Royal Academy of Cambodia
ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ដែលបានទទួលមរណភាពដោយជរាពាធ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
អមអំណើរក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន រួមមាន ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ឯកឧត្ដមបណ្ឌិត ខែក វីរៈ នាយកខុទ្ធកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត។
ថ្លែងក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍សម្ដែងនូវសមានចិត្តសោកស្ដាយចំពោះការបាត់បង់ នូវព្រឹទ្ធាចារ្យដែលបានចូលរួមចំណែកនិងលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាយ៉ាងធំធេងក្នុងវិស័យវប្បធម៌ និងសិល្បៈនាពេលកន្លងមក។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានប្រកបដោយសមត្ថភាពនិងពោរពេញដោយបទពិសោធរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ទោះជាយ៉ាងណា ស្នាដៃ និងគុណបំបាច់របស់លោកព្រឹទ្ធាចារ្យ នឹងនៅតែបន្តដក់ជាប់នៅក្នុងការចងចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និងសិស្ស និស្សិតដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកព្រឹទ្ធាចារ្យនាពេលកន្លងមក។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ឡោ សាន គឺជាអតីតសាស្ត្រាចារ្យនៃសាលាភូមិន្ទវិចិត្រសិល្បៈ និងក្រោយចូលនិវត្តន៍ លោកព្រឹទ្ធាចារ្យបានចូលរួមនិងជួយជំរុញការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ក្នុងអំឡុងពេលដែលលោកព្រឹទ្ធាចារ្យចូលរួមចែករំលែកបទពិសោធ និងចំណេះដឹង ក៏ដូចជាការបំពេញការងារក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា លោកព្រឹទ្ធាចារ្យបានបង្កើតនិងចែករំលែកនូវស្នាដៃនិងចំណេះដឹងជាច្រើនក្នុងវិស័យនេះដល់សហការី និងជាពិសេសទៅទៀត លោកព្រឹទ្ធាចារ្យបានចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីផ្ទេរ ថែរក្សា និងបង្កើតនូវវប្បធម៌បន្តវេននូវចំណេះដឹងអំពីវប្បធម៌ និងសិល្បៈដែលលោកព្រឹទ្ធាចារ្យមាន ទៅកាន់មនុស្សជំនាន់ក្រោយឱ្យជួយថែរក្សា ការពារ និងបន្តការសិក្សាស្រាវជ្រាវជាបន្តទៀត។
សពលោកព្រឹទ្ធាចារ្យ ឡោ សាន ត្រូវបានដង្ហែរពីចេញគេហដ្ឋានរបស់លោកនៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ទៅកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...
ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមប...
នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស...
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសា...