ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជួយអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍»

2020-08-27 05:19:57 ថ្ងៃព្រហស្បតិ៍, 27 សីហា 2020, 05:19 AM
post_detail

(ទីស្តីការក្រសួងទេសចរណ៍)៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តម​បណ្ឌិត​ ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​​​ ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេស​ចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរាជបណ្ឌិត្យសភាពកម្ពុជា។

ថ្លែងក្នុងឱកាសពិធីចុះអនុស្សរណៈយោយល់គ្នារវាងស្ថាប័នទាំងពីរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជានៅពេលនេះ ត្រូវបានមើលឃើញថា ជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេស នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាល និងផ្តល់ចំណេះដឹង ដល់មន្រ្តីជំនាញ យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ទាំងផ្នែកជំនាញ និងកិច្ចការស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយសមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍លើការជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅសម្រេចចក្ខុវិស័យ "បុគ្គលិកម្នាក់ ជំនាញមួយ" និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក ជាពិសេសបង្កើនភាពជាដៃគូក្នុងការរៀបចំឱ្យមានការបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមស្តង់ដាអាស៊ាន តំបន់ និងអន្តរជាតិ និងជាដៃគូក្នុងការជំរុញផ្នែកសិក្សាស្រាវជ្រាវ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្របកដោយគុណភាព និរន្តរភាព និងបរិយាបន្ន។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កន្លងមក ក្រសួងទេសចរណ៍បានកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក។ ជាពិសេសក្រសួងទេសចរណ៍ បានកំពុងសហការជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងដៃគូរអភិវឌ្ឍផ្សេងៗទៀត ដើម្បីជំរុញការកសាងសា​លា​ជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបន្តសហការជាមួយសាលាបណ្តុះបណ្តាល ឯកជន និងវិស័យឯក​ជនដើម្បីរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍ បានកំពុងជំរុញឱ្យសាលាបណ្តុះបណ្តាល និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាមស្តង់ដាអាស៊ានផងដែរ។ លើសពីនេះទៅទៀត ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ក្រសួងទេសចរណ៍ បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានដើម្បីជួយដល់ការតាមដានតម្រូវការទីផ្សារជំនាញ និងសមត្ថភាពរបស់អ្នកបម្រើការ​ងារ​នៅក្នុងវិស័យទេសចរណ៍ ជាពិសេសជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេស​ចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដែលអាចឱ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍អាចធ្វើការសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាច ពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។ ក្នុងនោះ ក្រសួងទេសចរណ៍ បានបង្កើត ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) www.tptd.org ដែលជាប្រព័ន្ធមួយ ត្រូវបាន រៀបចំឡើងសម្រាប់ជួយដល់វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រយៈពេលវែង ហើយជាប្រព័ន្ធមួយដែលអាចប្រើប្រាស់ក្នុងការរក្សាទិន្នន័យអ្នកជំនាញទេសចរណ៍សម្រាប់តាមដានសមត្ថភាព និងជំនាញ និងជួយ ដល់ការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ និងការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាម​អន​ឡាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសជួយសម្រួលដល់ការផ្សារភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការជំនាញ និង កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍៕

RAC Media| រឿន ភរុន


អត្ថបទទាក់ទង

ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 08:11:13   Tue, 10,03,2020, 08:11 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...

2020-03-10 03:45:16   Tue, 10,03,2020, 03:45 AM
ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...

2020-03-09 09:51:47   Mon, 09,03,2020, 09:51 AM
ទិវានារីអន្តរជាតិ International Women's Day: IWD ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

2020-03-08 05:23:48   Sun, 08,03,2020, 05:23 AM
ជប៉ុនទិញកក់ពីខ្មែរ ដើម្បីកែច្នៃជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ

(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន...

2020-03-07 02:26:55   Sat, 07,03,2020, 02:26 AM
«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភា...

2020-03-06 06:31:15   Fri, 06,03,2020, 06:31 AM

សេចក្តីប្រកាស