Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ដោយបានពិនិត្យមើលឃើញថា ក្នុងពេលកន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរមិនទាន់មានការឯកភាពគ្នានៅឡើយ ហេតុនេះក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» ដើម្បីស្វែងរកមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធនានានឹងការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសារណនាម ដើម្បីពង្រីកគំនិតនិងទស្សនៈក្នុងការកែលម្អនិងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ខែ្មរ។
នៅកិច្ចពិភាក្សាតុមូលដែលបានប្រារព្ធរៀបចំឡើងនៅក្នុងសាលមរតកសិល្បៈខ្មែរ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានថ្លែងថា ក្នុងសម័យសកលភាវូបនីយកម្ម ការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសាធារណនាមខ្មែរមានភាពចាំបាច់។ ក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ឈ្មោះជាអក្សរឡាតាំងក៏ចាំបាច់ណាស់ដែរ ក្នុងការធ្វើលិខិតអត្រានុកូលដ្ឋាន លិខិតឆ្លងដែនជាដើម។ ម្យ៉ាងទៀត តម្រូវការសរសេរឈ្មោះខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជាអក្សរឡាតាំងក៏មានភាពចាំបាច់ដូចគ្នា។
ជាក់ស្តែង ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានលើកឡើងបន្ថែមថា៖«កន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរ មិនទាន់មានឯកភាពគ្នានៅឡើយទេ។ ចំពោះការកត់សូរ ឈ្មោះខេត្តតាកែវ មានសំណេរដោយប្រើអក្សរឡាតាំងច្រើនបែប «Takeo» «Takaev» និង «Takev» រីឯឈ្មោះខេត្តក្រចេះ មានសំណេរដោយប្រើអក្សរឡាតាំង«Kratie» និង «Krachech»។ ហេតុនេះកិច្ចពិភាក្សាតុមូលនេះ នឹងបង្ហាញដល់សាធារណជនអំពីប្រវត្តិ ទំនោរ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងការប្រើអក្សរឡាតាំង សម្រាប់សរសេរអសាធារណនាម និងសំណើដំណោះស្រាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បន្ទាប់ពីកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រំពឹងជឿជាក់ថា នឹងទទួលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការប្រើប្រាស់អក្សរឡាតាំង សម្រាប់សរសេរអសាធារណនាមដើម្បីពង្រីកគំនិត និងទស្សនៈក្នុងការកែលម្អ និងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ជនជាតិខ្មែរ ដែលជាម្ចាស់ភាសាអាចទទួលយកបានដោយសុទ្ធចិត្ត។
សមាសភាពអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលនេះ រួមមាន៖ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនមកពីក្រសួងពាក់ព័ន្ធ ក្រសួងអប់រំ, ក្រសួងផែនការ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីស្រាវជ្រាវ និងនិស្សិតសរុបចំនួនប្រមាណ ១០០នាក់៕
RAC MEDIA | រឿន ភារុន
នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...
យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសប្រ...
តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យ...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខ...
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ...