប្រព័ន្ធអន្តរជាតិ។

ការរះឡើងរបស់ចិននៅទ្វីបអាស៊ី និងកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក គឺជាភាពចលាចលភូមិសាស្ត្រនយោ​បាយដ៏ធំដែលសហរដ្ឋអាម៉េរិកត្រូវប្រឈមមុខ។ បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញថា ការធ្វើសមាហរណកម្មមហាអំណាចដែលទើបរះឡើងថ្មីទៅក្នុងប្រព័ន្ធអន្តរជាតិមិនមែនជាការងារងាយស្រួលនោះទេ។ មហាអំណាចដែល​ងើបឡើងថ្មីនេះ មាននិន្នាការពង្រីកវិសាលភាពនៃសកម្មភាពរបស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីទទួលបាននូវវត្ថុធាតុដើម ទីផ្សារ និងមូលដ្ឋានយោធា ហើយនៅក្នុងដំណាក់កាលនៃការពង្រីកនេះ ប្រទេសចិនបានពង្រីកសកម្មភាពនិងសហគ្រាស​​របស់ខ្លួននៅក្នុងប្រទេសជាច្រើន ជាពិសេស បន្ទាប់ពីការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI)។ ដើម្បី​ធានាដល់ការវិនិយោគ និងគមនាគមន៍ផ្លូវសមុទ្រ ប្រទេសចិនកំពុងពង្រឹងសមត្ថភាពពង្រីកអំណាចរបស់ខ្លួន។ ការពង្រីកកងនាវារបស់ចិនបង្កជាការប្រឈមដល់សហរដ្ឋអាម៉េរិកក្នុងនាមជាមហាអំណាចកងទ័ពជើងទឹកមុនគេ និង «អនុត្តរភាពដែនសមុទ្រ»របស់សហរដ្ឋអាម៉េរិក។

ក្នុងន័យនេះ ចិនដែលជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជានិងជាប្រទេសដែលមានកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផងនោះ ទំនាក់ទំនងល្អជាមួយចិន កម្ពុជាពិតជាទទួលបាននូវផលប្រយោជន៍ដ៏មហាសាល ទាំងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ប៉ុន្តែ កម្ពុជាក៏គួរតែរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបនិងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចផងដែរ។

យើងត្រូវដឹងថា ចិន ត្បិតមានសេដ្ឋកិច្ចធំ មានការអភិវឌ្ឍលឿនខ្លាំង និងមានប្រទេសដៃគូច្រើនក៏ពិតមែន ប៉ុន្តែ ចិនមិន​មានសម្ព័ន្ធមិត្តច្រើនទេ ហើយចិនក៏កំពុងមានភាពរកាំរកូសមួយផ្នែកជាមួយរដ្ឋភាគីសមុទ្រចិនខាងត្បូងនៅអាស៊ាន មួយផ្នែកជាមួយឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលជាប្រទេសជិតខាងចិន ហើយប្រទេសទាំងនោះកំពុងក្លាយជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក។ បើយើងនិយាយពីសហភាពអឺរ៉ុប    និងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចវិញ ពួកនេះជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រជាប្រពៃណីរបស់សហរដ្ឋអាម៉េរិក ថ្វីត្បិតបច្ចុប្បន្ន ដៃគូសម្ព័ន្ធមិត្តទាំងពីរមានការខ្វែគំនិតគ្នាខ្លះលើសេណារីយោមួយចំនួន ប៉ុន្តែ ក្នុងកាលៈទេសៈចាំបាច់ណាមួយ ពួកគេចាប់គ្នាភ្លាមនិងគាំទ្រគ្នាទៅវិញទៅមក, សហភាពអឺរ៉ុបតែងបន្ទរតាមសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកតែងគាំទ្រសហភាពអឺរ៉ុប។

ជាសេចក្តីសន្និដ្ឋាន ក្នុងជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសរបស់ខ្លួន កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ ត្រូវតែជានយោបាយដែលឆ្លាតវៃដើម្បីទាញផលប្រយោជន៍​ជាអតិបរិមាសម្រាប់ប្រជាជាតិយើង។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសទន់ភ្លន់តែមិនទន់ជ្រាយ បត់បែនតែមិនលក់អធិបតេយ្យនិងឯករាជ្យជាតិ។ នយបាយការបរទេសកម្ពុជា ជានយោបាយផ្កាចម្រុះពណ៌និងរីកគ្រប់​រដូវ។ ក្នុងទំនាក់ទំនាក់ការបរទេសវិញ កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាត្រូវការនូវពិពិធភាពទីផ្សារនិងការទូតដើម្បីសន្តិភាព ស្ថិរភាព      មិត្ត​​​ភាព វិបុលភាព និងការអភិវឌ្ឍ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យ​អំពី​សកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើ​តាម​ប្រសាសន៍​របស...

2018-08-16 10:39:38   ថ្ងៃព្រហស្បតិ៍, 16 សីហា 2018 ម៉ោង 05:39 PM
«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»

កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេ...

2018-08-14 14:18:47   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 09:18 PM
«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យ​​សភា​កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...

2018-08-14 11:34:09   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 06:34 PM
«កិច្ចសហប្រតិបត្តិការរវាងមូលនិធិខុនរ៉ាដ អាដិនណូអ៊ែររបស់អាល្លឺម៉ង់ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...

2018-08-13 09:03:09   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 04:03 PM
«ជំនួបដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យក្វាងតុង ...»

គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅ​តែ​​ជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បី​តែ​គ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជន​នានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...

2018-08-13 08:02:14   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 03:02 PM
«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី...

2018-08-10 07:03:16   ថ្ងៃសុក្រ, 10 សីហា 2018 ម៉ោង 02:03 PM

សេចក្តីប្រកាស