ព័ត៌មាន

រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

2020-07-07 04:41:28 ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 11:41 AM
អ្នកមើល 4576
post_detail

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស បានសម្ដែងនូវក្ដីរំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង។ គ្រប់វត្ដអារ៉ាមបានទូងស្គរ ដើម្បីអបអរសាទរផងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្ដែងការអបអរសាទរ ចំពោះការចុះ ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ក្នុងសារមួយផ្ញើ ជូនជនរួមជាតិ នៅថ្ងៃអង្គារ ទី ០៨ កក្កដា ឆ្នាំ ២០០៨ គឺមួយថ្ងៃបន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេច បានចាត់ទុកការចុះបញ្ជីនេះថា គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា។

សម្ដេច បានបន្ដថា នេះជាបេតិកភណ្ឌខ្មែរទី៤ហើយ ដែលត្រូវបានទទួលលក្ខន្ដិកៈដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរនេះ បន្ទាប់ពីប្រាសាទអង្គរវត្ដ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចគ្នាដែរ នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅ ឆ្នាំ២០០៣ និងល្ខោនស្បែកធំ នៅឆ្នាំ២០០៥ កន្លងទៅ។

នៅក្នុងសន្និសីទកាសែត នាទីស្ដីការក្រសួងការបរទេស ឯណោះវិញនៅព្រឹកថ្ងៃអង្គារនោះដែរ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានបង្ហាញនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ឯកឧត្ដម បានថ្លែងថា “នេះជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល។ ប៉ុន្ដែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថា វាជាជោគជ័យនៃអារ្យធម៌ខ្មែរ”។

ក្រុមនិស្សិត និងប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានគ្រវីទង់ជាតិកម្ពុជានៅតាមវិថីនានា ដើម្បីអបអរការបញ្ចូលប្រា សាទព្រះវិហារជាទីសក្ការៈទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពួកគេបានចាត់ទុកថា វាជាថ្ងៃសប្បាយសម្រាប់ប្រទេសកម្ពុជា។

ស្របពេលដែលរាជធានីភ្នំពេញ កំពុងតែប្រារឰពិធីអបអរសាទរយ៉ាងសប្បាយរីករាយ ចំពោះការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ផ្ទៃមេឃនៅព្រឹកថ្ងៃអង្គារស្រទំមិនមានកម្ដៅក្ដៅឡើយ ដោយគេសង្កេតឃើញមានថ្ងៃបាំងឆត្រកើតមាន ខណៈពេលមានការចាក់ផ្សាយសាររបស់សម្តេចនាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា។ កាសែតកោះសន្ដិភាព បានសរសេរថា ថ្ងៃបាំងឆត្រនោះបានរះមូលក្រឡង់ និងច្បាស់ក្រឡែត នៅ ពេលដែលប្រជាជនទូទាំងក្រុងភ្នំពេញ កំពុងតែប្រារឰពិធីអបអរសាទរនៅគ្រប់ទីកន្លែង។ មតិខ្លះគិត ថា នេះគឺជាមហិទ្ធិឫទ្ធិរបស់ប្រាសាទព្រះវិហារ បញ្ចេញឫទ្ធិអំណាច ដែលជាដួងព្រលឹងជាតិយ៉ាងពិតប្រាកដ។ ក្រៅពីពេលព្រឹកដែលមានថ្ងៃបាំងឆត្រនោះ នៅពេលរសៀល ក៏មានភ្លៀង មួយមេធំបានធ្លាក់ស្រោចស្រពមកលើទីក្រុងភ្នំពេញផង ដែរ ហាក់ដូចជាព្រះភិរុណ បានចូលរួមអបអរសាទរការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ភ្លៀងបានធ្លាក់រហូតដល់ពេលយប់ ខណៈដែលមានការប្រគុំតន្ដ្រីនៅរមណីយដ្ឋានវត្ដភ្នំ ដែលសាលាក្រុងភ្នំពេញបានរៀបចំឡើង ដើម្បីអបអរសាទរព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨ ប្រទេសកម្ពុជាបាន រៀបចំពិធីទទួលពិធីស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈ ប្រតិភូអញ្ជើញមកពីចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ លើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ដែលដឹក នាំដោយឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ ទាហានឈុតខ្មៅសៀមបានសម្រុកចូលមកក្នុងទឹកដីខ្មែរដោយចូលមកនៅក្នុង “វត្ដកែវសិក្ខាគីរីស្វារៈ” ហៅ “វត្ដ ប្រាសាទ”។ ការលើកទ័ពចូលក្នុងវត្ដ ដែលជាទឹកដីខ្មែរនេះ គឺ ជាការឈ្លានពានមកលើអធិបតេយ្យភាពរបស់ខ្មែរ និងបង្កឱ្យមានភាពតានតឹងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ។

អំពើឈ្លានពានដ៏កម្រោលនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការឈឺចាប់យ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងពេញទំហឹង។ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៨ នោះ ប៉ុន្មានម៉ោងក្រោយការរំលោភបំពានរបស់ទាហានឈុតខ្មៅ សៀមមក លើអធិបតេយ្យភាពរបស់កម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា បានចេញចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានចាត់ទុកសកម្មភាពរបស់ទាហានឈុតខ្មៅសៀម រំលោភយ៉ាងធ្ងន់ធ្ងរចំពោះ អធិបតេយ្យភាព និង    បូរណភាពដែនដីស្របច្បាប់របស់ព្រះរាជាចក្រកម្ពុជា ក៏ដូចជាច្បាប់អន្ដរជាតិ ហើយក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិកម្ពុជា។

ទាហានឈុតខ្មៅថៃមិនត្រឹមតែមិនបានដកថយចេញពីវត្ដ កែវសិក្ខាគិរីស្វារៈប៉ុណ្ណោះទេ ថែមទាំងលើកទ័ពជាច្រើនចូលមក បន្ថែមជាបន្ដបន្ទាប់ និងបានប្រកាសជាឯកត្ដោភាគីថា វត្ដកែវ សិក្ខាគិរីស្វារៈ និងតំបន់ជុំវិញជាទឹកដីរបស់ខ្លួនទៀតផង។ ទោះ ជាយ៉ាងណាក្ដី ពុំមានការផ្ទុះអាវុធណាមួយនោះទេ ហើយដំណោះស្រាយជាច្រើន ត្រូវបានធ្វើឡើងតាមការចរចាក្នុងក្របខណ្ឌទ្វេភាគី តែមិនសូវបានលទ្ធផលជាដុំកំភួននោះទេ ហើយសភាពការណ៍ ក៏មិនបានវិលត្រឡប់ដូចមុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨នៅឡើយ     គឺមានតែការចរចាម្ដងហើយម្ដងៀតតែប៉ុណ្ណោះ...! រាជរដ្ឋាភិបាលយល់ឃើញថា គ្មានដំណោះស្រាយអ្វីប្រសើរជាងការចរចាគ្នានោះទេ ប៉ុន្តែដំណើរការចរចាមានល្បឿនដូចរ៉ូឡូកិនថ្នល់ ។ ទីបំផុតការប្រយុទ្ធគ្នារវាងវីរកងទ័ពស្នេហាជាតិ និងទាហានឈ្លានពានសៀម បានផ្ទុះឡើងជាបន្តបន្ទាប់ដោយ ជៀសមិនរួច៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា


 

អត្ថបទទាក់ទង

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូ...

2019-05-29 02:48:38   ថ្ងៃពុធ, 29 ឧសភា 2019 ម៉ោង 09:48 AM
«ពិធីការពារគម្រោងបណ្តោះអាសន្ននិក្ខេបបទថ្នាក់បណ្ឌិត» ដោយ៖ សេង មាន

ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅអគារE ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ ពិធីការពារគម្រោងបណ្តោះអាស...

2019-05-27 08:27:45   ថ្ងៃចន្ទ, 27 ឧសភា 2019 ម៉ោង 03:27 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៤ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (https://i.pinimg.com/originals/fe/53/31)នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើ...

2019-05-27 07:18:49   ថ្ងៃចន្ទ, 27 ឧសភា 2019 ម៉ោង 02:18 PM
«វត្តមានគោទឹកដោះ១០០ក្បាល បង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា» ដោយ៖ សុ គន្ធា

«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែក​ដល...

2019-05-27 04:57:23   ថ្ងៃចន្ទ, 27 ឧសភា 2019 ម៉ោង 11:57 AM
«ស្ថានីយស្រែអំពិល អាចនឹងមានសំណល់ជើងប្រាសាទបុរាណសម័យមុនអង្គរ»

តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថ...

2019-05-25 16:05:54   ថ្ងៃសៅរ៍, 25 ឧសភា 2019 ម៉ោង 11:05 PM
«យុគថ្មរំលីងនៅបន្ទាយលង្វែក» ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវ...

2019-05-24 15:32:27   ថ្ងៃសុក្រ, 24 ឧសភា 2019 ម៉ោង 10:32 PM

សេចក្តីប្រកាស