ព័ត៌មាន

«រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចុប្បន្ន វិស័យទេសចរណ៍សហគមន៍ ត្រូវបានពិភពលោកបន្តយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំង»

2018-09-28 09:24:04 ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 04:24 PM
អ្នកមើល 5802
post_detail

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រឹត្តិការណ៍​ពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០១៨ (Japan Tourism Expo 2018) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកិច្ចប្រជុំតុមូលរដ្នមន្ត្រីទេសចរណ៍លើកទី២ លើកយកប្រធានបទតែមួយគត់មកពិភាក្សាគ្នាយ៉ាងល្អិតល្អន់ស៊ីជម្រៅ គឺ​ «និរន្តរភាពទេសចរណ៍ ដើម្បីអភិវឌ្ឍសហគមន៍ (Sustainable Tourism for Community Development)»។

កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍លើកទី២នេះ បានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះក៏មានការចូលរួមពីរដ្ឋមន្រ្តីមកពី ១៩ប្រទេស និងពីតំណាងអង្គការអន្តរជាតិធំៗ រួមមាន៖ លោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោកស្រី Gloria Guevara ប្រធានអង្គការទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) និងលោក Mario HARDY អគ្គនាយកនៃសមាគម Pacific Association of Travel Agents (PATA) និងលោក Shannon Stowell ប្រធានសមាគមទេសចរណ៍ផ្សងព្រេង (Adventure Tourism Association= ATA)។  កម្មវិធីនេះ ធ្វើឡើងដើម្បី​ចែករំលែកបទពិសោធន៍ ពិភាក្សាគ្នារិះរកយន្តការ និងយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស និងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីរូបមន្តគំរូ 4Ps ដែលបានរកឃើញនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាសាកល៖

  • P1= Public (ផ្នែកសាធារណៈ)៖ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវចូលទស្សនា) រៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា និងច្បាប់ដើម្បីគាំទ្រ ការពារសហគមន៍។ល។
  • P2= Partnership (ដៃគូអភិវឌ្ឍន៍)៖ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក (PATA) Wild Life Alliance និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ការផ្សព្វផ្សាយពីសហគមន៍ដែលមានការទទួលខុសត្រូវ តាមរយៈបណ្តាញសហគមន៍អន្តរជាតិ។
  • P3= Private (ផ្នែកឯកជន)៖ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានការទទួលខុសត្រូវទៅកាន់សហគមន៍ទេសចរណ៍ និងអាចជួយពិចារណានាំ គម្រោងវិនិយោគខ្នាតតូច (Small Scale) ដូចជា Eco-lodges មកកាន់សហគមន៍។
  • P4= People (ប្រជាសហគមន៍ និងទេសចរ)៖ ប្រជាសហគមន៍ជាបញ្ហាគន្លឹះ ពួកគាត់ត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ។

អត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍ រួមមាន៖ ចំណូលពីសេវាកម្មផ្ទះស្នាក់ ការធ្វើមគ្គុទេសក៍ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងការផ្គត់ផ្គង់ភេសជ្ជៈ និងសេវាកម្មដឹកជញ្ជូន។ល។ ចំពោះអ្នកទេសចរក្នុងស្រុក និងទេសចរអន្តរជាតិ ពួកគេក៏ត្រូវឆ្លងកាត់ការអប់រំឱ្យបានល្អអំពីដំណើរទេសចរណ៍ប្រកបដោយការទទួលការខុសត្រូវគោរពប្រពៃណីទំនៀមទម្លាប់របស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចការពារបរិស្ថាន និងធម្មជាតិ។ គួររំឭកថា គន្លឹះនៃនិរន្តរភាពទេសចរណ៍ដើម្បីអភិវឌ្ឍន៍សហគមន៍ គឺការបែងចែកអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ប្រកបដោយសមធម៌ (équitable benefit sharing)។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាស៊ានក៏បានដាក់ចេញស្តង់ដាទេសចរណ៍ជាច្រើន សំដៅធានាបាននូវផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ដូចជា ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន។ ដោយឡែក ក្នុងចំណោមស្តង់ដាទាំងនោះ កម្ពុជាមានកិត្តិយសក្នុងនាមជាប្រទេសនាំមុខ ក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាទីក្រុងស្អាតអាស៊ាន។ ស្របជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំឱ្យមានស្តង់ដារបស់ខ្លួន ដើម្បីធានាគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សំដៅធានាឱ្យបាននូវទេសចរណ៍ប្រកបដោយនិរន្តរភាព។

ម្យ៉ាងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបអង្គវេទិកាថា ដោយកម្ពុជាមានសហគមន៍ជាង ២ ០០០កន្លែង ដែលបានចុះបញ្ជីក្នុងស្ថាប័នផ្សេងគ្នា ដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធាន​ទឹក និងឧតុនិយមជាដើម និងដោយពិនិត្យឃើញថា ក្នុងចំណោមសហគមន៍ទាំងអស់នោះ ក៏អាចមានសហគម៍ខ្លះមានសក្តានុពលអាចអភិវឌ្ឍន៍បន្ថែមជាសហគមន៍ទេសចរណ៍ ដែលអាចរកចំណូលបន្ថែមពីសកម្មភាពទេសចរណ៍ជូនសហគមន៍បាន។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតឱ្យមានក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងទេសចរណ៍ជាប្រធាន ក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធផ្សេងទៀតជាសមាជិក ដើម្បីពិនិត្យមើលជាក់ស្តែង ក្នុងគោលបំណងសំខាន់អភិវឌ្ឍន៍ទៅជាសហគមន៍ទេសចរណ៍នេះ។ កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ស្តាប់ កោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានចែករំលែកបទពិសោធន៍នេះ៕

ប្រភព: ក្រសួងទេសចរណ៍ រូបភាពៈអុិនធើណែត

RAC Media |​ ហេង​ សុភី




អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយនឹងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រច...

2024-08-06 09:29:16   ថ្ងៃអង្គារ, 06 សីហា 2024 ម៉ោង 04:29 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំប្រចាំខែ​នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជ...

2024-08-06 03:59:28   ថ្ងៃអង្គារ, 06 សីហា 2024 ម៉ោង 10:59 AM
បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-03 00:48:12   ថ្ងៃសៅរ៍, 03 សីហា 2024 ម៉ោង 07:48 AM
អ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម គូសបញ្ជាក់អំពីហេតុផលដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:27:12   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:27 PM
បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:23:45   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:23 PM
បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងនូវមូលដ្ឋាន៤ ដែលកម្ពុជាអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរ...

2024-08-02 11:29:20   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:29 PM

សេចក្តីប្រកាស