ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិ»

2020-07-31 05:57:28 ថ្ងៃសុក្រ, 31 កក្កដា 2020, 05:57 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពី តើសមាជិកបម្រុងត្រូវត្រៀមខ្លួននិងធ្វើអ្វីខ្លះនៅពេលបន្ទាប់? ដើម្បីផ្តល់ឱកាសជូនដល់សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំពិភាក្សារួមគ្នា ដើម្បីស្វែងរកគំនិតដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិជូនរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនាសាលប្រជុំសម្តេចសង្ឃរាជ ជួន ណាត នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានមាន ប្រសាសន៍ថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិដែលមានចំណេះជំនាញ សញ្ញាបត្រថ្នាក់បណ្ឌិត បទពិសោធន៍ជ្រៅជ្រះលើការងារជាក់ស្តែង និងមានស្នាដៃឯកសារសៀវភៅបោះពុម្ពផ្សាយច្បាស់លាស់របស់ខ្លួន។ តាមរយៈចំណេះជំនាញ និងបទពិសោធន៍ការងារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់នឹងក្លាយជាធនធានដ៏ចំណាន មានគំនិតដ៏ប្រពៃដែលអាចប្រមើមើលធ្លុះពីស្ថានភាពរបស់សង្គមជាតិ អន្តរជាតិនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដើម្បីចូលរួមផ្តល់គំនិត រកដំណោះស្រាយបញ្ហាប្រឈមលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់មនុស្សបន្តវេនជំនាន់បន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងទាំង ១៣នាក់បន្ថែមទៀតដែលទើបត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នឹងផ្តល់គំនិតជាធាតុចូលពីការសិក្សាស្រាវជ្រាវលើវិស័យអាទិភាពនានាតាមបែបវិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយនិរន្តិរភាពឱ្យស្របនឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានភារកិច្ចដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី ហើយអ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត និងស្រាវជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ហើយក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ក្រើនរម្លឹកបញ្ជាក់ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាមានទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

សរុបរហូតមកដល់ពេលបច្ចុប្បន្ននេះ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់ (សមាជិកបម្រុង ទទួលបានការតែងតាំងឆ្នាំ២០១៦ ចំនួន ៦រូប, ឆ្នាំ២០១៨ ចំនួន ៩រូប និងនៅឆ្នាំ២០២០ ចំនួន ១៣រូប)។ បញ្ញាជនដែលសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានសញ្ញាបត្រថ្នាក់បណ្ឌិត រយៈពេលលើសពី១០ឆ្នាំ មានស្នាដៃឆ្នើមក្នុងការងារសិក្សាស្រាវជ្រាវ មានក្រមសីលធម៌វីជ្ជាជីវៈល្អ និងកំពុងធ្វើការងារលើជំនាញរបស់ខ្លួន(ចាប់ពី១០ឆ្នាំឡើង) អាចស្នើសុំដាក់ពាក្យស្នើសុំចូលជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគុណតម្លៃរបស់លោកខាងលិចដែរឬទេ?

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុ...

2021-02-08 11:15:27   Mon, 08,02,2021, 11:15 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «អាម៉េរិកជាចម្បង ឬ America First» មិនមែនទើបតែអនុវត្តដោយលោក ដូណាល់ ត្រាំ នោះទេ តែទ្រឹស្ដីរបៀបនេះ ធ្លាប់ត្រូវបានរុស្ស៊ីអនុវត្តរួចទៅហើយនៅក្នុងសម័យសហភាពសូវៀត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំឬបស់លោក ចូ បៃដិន?» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យ...

2021-02-08 10:10:30   Mon, 08,02,2021, 10:10 AM
«លោកបណ្ឌិត មាស នី៖ ទោះបីមានយុទ្ធសាស្ត្រផ្សេងគ្នា សហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់គោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ »

(រាជបណ្ឌិត្យសភាកម្ពុជា) លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានមើលឃើញថា បើទោះបីជាសហរដ្ឋអាម៉េរិកផ្លាស់ប្តូរមេដឹកនាំក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្...

2021-02-08 09:02:29   Mon, 08,02,2021, 09:02 AM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ ណែនាំថ្នាក់ដឹកនាំវិទ្យាស្ថាននិងអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ឱ្យធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវរៀបចំផែនការសកម្មភាព និង​...

2021-02-05 08:16:46   Fri, 05,02,2021, 08:16 AM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...

2021-02-05 08:11:41   Fri, 05,02,2021, 08:11 AM
ពិធីសែនដកជើងធូប ដោយ បណ្ឌិត ចាន់ ប៊ុន្នី, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-04 09:05:17   Thu, 04,02,2021, 09:05 AM

សេចក្តីប្រកាស