ព័ត៌មាន

«ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ»

2018-09-28 10:17:59 ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 05:17 PM
អ្នកមើល 3974
post_detail

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ខាងមុខ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ ឯកឧត្ដម ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ តួកគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងយកចិត្តទុកដាក់រួមក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ព្រមទាំងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងនានាដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកសក្ដានុពលថ្មីៗក្នុងការជម្រុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុ ស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី» ហើយក៏នឹងមានសន្និសីទសារព័ត៌មានផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលតួកគី បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០១៣មកម្ល៉េះ ហើយចាប់ពីឆ្នាំ១៩៩២មក សាធារណរដ្ឋតួកគីធ្លាប់បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤៨ កន្លែងមកហើយ៕

ដកស្រង់ពី៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និង គេហទំព័រក្រសួងការបរទេសតួកគី

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស