ព័ត៌មាន

«បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី៖ កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិកផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក»

2020-07-11 10:11:10 ថ្ងៃសៅរ៍, 11 កក្កដា 2020, 10:11 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ។

ឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ខួប៧០ឆ្នាំ(១៩៥០-២០២០) ដែលបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រដែលត្រូវបានរៀបចំនៅថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរមួយដែលបង្កលទ្ធភាពឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាពីគោលនយោបាយនៃប្រទេសទាំងពីរ អាចជួបពិភាក្សាគ្នា បង្ហាញទស្សនៈយល់ឃើញរបស់ខ្លួន និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយសេដ្ឋកិច្ច និងសង្គម នាពេលអតីតកាល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាន៍ឡើងថា សហរដ្ឋអាម៉េរិក គឺជាដៃគូដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ទាំងក្នុងជំនួយអភិវឌ្ឍ ក៏ដូចជាក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ រយៈពេល៧០ឆ្នាំមកមកនេះ កម្ពុជានិងសហរដ្ឋអាម៉េរិកបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងសុខាភិបាល ជាដើម។ បើយើងធៀបទៅនឹងអាយុរបស់មនុស្សឃើញថា វ័យ៧០ឆ្នាំនេះ ហាក់បង្ហាញនូវភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាការពិតណាស់ ទំនាក់ទំនងនេះគឺមានភាពស្រដៀងគ្នាទៅនឹងទំនាក់ទំនងប្រភេទផ្សេងដែរ ដែលខ្ញុំសូមគូសបញ្ជាក់ មិនថាតែរវាងមិត្តភ័ក្ដិ រវាងក្រុមគ្រួសារ សាច់ញាតិ និងរវាងគូស្នេហ៍នោះទេ វាតែងតែមានលាយឡំគ្នានូវការឡើងនិងការធ្លាក់ចុះ។ វាមិនអាចចៀសបាននោះទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានប្រកាន់ខ្ជាប់នូវនយោបាយផ្កាចម្រុះពណ៌ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងរក្សាទំនាក់ទំនងល្អក្នុងលក្ខណៈសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសជាមិត្តទាំងឡាយលើសាកលលោក។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងភាពស្មើមុខស្មើមាត់គ្នា ជាដៃគូទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ឆ្ពោះទៅកាន់ការការរីកចម្រើនជាលំដាប់នូវការកសាងទំនុកចិត្តចំពោះគ្នាទៅវិញទៅមកទាំងរវាងប្រជាជននិងប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា៖«កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ»។ ដូចមាននៅក្នុងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ឯកឧត្ដមប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្ដេចបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា៖«... យើងមិនត្រូវឱ្យខ្លួនយើងក្លាយទៅជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ ហើយមានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ ក្នុងការពូនជ្រុំសម្រាប់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសនិងប្រជាជនយើងទាំងពីរ កាន់តែមានការរីកលូតលាស់ថែមទៀត »។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ជឿជាក់ថា ក្នុងរដ្ឋបាល ឯកឧត្ដម ដូណាល់ត្រាំ ពិសេសតាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែប្រសើរឈានឡើងបន្ថែមទៀត ហើយយើងសង្ឃឹមថា អ្នកវិនិយោគិន និងអ្នកទេសចរណ៍សហរដ្ឋអាម៉េរិកនឹងមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្ពុជាកាន់តែច្រើននាពេលអនាគតឆាប់ៗខាងមុខនេះ៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 08:11:13   Tue, 10,03,2020, 08:11 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...

2020-03-10 03:45:16   Tue, 10,03,2020, 03:45 AM
ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...

2020-03-09 09:51:47   Mon, 09,03,2020, 09:51 AM
ទិវានារីអន្តរជាតិ International Women's Day: IWD ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

2020-03-08 05:23:48   Sun, 08,03,2020, 05:23 AM
ជប៉ុនទិញកក់ពីខ្មែរ ដើម្បីកែច្នៃជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ

(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន...

2020-03-07 02:26:55   Sat, 07,03,2020, 02:26 AM
«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភា...

2020-03-06 06:31:15   Fri, 06,03,2020, 06:31 AM

សេចក្តីប្រកាស