ព័ត៌មាន

សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានី​និង​ទីក្រុងបុរាណ​នៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប ដោយ៖ ហៀង លាងហុង

2020-07-14 09:57:43 ថ្ងៃអង្គារ, 14 កក្កដា 2020, 09:57 AM
post_detail

រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន សុរាវនិត)

កាលពីថ្ងៃសុក្រ ទី៣ ដល់ថ្ងៃច័ន្ទ ទី៦ ខែកក្កដា គ.ស.២០២០ ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវគឺ លោកបណ្ឌិត ហេង ហុកវេន លោក សាន សុរាវនិត លោក ហៀង លាងហុង និង លោក ហូត រ៉ា ចុះស្រាវជ្រាវដល់ទីតាំងអតីតរាជធានីខ្មែរសំខាន់ៗនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោល​បំណង​នៃការស្រាវជ្រាវគឺដើម្បីសិក្សាពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ក៏ដូចជាប្រមូលព័ត៌មាន និងទិន្នន័យថ្មីៗបន្ថែម សម្រាប់ជាមូល​ដ្ឋាន​ក្នុងការរៀបចំនិងចងក្រងឯកសារប្រវត្តិសាស្រ្តខ្មែរមួយស្តីពី «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ»។

ក្រុមស្រាវជ្រាវគម្រោងបានចុះសិក្សាដល់ទីតាំងអតីតរាជធានីខ្មែរបុរាណ ដូចខាងក្រោម៖

១. រាជធានីឦសានបុរៈ កសាងក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្តាលទី១ នៃសតវត្សទី៧ (គ.ស. ៦១៦ ដល់៦៣៧) ដែលសព្វថ្ងៃស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភាពល្បីល្បាញនៃអតីតរាជធានីឦសានបុរៈ គឺ បណ្តុំនៃប្រាសាទបុរាណជាច្រើនដែលសង់ឡើងអំពីឥដ្ឋ លើកលែងតែសមាសធាតុតុបតែងលម្អខ្លះ ដូចជា ផ្តែរទ្វារ សសរពេជ្រ មេទ្វារ ជាដើម គឺធ្វើអំពីថ្មភក់។ លក្ខណៈពិសេសនៃសិល្បៈនិងស្ថាបត្យកម្មរបស់សំណង់ប្រាសាទក្នុងសម័យកាលនេះ ត្រូវបានគេចាត់ទុកជារចនាបថសិល្បៈខ្មែរ ហៅថា “រចនាបថសំបូរព្រៃគុក”។ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៨ ខែកក្កដា គ.ស.២០១៧។ 

រូបភាពទី២៖ ក្រុមស្រាវជ្រាវថតនៅក្បែរប្រាសាទជ្រៃ នៃក្រុមប្រាសាទសំបូរព្រៃគុក 

រូបភាពទី៣៖ លោក សាន សុរាវនិត ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្តសង្ខេបនៃសម័យចេនឡា។ 

២. រាជធានីហរិហរាល័យ គឺជាអតីតរាជធានីអង្គរដ៏ធំដំបូងគេនៃអាណាចក្រអង្គរ ដែលកសាងឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ (គ.ស.៨០២ ដល់ ៨៥០) ។ អ្នកស្រាវជ្រាវបានចាត់ទុកព្រះបាទជ័យវរ្ម័នទី២ជាក្សត្រស្ថាបនិក​ទី១នៃអាណាចក្រអង្គរ។ មានព្រះរាជាចំនួន៣ព្រះអង្គ បានសោយរាជ្យជាបន្តបន្ទាប់នៅរាជធានីហរិហរាល័យ ក្រោយការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ គឺ ព្រះបាទជ័យវរ្ម័នទី៣ (គ.ស.៨៥០ ដល់ ៨៧៧) ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ ដល់ ៨៨៩) និង ព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ ដល់ ៩០០) ជាបុត្រារបស់ព្រះបាទឥន្រ្ទវរ្ម័នទី១។ 

រូបភាពទី៤៖ ក្រុមស្រាវជ្រាវថតនៅក្នុងបរិវេណប្រាសាទបាគង ច្រកចូលខាងលិច

រូបភាពទី៥៖ លោកបណ្ឌិត ហេង ហុកវេន ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្ត នៃរាជធានីហរិហរាល័យ។  

៣. រាជធានីមហេន្រ្ទបព៌ត (ភ្នំគូលែន) ក្រោយការកសាងនិងរៀបចំរាជធានីហរិហរាល័យ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងរដ្ឋបានរួចរាល់ហើយ ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅប្រារព្ធពិធីទេវរាជានៅលើភ្នំគូលែន (សិលាចារឹកស្តុកកក់ធំ K. ២៣៥ ចារឹកថា មហេន្រ្ទបវ៌ត)។ ហើយព្រះអង្គបានគង់នៅរាជធានីមហេន្រ្ទបព៌តនេះ បន្ទាប់មកបានយាងត្រលប់មកគង់នៅរាជធានី​ហរិហរាល័យវិញ។ ក្នុងរយៈពេលព្រះអង្គគង់នៅមហេន្រ្ទបព៌ត ព្រះអង្គបានកសាងព្រះរាជវាំងសង់អំពីឥដ្ឋ (ដែលអ្នកស្រាវ​ជ្រាវ​ជាតិ​និងអន្តរជាតិបានកំណាយរកឃើញថ្មីៗកន្លងទៅ) ព្រមទាំងសង់ប្រាសាទតូចធំជាច្រើននៅរាយប៉ាយគ្រប់ទីកន្លែង​សំខាន់ៗលើខ្នងភ្នំគូលែន។ 

រូបភាពទី៦៖ ឯ.ឧ.បណ្ឌិត ជូ ច័ន្ទដារី ផ្តល់បទសម្ភាសន៍អំពី ទិដ្ឋភាពប្រវត្តិសាស្រ្តនៃភ្នំគូលែន ឬមហេន្រ្ទបព៌ត 

រូបភាពទី៧៖ ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិអន្លង់ធំ លើខ្នងភ្នំគូលែន អំពីស្ថានភាពជីវភាពរស់នៅនាពេលបច្ចុប្បន្នរបស់ពួកគាត់

RAC Media

អត្ថបទទាក់ទង

ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 08:11:13   Tue, 10,03,2020, 08:11 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...

2020-03-10 03:45:16   Tue, 10,03,2020, 03:45 AM
ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...

2020-03-09 09:51:47   Mon, 09,03,2020, 09:51 AM
ទិវានារីអន្តរជាតិ International Women's Day: IWD ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

2020-03-08 05:23:48   Sun, 08,03,2020, 05:23 AM
ជប៉ុនទិញកក់ពីខ្មែរ ដើម្បីកែច្នៃជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ

(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន...

2020-03-07 02:26:55   Sat, 07,03,2020, 02:26 AM
«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភា...

2020-03-06 06:31:15   Fri, 06,03,2020, 06:31 AM

សេចក្តីប្រកាស