ព័ត៌មាន

ការបោះឆ្នោតមុនអាណត្តិនៅប្រទេសសិង្ហបុរី ដោយ​៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-07-15 13:54:20 ថ្ងៃពុធ, 15 កក្កដា 2020, 01:54 PM
post_detail

ប្រទេសសិង្ហបុរី បានសម្រេចចិត្តរំលាយសភា និងបោះឆ្នោតមុនបញ្ចប់អាណត្តិ តាមការ ស្នើសុំរបស់លោក នាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក លី ស៊ានឡុងបានថ្លែងថា ការបោះឆ្នោតមុនអាណត្តិនៅពេលនេះ នឹងលុបចោល បញ្ហាដែលនៅសេសសល់ ហើយវានឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតសំខាន់លើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានាដែលត្រូវធ្វើ។

នៅមុនធ្វើសេចក្ដីសម្រេចចិត្តនេះ នាយករដ្ឋមន្ត្រី លី ស៊ានឡុង បានអះអាងថា លោកត្រូវតែធានារឿង២ឱ្យបាន នោះគឺ ទីមួយអ្នកបោះឆ្នោតអាចទៅបោះឆ្នោតដោយសុវត្ថិភាព ទោះបី ប្រទេសនេះធ្លាក់ក្នុងស្ថានភាពនៃជំងឺកូវិដក៏ដោយ ហើយរឿងទីពីរ គឺ គណបក្សនយោបាយ អាចធ្វើយុទ្ធនាការឃោសនាដោយមិនមានការព្រួយបារម្ភអ្វីឡើយ។

បន្ទាប់ពីលោក លី ស៊ានឡុង ប្រកាសដូចនេះមក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីក៏បានប្រកាស ថា លោកស្រី Halimah Yacob ប្រធានាធិបតីបានសម្រេចរំលាយសភា ហើយនៅពេលនោះ ការកំណត់ឱ្យជ្រើសរើសបេក្ខជនឈរឈ្មោះសមាជិកសភា នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ចំណែកការបោះឆ្នោត ត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោត សម្រេចយកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

បើតាមការណ៍ពិត អាណត្តិនៃរដ្ឋាភិបាលបច្ចុប្បន្ន ដែល លោក លី ស៊ានឡុង ធ្វើជានាយករដ្ឋមន្ត្រី នឹងត្រូវផុតនៅខែមេសា ឆ្នាំ២០២១ និងបើតាមច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បើសភាផុតអាណត្តិតាមនីតិកាលរបស់ខ្លួន ការរៀប​ចំការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល៣ខែបន្ទាប់ពីចប់អាណត្តិ ហើយក្នុងរយៈពេលនេះសមាជិកសភានៅ​តែស្ថិតនៅក្នុងអាសនៈរបស់ខ្លួនដដែល។

ការបោះឆ្នោតសភាលើកទី១៣នាថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ របស់ប្រទេសសិង្ហបុរីនេះ ជាការរៀប​ចំការបោះឆ្នោតមួយ ដែលអាចចាត់ទុកថា មានលក្ខណៈជា ប្រវត្តិសាស្ត្រ។ តាមរយៈការបោះឆ្នោតនេះ សិង្ហបុរីនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលមិនមែន ត្រកូលលី។ ហើយក៏ជាលើកទីមួយដែរ គិតចាប់តាំងពីសិង្ហបុរីបានទទួលឯករាជ្យមក ដែល​គ្រួសារត្រកូលលី មិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតទៅទៀត។

ប៉ុន្តែ អ្វីដែលគួរកាន់តែចាប់អារម្មណ៍ និងជាលក្ខណៈពិសេសនៃការបោះឆ្នោតលើកនេះ រហូតដល់ថា្នក់គេចាត់ទុកថាជាការបោះឆ្នោតជាប្រវត្តិសាស្ត្រនោះ គឺ លោក លី ស៊ានឡុង មិនឈរឈ្មោះជានាយករដ្ឋមន្ត្រីទៀតទេ។ គ្រួសារត្រកូល​លី​ ដែលជាអ្នកដឹកនាំរដ្ឋាភិបាលបន្តគ្នាតាំងពីសិង្ហបុរីបានទទួលឯករាជ្យនៅឆ្នាំ១៩៦៥មក បែរជាអវត្តមាននៅក្នុងការបោះឆ្នោតសភាឆ្នាំនេះ។

នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក លី ស៊ានឡុង ដែលបានក្លាយជាប្រមុខ ដឹកនាំរដ្ឋាភិបាលសិង្ហបុរីតាំងពីឆ្នាំ២០០៤មក និងជាបុរសខ្លាំងទីពីរក្នុងរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩០ ធ្លាប់បានប្រកាសថា គាត់នឹងមិនឈរឈ្មោះជានាយករដ្ឋមន្ត្រីទៀត​ទេនៅពេលគាត់មានអាយុ ៧០ឆ្នាំ។ ថ្ងៃនេះពាក្យសន្យានោះបានក្លាយជាពាក្យពិត។

លោក លី ស៊ានឡុង ជាកូនប្រុសរបស់លោក លី ក្វាន់យូ ដែលជាបិតាស្ថាបនាសិង្ហបុរីដ៏តូច និងក្រីក្របំផុតមួយ ដែលបានដឹកនាំឱ្យក្លាយជាប្រទេសអ្នកមានលំដាប់ ជួរមុខនៅលើពិភពលោក ក្នុងរយៈពេលតែពីរបីទសវត្សរ៍ប៉ុណ្ណោះ។ លោក លី ក្វាន់យូ បានធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរីរយៈពេល៣១ឆ្នាំ។ លោកបានលាលែងពីតំណែង បន្ទាប់មកលោក​លី ស៊ានឡុង ជាកូនប្រុសរបស់គាត់បានក្លាយជានាយករដ្ឋមន្ត្រី។ ថ្វីបើគាត់ជានាយករដ្ឋមន្ត្រីប្រសូតចេញពីការបោះ​ឆ្នោត​​​មែន តែមើលទៅដូចជាការបន្តមរតក បន្តត្រកូលបែបរាជវង្សដែរ។

ថ្ងៃនេះ គណបក្សកាន់អំណាច ដែលធ្លាប់តែដឹកនាំប្រទេសជាប់រហូតតាំងពី៥៥ឆ្នាំមក បានឈ្នះឆ្នោតទៀត តែត្រកូល​លី គ្មានតំណាងឈរឈ្មោះទៀតទេ។

តាមការណ៍ពិត ត្រកូលលី នៅមានកូនប្រុសម្នាក់ទៀត មានឈ្មោះថា លោក លី ស៊ានយ៉ាងយ៉ង់ មានឈ្មោះនៅក្នុងការបោះឆ្នោតដែរ ប៉ុន្តែ កូនពៅរបស់លោក លី ក្វាន់យូ បែរជាងាកទៅគាំទ្រគណបក្សប្រឆាំងវិញ។ លោក លី ស៊ានយ៉ាង (Lee Hsien Yang) បានសម្រេចចិត្តចូលរួមជាមួយគណបក្ស Progress Singapore Party ដែលជាបក្សប្រឆាំងមួយ​ដឹកនាំដោយលោក តាន់ ឆេងបក់ (Tan Cheng Bock) តែមិនទាន់ទទួលបានបានអាសនៈនៅក្នុងសភានៅឡើយនៅក្នុងអាណត្តិនេះ។

 

ការបំបែកផ្លូវនយោបាយនេះ មិនមែនកើតឡើងដោយស្ងៀមៗគ្មានមូលហេតុនោះទេ។ តាមពិតប្អូនប្រុសនាយករដ្ឋមន្ត្រីផុតអាណត្តិ ធ្លាប់ចេញមុខជាសាធារណៈ លាតត្រដាងអំពី ជម្លោះជាមួយបងប្រុស ដែលចង់យកផ្ទះកំណើតរបស់ឪពុកទៅធ្វើជាសារមន្ទីរ ផ្ទុយពីបណ្តាំ ឪពុកដែលចង់ឱ្យវាយផ្ទះនោះចោល ដើម្បីកុំឱ្យមានការលើកទឹកចិត្តយកឈ្មោះលោកទៅបម្រើជាប្រយោជន៍នយោបាយ។

បើតាមរយៈទំព័រហ្វេសប៊ុក និងវីដេអូជាច្រើន ព្រមទាំងបទសម្ភាសន៍ជាមួយសារព័ត៌ មានក្នុងស្រុក កូនប្រុសត្រកូល​លី លោក លី ស៊ានយ៉ាង បានចេញមុខរិះគន់ ការរៀបចំបោះឆ្នោតសភាលើកនេះ ដោយអះអាងថា ពលរដ្ឋសិង្ហបុរីត្រូវ​​បង្ខំចិត្តចេញទៅបោះឆ្នោត បើទោះបីពួកគេចង់នៅក្នុងផ្ទះដើម្បីសុវត្ថិភាពក៏ដោយ។ សម្រាប់លោក លី ស៊ានយ៉ាង ដែលងាកទៅគាំទ្រគណបក្សទើបបង្កើតថ្មី បានលើកឡើងថា «គណបក្សកាន់អំណាច ដែលមានឈ្មោះថា People Action​’s ​Party លែងជាគណបក្សរបស់ឪពុករបស់លោកទៀតហើយ»។ គណបក្សនេះ លែងមានផ្លូវ លែងជាសំ​ឡេង​​របស់ប្រជាពលរដ្ឋ គិតគូរតែពីប្រយោជន៍អ្នកមាន។ លោកក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ។

គណបក្ស People Action’s Party ដែលដឹកនាំប្រទេសសិង្ហបុរីតាំងពីឆ្នាំ១៩៦៥ មក ទទួលបានអាសនៈច្រើនបំផុតក្នុង​សភា ពោលគឺទទួលបានចំនួន៨៣ ក្នុងចំណោមអាសនៈ សរុបទាំងអស់៩៣អាសនៈ ឬក៏ស្មើនឹង ៦១,២% នៃសំឡេងឆ្នោតសរុប។ ទោះបីជាយ៉ាងណា ក៏ដោយ លទ្ធផលនេះមានចំនួនតិចជាងជ័យជម្នះនៃបោះឆ្នោតកាលពីឆ្នាំ​២០​១៥ ដែលកាល ណោះ បក្សកាន់អំណាចចាស់វស្សានេះ ទទួលបានសំឡេងគាំទ្រសឹងតែជិត ៧០%ឯណោះ។

គណបក្ស People Action’s Party ដែលជាបក្សកាន់អំណាចសិង្ហបុរី ទទួលបានសំឡេងភាគច្រើនជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ ទោះបីជាលទ្ធផលបង្ហាញថា បក្សនេះ នៅអាចរក្សាអំណាចបានយ៉ាងណាក៏ដោយ ក៏គេមើលឃើញថា សំឡេងគាំទ្រភាគច្រើនរបស់បក្សចាស់វស្សាមួយនេះបានធ្លាក់ចុះ ខណៈពេលដែលបក្សប្រឆាំង អាចដណ្តើមយកបានសំឡេងគាំទ្រខ្លះមកវិញ។

ទោះបីជាមិនទទួលបានជោគជ័យយ៉ាងណាក្តី ក៏គណបក្សពលករដែលជាបក្សប្រឆាំង សិង្ហបុរី ទទួលបានលទ្ធផលល្អជាងពេលមុនៗ ក្នុងការបោះឆ្នោតសភានាឆ្នាំ២០២០នេះ ដោយកើនសំឡេងគាំទ្រ និងទទួលបានអាសនៈចំនួន ១០។

នេះជាការផ្លាស់ប្តូរមួយយ៉ាងសំខាន់របស់ប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់លោក លី ស៊ានឡុង ដើម្បីលុបចោលបញ្ហាដែលនៅសេសសល់ ហើយនឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់ រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតជាសំខាន់ទៅលើកិច្ចការជាតិ និងការ​សម្រេចចិត្តដ៏លំបាកនានា ដែល នឹងត្រូវដោះស្រាយនាពេលខាងមុខ ដើម្បីស្តាសេដ្ឋកិច្ចជាតិឡើងវិញក្រោយការប៉ះពាល់ដោយ ការរីករាលដាលនៃ Covid-19 ប៉ុន្តែ ការបញ្ចប់មុនអាណត្តិក្នុងកាលៈទេសៈបែបនេះ និងការបែកបាក់នៃគ្រួសារត្រកូលលី បានធ្វើឱ្យម្ចាស់ឆ្នោតមានការស្ទាក់ស្ទើរក្នុងការជ្រើសរើសមេដឹកនាំចេញពីបក្សកាន់អំណាច ហើយ​ងាក​​ទៅរកបក្សប្រឆាំងដែលមានគោលនយោបាយថ្មី ជាហេតុធ្វើឱ្យបក្សប្រឆាំងមានឱកាសអាចដណ្តើមបាន១០​អាសនៈ​នៅក្នុងសភាអាណត្តិនេះ និងអាចកើនបន្ថែមនៅអាណត្តិបន្តបន្ទាប់ទៀត៕

---------------------------------------------------

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   Sun, 08,04,2018, 11:52 AM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   Sun, 08,04,2018, 11:39 AM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   Wed, 14,03,2018, 06:47 AM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   Wed, 14,03,2018, 06:36 AM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   Wed, 14,03,2018, 06:32 AM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   Wed, 14,03,2018, 06:26 AM

សេចក្តីប្រកាស