ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

2020-07-07 08:41:55 ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 03:41 PM
អ្នកមើល 5020
post_detail

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ដែលបានទទួលមរណភាពដោយជរាពាធ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

អមអំណើរក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន រួមមាន ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ឯកឧត្ដមបណ្ឌិត ខែក វីរៈ នាយកខុទ្ធកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត។

ថ្លែងក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍សម្ដែងនូវសមានចិត្តសោកស្ដាយចំពោះការបាត់បង់ នូវព្រឹទ្ធាចារ្យដែលបានចូលរួមចំណែកនិងលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាយ៉ាងធំធេងក្នុងវិស័យវប្បធម៌ និងសិល្បៈនាពេលកន្លងមក។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានប្រកបដោយសមត្ថភាពនិងពោរពេញដោយបទពិសោធរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ទោះជាយ៉ាងណា ស្នាដៃ និងគុណបំបាច់របស់លោកព្រឹទ្ធាចារ្យ នឹងនៅតែបន្តដក់ជាប់នៅក្នុងការចងចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និងសិស្ស និស្សិតដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកព្រឹទ្ធាចារ្យនាពេលកន្លងមក។

សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ឡោ សាន គឺជាអតីតសាស្ត្រាចារ្យនៃសាលាភូមិន្ទវិចិត្រសិល្បៈ និងក្រោយចូលនិវត្តន៍ លោកព្រឹទ្ធាចារ្យបានចូលរួមនិងជួយជំរុញការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ក្នុងអំឡុងពេលដែលលោកព្រឹទ្ធាចារ្យចូលរួមចែករំលែកបទពិសោធ និងចំណេះដឹង ក៏ដូចជាការបំពេញការងារក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា លោកព្រឹទ្ធាចារ្យបានបង្កើតនិងចែករំលែកនូវស្នាដៃនិងចំណេះដឹងជាច្រើនក្នុងវិស័យនេះដល់សហការី និងជាពិសេសទៅទៀត លោកព្រឹទ្ធាចារ្យបានចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីផ្ទេរ ថែរក្សា និងបង្កើតនូវវប្បធម៌បន្តវេននូវចំណេះដឹងអំពីវប្បធម៌ និងសិល្បៈដែលលោកព្រឹទ្ធាចារ្យមាន ទៅកាន់មនុស្សជំនាន់ក្រោយឱ្យជួយថែរក្សា ការពារ និងបន្តការសិក្សាស្រាវជ្រាវជាបន្តទៀត។

សពលោកព្រឹទ្ធាចារ្យ ឡោ សាន ត្រូវបានដង្ហែរពីចេញគេហដ្ឋានរបស់លោកនៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ទៅកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«បច្ចេកសព្ទ ចំនួន០៥ពាក្យរបស់គណៈកម្មការគីមីវិទ្យានិងរូបវិទ្យាត្រូវបានអនុម័ត...»

ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2018-10-24 13:48:06   ថ្ងៃពុធ, 24 តុលា 2018 ម៉ោង 08:48 PM
«លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី»

អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...

2018-10-23 15:18:45   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 10:18 PM
«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...

2018-10-23 05:58:18   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 12:58 PM
«រាជបណ្ឌិត្យសភាកម្ពុជា ប្រជុំជាមួយដៃគូក្នុងការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃដែលជិតផុតពូជនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...

2018-10-23 04:37:10   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 11:37 AM
«កម្ពុជា និងតួកគី ចុះព្រមព្រៀងអនុស្សរណសំខាន់ៗចំនួន៨»

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន...

2018-10-22 02:24:28   ថ្ងៃចន្ទ, 22 តុលា 2018 ម៉ោង 09:24 AM
«លទ្ធផលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...

2018-10-21 14:37:14   ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 09:37 PM

សេចក្តីប្រកាស