ព័ត៌មាន

សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានី​និង​ទីក្រុងបុរាណ​នៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប ដោយ៖ ហៀង លាងហុង

2020-07-14 09:57:43 ថ្ងៃអង្គារ, 14 កក្កដា 2020 ម៉ោង 04:57 PM
អ្នកមើល 4323
post_detail

រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន សុរាវនិត)

កាលពីថ្ងៃសុក្រ ទី៣ ដល់ថ្ងៃច័ន្ទ ទី៦ ខែកក្កដា គ.ស.២០២០ ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវគឺ លោកបណ្ឌិត ហេង ហុកវេន លោក សាន សុរាវនិត លោក ហៀង លាងហុង និង លោក ហូត រ៉ា ចុះស្រាវជ្រាវដល់ទីតាំងអតីតរាជធានីខ្មែរសំខាន់ៗនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោល​បំណង​នៃការស្រាវជ្រាវគឺដើម្បីសិក្សាពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ក៏ដូចជាប្រមូលព័ត៌មាន និងទិន្នន័យថ្មីៗបន្ថែម សម្រាប់ជាមូល​ដ្ឋាន​ក្នុងការរៀបចំនិងចងក្រងឯកសារប្រវត្តិសាស្រ្តខ្មែរមួយស្តីពី «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ»។

ក្រុមស្រាវជ្រាវគម្រោងបានចុះសិក្សាដល់ទីតាំងអតីតរាជធានីខ្មែរបុរាណ ដូចខាងក្រោម៖

១. រាជធានីឦសានបុរៈ កសាងក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្តាលទី១ នៃសតវត្សទី៧ (គ.ស. ៦១៦ ដល់៦៣៧) ដែលសព្វថ្ងៃស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភាពល្បីល្បាញនៃអតីតរាជធានីឦសានបុរៈ គឺ បណ្តុំនៃប្រាសាទបុរាណជាច្រើនដែលសង់ឡើងអំពីឥដ្ឋ លើកលែងតែសមាសធាតុតុបតែងលម្អខ្លះ ដូចជា ផ្តែរទ្វារ សសរពេជ្រ មេទ្វារ ជាដើម គឺធ្វើអំពីថ្មភក់។ លក្ខណៈពិសេសនៃសិល្បៈនិងស្ថាបត្យកម្មរបស់សំណង់ប្រាសាទក្នុងសម័យកាលនេះ ត្រូវបានគេចាត់ទុកជារចនាបថសិល្បៈខ្មែរ ហៅថា “រចនាបថសំបូរព្រៃគុក”។ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៨ ខែកក្កដា គ.ស.២០១៧។ 

រូបភាពទី២៖ ក្រុមស្រាវជ្រាវថតនៅក្បែរប្រាសាទជ្រៃ នៃក្រុមប្រាសាទសំបូរព្រៃគុក 

រូបភាពទី៣៖ លោក សាន សុរាវនិត ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្តសង្ខេបនៃសម័យចេនឡា។ 

២. រាជធានីហរិហរាល័យ គឺជាអតីតរាជធានីអង្គរដ៏ធំដំបូងគេនៃអាណាចក្រអង្គរ ដែលកសាងឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ (គ.ស.៨០២ ដល់ ៨៥០) ។ អ្នកស្រាវជ្រាវបានចាត់ទុកព្រះបាទជ័យវរ្ម័នទី២ជាក្សត្រស្ថាបនិក​ទី១នៃអាណាចក្រអង្គរ។ មានព្រះរាជាចំនួន៣ព្រះអង្គ បានសោយរាជ្យជាបន្តបន្ទាប់នៅរាជធានីហរិហរាល័យ ក្រោយការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ គឺ ព្រះបាទជ័យវរ្ម័នទី៣ (គ.ស.៨៥០ ដល់ ៨៧៧) ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ ដល់ ៨៨៩) និង ព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ ដល់ ៩០០) ជាបុត្រារបស់ព្រះបាទឥន្រ្ទវរ្ម័នទី១។ 

រូបភាពទី៤៖ ក្រុមស្រាវជ្រាវថតនៅក្នុងបរិវេណប្រាសាទបាគង ច្រកចូលខាងលិច

រូបភាពទី៥៖ លោកបណ្ឌិត ហេង ហុកវេន ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្ត នៃរាជធានីហរិហរាល័យ។  

៣. រាជធានីមហេន្រ្ទបព៌ត (ភ្នំគូលែន) ក្រោយការកសាងនិងរៀបចំរាជធានីហរិហរាល័យ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងរដ្ឋបានរួចរាល់ហើយ ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅប្រារព្ធពិធីទេវរាជានៅលើភ្នំគូលែន (សិលាចារឹកស្តុកកក់ធំ K. ២៣៥ ចារឹកថា មហេន្រ្ទបវ៌ត)។ ហើយព្រះអង្គបានគង់នៅរាជធានីមហេន្រ្ទបព៌តនេះ បន្ទាប់មកបានយាងត្រលប់មកគង់នៅរាជធានី​ហរិហរាល័យវិញ។ ក្នុងរយៈពេលព្រះអង្គគង់នៅមហេន្រ្ទបព៌ត ព្រះអង្គបានកសាងព្រះរាជវាំងសង់អំពីឥដ្ឋ (ដែលអ្នកស្រាវ​ជ្រាវ​ជាតិ​និងអន្តរជាតិបានកំណាយរកឃើញថ្មីៗកន្លងទៅ) ព្រមទាំងសង់ប្រាសាទតូចធំជាច្រើននៅរាយប៉ាយគ្រប់ទីកន្លែង​សំខាន់ៗលើខ្នងភ្នំគូលែន។ 

រូបភាពទី៦៖ ឯ.ឧ.បណ្ឌិត ជូ ច័ន្ទដារី ផ្តល់បទសម្ភាសន៍អំពី ទិដ្ឋភាពប្រវត្តិសាស្រ្តនៃភ្នំគូលែន ឬមហេន្រ្ទបព៌ត 

រូបភាពទី៧៖ ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិអន្លង់ធំ លើខ្នងភ្នំគូលែន អំពីស្ថានភាពជីវភាពរស់នៅនាពេលបច្ចុប្បន្នរបស់ពួកគាត់

RAC Media

អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងនូវមូលដ្ឋាន៤ ដែលកម្ពុជាអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរ...

2024-08-02 11:29:20   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:29 PM
បណ្ឌិត្យសភាចារ្យ សុខ ទូច៖ បរទេសឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-02 11:20:03   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:20 PM
ហេតុអ្វីប្រទេសមួយធ្វើវិទ្ធង្សនាប្រឆាំងនឹងប្រទេសដទៃ?

ដោយ៖ លឹម សុវណ្ណរិទ្ធ វិទ្ធង្សនា (Subversion) ជាសកម្មភាពដែលធ្វើឡើងដោយក្រុមបុគ្គល ឬក្រុមនយោបាយ ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋណាមួយ ប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសឬរដ្ឋមួយទៀត នៅក្នុងគោលដៅបំផ្លិច...

2024-07-30 03:56:27   ថ្ងៃអង្គារ, 30 កក្កដា 2024 ម៉ោង 10:56 AM
"សៀវភៅព្រះត្រៃបិដក១១០ក្បាល បានទទួលមកតម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា"

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ព...

2024-05-23 10:58:43   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2024 ម៉ោង 05:58 PM
ទ្រឹស្ដីវិទូ ចន ដេវី (John Dewey Theorist) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទ...

2024-05-23 03:07:49   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2024 ម៉ោង 10:07 AM
ហេតុអ្វីកម្ពុជាត្រូវមានឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូន?

ដោយ៖ លឹម សុវណ្ណារិទ្ធ ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទ...

2024-05-22 13:52:09   ថ្ងៃពុធ, 22 ឧសភា 2024 ម៉ោង 08:52 PM

សេចក្តីប្រកាស