ព័ត៌មាន

«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»

2020-07-14 07:47:22 ថ្ងៃអង្គារ, 14 កក្កដា 2020, 07:47 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា។

ពិធីបានប្រព្រឹត្តទៅដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៥៨ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ និងលទ្ធផលរបស់គណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ និងលិខិតបង្គាប់ការលេខ ០១០/២០ ល.ប.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ស្តីពី ការសម្រេចប្រគល់ភារកិច្ចជូនលោកបណ្ឌិត មាឃ បូរ៉ា ជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសនេះ លោកបណ្ឌិត មាឃ បូរ៉ា បានឡើងថ្លែងអំណរគុណជូនចំពោះគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានបោះឆ្នោតដាក់ពិន្ទុ ដើម្បីឱ្យលោក ក្លាយជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារហូតដល់មានការតែងតាំងជាប្រធានជាផ្លូវការ។ ចំពោះការងារដឹកនាំគ្រប់គ្រងវិទ្យាស្ថាន លោកបណ្ឌិតបានមានប្រសាសន៍ថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះរួមមាន គុណធម៌ សីលធម៌ និងសេចក្តីស្មោះត្រង់ជាចម្បង ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ និងបង្ហាញទេពកោសល្យដែលជាភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែមជូនស្ថាប័ន និងសង្គមជាតិ។

គួរបញ្ជាក់ថា លោកបណ្ឌិត មាឃ បូរ៉ា ជាអតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ។ លោកត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់ជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ កាលពីថ្ងៃ៧ ខែមេសា ឆ្នាំ២០២០។ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព

២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក

៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ

៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ

៥. ស្មារតីទទួលខុសត្រូវ

៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង

៧. សីលធម៌។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន

២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ

៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម

៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម

៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង

៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបើកសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី»

«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ...

2019-06-27 05:29:50   Thu, 27,06,2019, 05:29 AM
«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»

នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃ...

2019-06-27 05:16:13   Thu, 27,06,2019, 05:16 AM
«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង...

2019-06-27 04:56:39   Thu, 27,06,2019, 04:56 AM
«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2019-06-26 11:43:33   Wed, 26,06,2019, 11:43 AM
«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កា...

2019-06-26 11:17:10   Wed, 26,06,2019, 11:17 AM
«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទ...

2019-06-26 09:51:36   Wed, 26,06,2019, 09:51 AM

សេចក្តីប្រកាស