ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

2020-07-07 08:41:55 ថ្ងៃអង្គារ, 07 កក្កដា 2020, 08:41 AM
post_detail

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ដែលបានទទួលមរណភាពដោយជរាពាធ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

អមអំណើរក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន រួមមាន ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ឯកឧត្ដមបណ្ឌិត ខែក វីរៈ នាយកខុទ្ធកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត។

ថ្លែងក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍សម្ដែងនូវសមានចិត្តសោកស្ដាយចំពោះការបាត់បង់ នូវព្រឹទ្ធាចារ្យដែលបានចូលរួមចំណែកនិងលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាយ៉ាងធំធេងក្នុងវិស័យវប្បធម៌ និងសិល្បៈនាពេលកន្លងមក។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានប្រកបដោយសមត្ថភាពនិងពោរពេញដោយបទពិសោធរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ទោះជាយ៉ាងណា ស្នាដៃ និងគុណបំបាច់របស់លោកព្រឹទ្ធាចារ្យ នឹងនៅតែបន្តដក់ជាប់នៅក្នុងការចងចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និងសិស្ស និស្សិតដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកព្រឹទ្ធាចារ្យនាពេលកន្លងមក។

សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ឡោ សាន គឺជាអតីតសាស្ត្រាចារ្យនៃសាលាភូមិន្ទវិចិត្រសិល្បៈ និងក្រោយចូលនិវត្តន៍ លោកព្រឹទ្ធាចារ្យបានចូលរួមនិងជួយជំរុញការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ក្នុងអំឡុងពេលដែលលោកព្រឹទ្ធាចារ្យចូលរួមចែករំលែកបទពិសោធ និងចំណេះដឹង ក៏ដូចជាការបំពេញការងារក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា លោកព្រឹទ្ធាចារ្យបានបង្កើតនិងចែករំលែកនូវស្នាដៃនិងចំណេះដឹងជាច្រើនក្នុងវិស័យនេះដល់សហការី និងជាពិសេសទៅទៀត លោកព្រឹទ្ធាចារ្យបានចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីផ្ទេរ ថែរក្សា និងបង្កើតនូវវប្បធម៌បន្តវេននូវចំណេះដឹងអំពីវប្បធម៌ និងសិល្បៈដែលលោកព្រឹទ្ធាចារ្យមាន ទៅកាន់មនុស្សជំនាន់ក្រោយឱ្យជួយថែរក្សា ការពារ និងបន្តការសិក្សាស្រាវជ្រាវជាបន្តទៀត។

សពលោកព្រឹទ្ធាចារ្យ ឡោ សាន ត្រូវបានដង្ហែរពីចេញគេហដ្ឋានរបស់លោកនៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ទៅកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»

បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទ...

2019-07-04 14:36:55   Thu, 04,07,2019, 02:36 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

រសៀល ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអ...

2019-07-04 08:13:45   Thu, 04,07,2019, 08:13 AM
សិក្ខាសាលាស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»

ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំសិក្ខាសាលាមួយស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khm...

2019-07-03 10:48:54   Wed, 03,07,2019, 10:48 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខា...

2019-07-03 01:18:44   Wed, 03,07,2019, 01:18 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគបញ្ចប់ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

៩-សេចក្តីសន្និដ្ឋាន ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុង...

2019-07-01 13:41:59   Mon, 01,07,2019, 01:41 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា»

ភ្នំពេញ៖ ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា នេះជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសិក្ខាសាលា ស្ដីពី «បញ្ហ...

2019-06-27 05:35:09   Thu, 27,06,2019, 05:35 AM

សេចក្តីប្រកាស