ព័ត៌មាន

«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»

2020-07-14 07:47:22 ថ្ងៃអង្គារ, 14 កក្កដា 2020 ម៉ោង 02:47 PM
អ្នកមើល 4060
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា។

ពិធីបានប្រព្រឹត្តទៅដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៥៨ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ និងលទ្ធផលរបស់គណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ និងលិខិតបង្គាប់ការលេខ ០១០/២០ ល.ប.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ស្តីពី ការសម្រេចប្រគល់ភារកិច្ចជូនលោកបណ្ឌិត មាឃ បូរ៉ា ជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសនេះ លោកបណ្ឌិត មាឃ បូរ៉ា បានឡើងថ្លែងអំណរគុណជូនចំពោះគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានបោះឆ្នោតដាក់ពិន្ទុ ដើម្បីឱ្យលោក ក្លាយជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារហូតដល់មានការតែងតាំងជាប្រធានជាផ្លូវការ។ ចំពោះការងារដឹកនាំគ្រប់គ្រងវិទ្យាស្ថាន លោកបណ្ឌិតបានមានប្រសាសន៍ថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះរួមមាន គុណធម៌ សីលធម៌ និងសេចក្តីស្មោះត្រង់ជាចម្បង ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ និងបង្ហាញទេពកោសល្យដែលជាភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែមជូនស្ថាប័ន និងសង្គមជាតិ។

គួរបញ្ជាក់ថា លោកបណ្ឌិត មាឃ បូរ៉ា ជាអតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ។ លោកត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់ជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ កាលពីថ្ងៃ៧ ខែមេសា ឆ្នាំ២០២០។ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព

២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក

៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ

៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ

៥. ស្មារតីទទួលខុសត្រូវ

៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង

៧. សីលធម៌។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន

២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ

៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម

៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម

៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង

៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

ការរៀបចំទស្សនកិច្ចរបស់ពលរដ្ឋទៅកាន់ខេត្តរបស់កម្ពុជានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបញ្ចប់នូវការយកព្រំដែនធ្វើជារបៀបវារៈនយោបាយប្រឆាំងកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសរៀបចំដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទាំង៤របស់កម្ពុជាដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋ...

2024-08-25 01:47:39   ថ្ងៃអាទិត្យ, 25 សីហា 2024 ម៉ោង 08:47 AM
ខួប១ឆ្នាំនៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា៖ តើរាជរដ្ឋាភិបាលសម្រេចបានអ្វីខ្លះនៅក្នុងនយោបាយការបរទេស?

ដោយ៖ លឹម សុវណ្ណរិទ្ធ ២២ សីហា ២០២៣ - ២២ សីហា ២០២៤ គឺជារយៈពេលគម្រប់១ឆ្នាំគត់ នៃអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្រជាពលរដ្ឋគ្...

2024-08-22 09:59:20   ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 04:59 PM
រយៈពេល១ឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៖ លទ្ធផលដែលសម្រេចបាន និងទិសដៅដែលត្រូវបន្ត

ដោយ៖ បណ្ឌិត យង់ ពៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃបង្គ្រប់១ឆ្នាំគត់នៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គេអាចមើលឃើញទិដ្ឋភាពធំៗចំ...

2024-08-22 02:13:29   ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 09:13 AM
ទស្សនទាន ជុំវិញការវិវត្តស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅក្នុងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងកម្ពុជា មានការរំជើបរំជួល ផ្លាស់ប្ដូរ ក៏ដូចជារដ្ឋប្រហារជាដើម ជាច្រើនករណី។ ថ្មីៗនេះ មានការសម្...

2024-08-22 01:08:15   ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 08:08 AM
ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ...

2024-08-20 08:23:53   ថ្ងៃអង្គារ, 20 សីហា 2024 ម៉ោង 03:23 PM
ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា

ដោយ៖ បណ្ឌិត យង់ ពៅ គម្រោងធ្វើបាតុកម្មរបស់ក្រុមនយោបាយមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ឱ្យដកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៨ ខ...

2024-08-19 04:28:20   ថ្ងៃចន្ទ, 19 សីហា 2024 ម៉ោង 11:28 AM

សេចក្តីប្រកាស