ព័ត៌មាន

«បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជា និងអាម៉េរិកមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា...»

2020-07-11 09:59:19 ថ្ងៃសៅរ៍, 11 កក្កដា 2020, 09:59 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានរៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។

វេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិកាប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ» ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកនេះ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះឯកឧត្តម ប៉ាទ្រិក ម៉ហ្វី(W. Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមនៅក្នុងវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់នាពេលនេះ។

ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រឆ្នាំនេះជាឆ្នាំពិសេសជាងឆ្នាំណាៗទាំងអស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ត្រនេះឡើង ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាកទំនងកម្ពុជា-សហរដ្ឋអាម៉េរិក។ ក្រៅតែអំពីការអបអរសាទរខួបនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ វេទិកាវិទ្យាសាស្ត្រនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖(១).ប្រមូលផ្តុំទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព, (២).ផ្លាស់ប្តូរនូវការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងរកផ្លូវរួមមួយក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក, (៣).ជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវ ដែលមានវត្តមានក្នុងវេទិកានេះ, (៤)កសាងស្ពានដ៏មានប្រសិទ្ធភាពដែលយើងបានរួមដំណើរទាំងក្តៅទាំងត្រជាក់អសរយៈពេលជាង៧០ឆ្នាំមកហើយនេះ, (៥)រួមសុខទុក្ខជាមួយគ្នានៅពេលអនាគតខាងមុខដើម្បីត្រៀមការពារនិងទប់ស្កាត់កូវីដ-១៩ និង(៦)មិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ។ ចំណុចរបត់នេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសរបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពល្អប្រសើរឡើងឈានទៅរកចំណុចរួម។ ទន្ទឹមនឹងនេះ បេសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកមានការវិត្តិជាវិជ្ជមានដោយឈរលើមូលដ្ឋានដែលមានស្រាប់ ដើម្បីបោះជំហានទៅរកកិច្ចសហការគ្នាលើចំណុចផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា៖«ទោះបីយើងមានព្រំដែនឆ្ងាយគ្នា មានភាសាផ្សេងគ្នា និងមានពណ៌សម្បុរខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា ទទួលទានទឹកដូចគ្នា មានសេចក្តីស្រឡាញ់គ្មានដែនកំណត់ និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេស សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក ហើយបានបន្តមកទៀតនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង»។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានរម្លឹកថា បើយើងងាកទៅមើលប្រវត្តិសាស្ត្រក្នុងចន្លោះឆ្នាំ១៩៥៥ ដល់១៩៦៣ សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយឧបត្ថម្ភផ្នែកសេដ្ឋកិច្ចចំនួន ៤០៩,៦ លានដុល្លារ និង៣៨,៧ លានដុល្លារផ្សេងទៀតជាជំនួយលើផ្នែកយោធា។ ជំនួយដ៏ច្រើនបែបនេះ ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីសង្គ្រាមឥណ្ឌូចិនលើកទី១ និងជួយពង្រឹងកម្លាំងសន្តិសុខផ្ទៃក្នុង ស្ថាបនាសំណង់ធំៗ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ ជាក់ស្តែង ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅទៅកំពង់ផែក្រុងព្រះសីហនុ ដែលមានចម្ងាយ២១៤គីឡូម៉ែត ដើម្បីបើកច្រកប្រទេសកម្ពុជាទៅកំពង់ផែទឹកជ្រៅ បានសម្ពោធនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៥៤។

ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា អ្នកចូលរួមទាំងអស់គ្នាប្រាកដជានៅចាំបាន កាលពីឆ្នាំ១៩៦៧ ដែលលោកជំទាវ ចន ខេននើរឌី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញពីទំនាក់ទំនងគួជាទីមោទនៈ។ ហើយផ្លូវមួយខ្សែទៀតដែលសហរដ្ឋអាម៉េរិក បានជួយក៏សាងនៅក្នុងក្រុងកំពង់សោម ខ្ញុំគិតថា នៅមានមនុស្សតិចណាស់ដែលនៅចាំនិងស្គាល់ផ្លូវនោះ បើតាមកាសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺ ផ្លូវលេខ៤០០ ពីចំណុចរង្វង់មូលតោ ទៅភ្នំ៣៩។

បើតាមប្រវត្តិសាស្ត្រ ក្នុងកម្រិតនយោបាយ ឯកឧត្តមបណ្ឌិតសភាចារ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែ ដើម្បីឱ្យទំនាក់ទំនងនេះ កាន់តែមានភាពល្អប្រសើរឡើងស្របតាមបរិការណ៍បច្ចុប្បន្ននេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នា ដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានាដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយ សមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក។

ក្នុងន័យនេះឯកឧត្តមបណ្ឌិតសភាចារ្យបានយល់ឃើញថា វេទិកាបែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួមឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។

ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា វេទិកាដែលយើងកំពុងរៀបចំថ្ងៃនេះ ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ មិនត្រឹមតែរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមនិងជឿជាក់ថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការសិក្សាស្រាវជ្រាវនិងចងក្រងស្នាដៃដទៃទៀត សម្រាប់អ្នកសិក្សាស្រាវជ្រាវនានា៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ»

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៦នោះរួមមាន៖១-“NORO MALL CO.,LTD...

2018-11-08 08:48:05   Thu, 08,11,2018, 08:48 AM
«ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»

ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀលភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជ...

2018-11-08 08:24:56   Thu, 08,11,2018, 08:24 AM
«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​  សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...

2018-11-08 06:43:08   Thu, 08,11,2018, 06:43 AM
«កិច្ចប្រជុំសម្រេចរចនាសម្ពន្ធ័​ តួនាទី​ ភារកិច្ច​ រូបសញ្ញា​សៀវភៅផ្នត់​ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារអនុវត្តឆ្នាំ២០១៩»

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង​ វណ្ណរិទ្ធ​ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម​ បានដឹកនាំអង្គប្រជ...

2018-11-07 14:25:38   Wed, 07,11,2018, 02:25 PM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា ប...

2018-11-07 14:02:36   Wed, 07,11,2018, 02:02 PM
«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»

ចុះផ្សាយថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេស...

2018-11-07 09:36:25   Wed, 07,11,2018, 09:36 AM

សេចក្តីប្រកាស