Royal Academy of Cambodia
តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដានេះ ក្រុមការងារយើងសូមលើកយកមកចែកផ្សាយជូនទាំងស្រុង ដូចខាងក្រោមថា៖
«ព្រឹត្តិការណ៍ថ្ងៃនេះ កាលពី២៣ឆ្នាំមុន ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំនៅឡើយ។ នៅព្រឹកថ្ងៃទី៥ កក្កដា ១៩៩៧ ខ្ញុំបានធ្វើដំណើរពីផ្សារមាន់អាំងឆ្ពោះទៅកាន់ម្តុំសំណង់១២ ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវត្តមានកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់រាយបណ្តាក់គ្នាតាមដងផ្លូវ ដែលមានលក្ខណៈប្រុងជើងការត្រៀមប្រយុទ្ធជានិច្ច។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកអត្ថបទពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ ដើម្បីទុកជាការចងចាំ។
សភាពការណ៍ដ៏គួរឱ្យភ័យខ្លាចនៅទីក្រុងភ្នំពេញ បានឈានទៅដល់ភាពតានតឹងបំផុតនៅក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៩៧។ ដោយឡែក ភូមិសាស្ត្រមួយចំនួននៅក្នុងខណ្ឌដង្កោ ដែលស្ថិតនៅក្នុងបន្ទាយសុវត្ថិភាពតាំងកសាងនៃកងរក្សាព្រះអង្គ ប្រជាជននៅទីនោះមានការភ័យរអា ព្រោះស្ទើរតែរៀងរាល់ថ្ងៃ កងវរសេនាតូចជាច្រើនក្រុមរបស់បន្ទាយតាំងកសាងបានប្រកាសអាសន្ន ចេញល្បាតក្នុងលក្ខណៈត្រៀមជាប់ជានិច្ច ក្នុងរង្វង់ចម្ងាយពី១គីឡូម៉ែត្រទៅ២គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមបង្ខំឱ្យគណៈកម្មការចម្រុះដោះស្រាយបាតុភាពមិនប្រក្រតីរបស់រាជរដ្ឋាភិបាល ចាត់វិធានការចុះត្រួតពិនិត្យ។
គ្មាននរណាអាចស្មានដល់ថា មានការផ្ទុះអាវុធដ៏ធំនៅក្រុងភ្នំពេញដូច្នេះទេ។ បន្ទាប់ពីកម្លាំងដែលមានភក្តីភាពនឹង គណបក្សប្រជាជនកម្ពុជា ដោះស្រាយកម្លាំងអណាធិបតេយ្យនៅព្រែកតាទែនក្នុងស្រុកពញាឮតាម បណ្តោយផ្លូវជាតិលេខ៥ និងដោះស្រាយកម្លាំងអណាធិបតេយ្យនៅក្បែរវត្តភ្នៀត ស្រុកអង្គស្នួលមក សម្តេច ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានបញ្ជាក់ពីសកម្មភាពកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលនៅពេលនោះ គឺរៀបចំឡើងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន និងពង្រឹងការអនុវត្តច្បាប់ជាធរមានទាំងឡាយរបស់រដ្ឋ ពីព្រោះកន្លងមក មានកើតឡើងនូវអំពើល្មើសច្បាប់មួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាជនទាំងមូល។
ដោយអនុវត្តតាមស្មារតីនៃបទបញ្ជារបស់សហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងសេចក្តីប្រកាសរបស់គណៈកម្មការចម្រុះនៃរាជរដ្ឋាភិបាលដោះស្រាយបាតុភាពមិនប្រក្រតីចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧ ព្រមទាំងសេចក្តីថ្លែងការណ៍របស់សម្តេច ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជ បានចុះបង្ក្រាបកម្លាំងដែលមានភក្តីភាពចំពោះហ្វ៊ុនស៊ិនប៉ិចនៅចំណុចមួយចំនួន ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ជាពិសេស ម្តុំផ្ទះលោក ចៅ សម្បត្តិ អូរបែកក្អម និងផ្ទះលោក ញឹក ប៊ុនឆៃ ម្តុំសំណង់១២ ដែលស្ថិតនៅខាងត្បូងអតីតមន្ទីរពេទ្យលោកសង្ឃ។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ដែលទទួលភារៈដឹកនាំកម្លាំងមួយផ្នែក ដើម្បីបង្ក្រាបកម្លាំងដែលមានភក្តីភាពចំពោះហ្វ៊ុនស៊ិនប៉ិច នោះបានឱ្យដឹងថា ដំបូងឡើយកម្លាំងរាជរដ្ឋាភិបាលគ្មានគម្រោងផ្ទុះអាវុធ ឬចាប់ខ្លួនលោក ញឹក ប៊ុនឆៃ លោក ចៅ សម្បត្តិ ទេ គឺមានគម្រោងតែដកអាវុធនៅផ្ទះលោក ចៅ សម្បត្តិ ដែលធ្វើឡើងបន្ទាប់ពីបានដកអាវុធនៅបន្ទាយស្រែអំពិល (អង្គស្នួល) រួចមក។ បន្ទាប់ពីនោះនឹងធ្វើការដកហូតអាវុធនៅផ្ទះលោក ញឹក ប៊ុនឆៃ និងផ្ទះអស់លោកមួយចំនួនទៀតនៅក្នុងសំណង់១២ ដែលមានអាវុធខុសច្បាប់ជាច្រើននៅទីនោះ។ ក៏ប៉ុន្តែ នៅពេលដែលកម្លាំងរាជរដ្ឋាភិបាលចូលទៅដកអាវុធនៅផ្ទះលោក ចៅ សម្បត្តិ ក៏មានការផ្ទុះអាវុធបាញ់សម្រុកមកលើកម្លាំង រាជរដ្ឋាភិបាលវិញយ៉ាងខ្លាំងក្លានៅវេលាម៉ោង៣រសៀលក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ ដែលជាពេលវេលាចាប់ផ្តើមផ្ទុះសង្គ្រាមនៅក្នុងរាជធានីភ្នំពេញ ប៉ែកខាងលិចធ្វើឱ្យកក្រើករាជធានីភ្នំពេញទាំងមូល។
លោកឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ឱ្យដឹងទៀតថា នៅវេលាម៉ោង៣រសៀលនាថ្ងៃនោះ (ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧) កម្លាំងរបស់លោកសហការជាមួយកម្លាំងខណ្ឌឫស្សីកែវ មានភារកិច្ចចូលដកអាវុធនៅផ្ទះលោក ចៅ សម្បត្តិ តែត្រូវកម្លាំងរបស់លោក ចៅ សម្បត្តិ គប់គ្រាប់បែក និងបាញ់កាំភ្លើង បេ-៤០ និង កាំភ្លើង DK ទៅលើកម្លាំងរបស់លោកមុន ក្នុងពេលដែលលោកកំពុងទាក់ទងតាមវិទ្យុទាក់ទង និងតាមឧគ្ឃោសនាសព្ទ។ នៅពេលដែលកម្លាំងរបស់លោក ចៅ សម្បត្តិ ប្រហែល ១០០នាក់បាញ់ទៅលើកម្លាំងរបស់លោក ហើយកម្លាំងរបស់លោកក៏បាញ់តបតការពារខ្លួនវិញ បង្កើតបានជាការប្រយុទ្ធគ្នានៅពេលនោះទៅ។
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ការប្រយុទ្ធគ្នានៅម្តុំផ្ទះ ចៅ សម្បត្តិ អូរបែកក្អម និងនៅផ្ទះលោក ញឹក ប៊ុនឆៃ សំណង់១២ បានបន្តយ៉ាងខ្លាំងក្លា។ កងកម្លាំងអន្តរាគមន៍របស់រាជរដ្ឋាភិបាលត្រូវបានបញ្ជូនមកពីភូមិភាគ៣ ភូមិភាគ២ ពីអង្គភាព ង៧០ ពីអង្គភាពឆ័ត្រយោង ពីយោធភូមិភាគពិសេស ដើម្បីជួយដល់កម្លាំងរាជរដ្ឋាភិបាលដែលកំពុងទប់ទល់យ៉ាងត្រដាបត្រដួសជាមួយនឹងកម្លាំង ដែលមានភក្តីភាពចំពោះហ្វ៊ុនស៊ិនប៉ិច។ កម្លាំងទាំងនោះមួយចំនួនដាក់នៅខាងត្បូង និងខាងលិចព្រលានយន្តហោះអន្តរជាតិពោធិចិនតុង និងវាយយកបន្ទាយតាំងកសាងនៅពេលដែលលោក ញឹក ប៊ុនឆៃ បានបញ្ជាទ័ពឱ្យវាយចូលទីក្រុងភ្នំពេញ កម្លាំងមួយចំនួនទៀតយកទៅជួយទប់ម្តុំតោពីរ ត្រឡោកបែក ទំនប់ទួលគោក ដែលជាមុខព្រួញវាយលុករបស់កម្លាំងដែលមានភក្តីភាពចំពោះហ្វ៊ុនស៊ិនប៉ិច។
នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៦ ខែកក្កដា កម្លាំងរបស់លោក ញឹក ប៊ុនឆៃ នៅព្រលានយន្តហោះ និងនៅបន្ទាយតាំងកសាងបានចាប់ដៃគ្នាលើមហាវិថីសហព័ន្ធរូស្ស៊ី ហើយវាយលុកតម្រង់មកផ្សារពោធិចិនតុង និងឆ្ពោះមករាជធានីភ្នំពេញតាមផ្លូវសហព័ន្ធរូស្ស៊ី និងតាមផ្លូវដែក ដែលមានការគាំទ្រពីរថក្រោះ៦គ្រឿង និងមានកម្លាំងថ្មើរជើងប្រមាណ ៣០០ នាក់ ដើម្បីចាប់ដៃជាមួយកម្លាំងរបស់លោក ចៅ សម្បត្តិ នៅអូរបែកក្អម និងកម្លាំងនៅសំណង់១២ ផ្ទះលោកញឹក ប៊ុនឆៃ និងវាយលុកចូលភ្នំពេញ។ ទិសដៅរបស់លោក ញឹក ប៊ុនឆៃ គឺច្បាមកាន់អគ្គសេនាធិការក្រសួងការពារជាតិ កាន់កាប់ទីស្តីការគណៈរដ្ឋមន្ត្រី និងចំណុចសំខាន់ៗមួយចំនួន ទៀតនៅក្រុងភ្នំពេញ។
ពេលដែលកម្លាំងលោក ញឹក ប៊ុនឆៃ វាយលុកឆ្ពោះមករាជធានីភ្នំពេញ កម្លាំងរាជអាវុធហត្ថ ប៉ូលីស និងជីវពលរបស់ខណ្ឌដង្កោប្រមាណ ១០០ នាក់ ដែលមានកាំភ្លើងដៃនោះ មិនបានតបតជាមួយកម្លាំងលោក ញឹក ប៊ុនឆៃ ដែលមានរថក្រោះ និងអាវុធទំនើបៗនោះទេ។ កម្លាំងទាំងនោះបានលាក់អាវុធ ដូរខោអាវ ហើយបណ្តោយឱ្យកម្លាំងលោកញឹក ប៊ុនឆៃ និង នួន ប៉ែត (នួន ប៉ែត ជាមេខ្មែរក្រហមភ្នំវល្លិ៍ ដែលបានសម្លាប់អ្នកទេសចរណ៍បរទេស៣នាក់គឺ ៖ បារាំង អង់គ្លេស អូស្ត្រាលី) វាយលុកឆ្ពោះមកភ្នំពេញនោះ កម្លាំងរបស់រាជរដ្ឋាភិបាលបានចូលកាន់កាប់ព្រលានយន្តហោះពោធិចិនតុង និងបន្ទាយតាំងកសាង ហើយធ្វើការបោសសម្អាតពីក្រោយកម្លាំងរបស់លោកញឹក ប៊ុនឆៃ។
លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃអាវុធហត្ថផ្ទៃប្រទេសបានឱ្យដឹងថា ពេលដែល កម្លាំងរបស់លោក ញឹក ប៊ុនឆៃ សម្រុកចូលពីពោធិចិនតុងដល់ពេទ្យលោកសង្ឃ និងត្រឡោកបែក គឺគ្មាន កម្លាំងរបស់រាជរដ្ឋាភិបាលទប់ស្កាត់ទេ គឺមានតែទាហានយាមឃ្លាំង និងក្រុមហ៊ុនប៉ុណ្ណោះ ដែលបានរត់ចូលក្នុងក្រុងដែរ។ ចំណែកកម្លាំងរបស់លោកដែលដាក់ហ៊ុមព័ទ្ធផ្ទះលោក ចៅ សម្បត្តិ នោះក៏បានដកចេញយកមកដាក់នៅខ្សែត្រៀមត្រឡោកបែក ដើម្បីទប់ទល់កុំឱ្យកម្លាំងលោក ញឹក ប៊ុនឆៃ វាយចូលក្រុងបាន។ កម្លាំងរបស់លោក សៅ សុខា គ្មានកាំភ្លើងទប់ទល់ជាមួយរថក្រោះទេ ដោយសារតែលោកនឹកស្មានមិនដល់ថា លោក ញឹក ប៊ុនឆៃ អាចនាំទ័ពវាយចូលភ្នំពេញ ទើបមិនបានបំពាក់អាវុធប្រឆាំងរថក្រោះដូច្នេះ។
ពេលដែលកម្លាំងលោក ញឹក ប៊ុនឆៃ នួន ប៉ែត ចៅ សម្បត្តិ ចាប់ដៃគ្នាវាយលុកចូលភ្នំពេញ ដោយមានការគាំទ្រដោយរថក្រោះ ៦ គ្រឿងផងនោះ លោកសៅ សុខា បានចេញបញ្ជាឱ្យកម្លាំងរបស់លោកឱ្យលើក កាំភ្លើង DK-75 ដាក់លើផ្លូវ ដើម្បីបាញ់រថក្រោះ តែត្រូវកងកម្លាំងរថក្រោះ លោក ញឹក ប៊ុនឆៃ មកដល់ ហើយបរកិនកាំភ្លើងនោះបាក់ខ្ទេចអស់។ លោកក៏បានបញ្ជាឱ្យលើកកាំភ្លើង DK-82 មួយដើមទៀត បាញ់ទៅលើរថក្រោះត្រូវបីគ្រាប់ តែមិនឆេះ ហើយបែរកាណុងបាញ់ក្បួនរថយន្តលោក ញឹក ប៊ុនឆៃ ចំនួន៧គ្រឿង ដែលបរចូលតាមផ្លូវរថភ្លើងម្តងវិញ ធ្វើឱ្យបែកខ្ចាត់ខ្ចាយពីរថយន្តនោះ។
ការប្រយុទ្ធគ្នានៅសរមភូមិត្រឡោកបែក តោពីរ ជាប់នឹងសាកលវិទ្យាល័យភ្នំពេញបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញចាប់តាំងពីម៉ោងដប់ព្រឹករហូតដល់ព្រលប់ ទើបស្ងប់វិញ។ ចាប់តាំងពីព្រលឹមទល់ព្រលប់ស្នូរកាំភ្លើងបានលាន់ឮឡើងកក្រើកទីក្រុងភ្នំពេញទាំងមូល។ នៅកន្លែងប្រយុទ្ធគ្នានៅម្តុំសំណង់១២ អូរបែកក្អម ទឹកថ្លា ភ្នំពេញថ្មី ត្រឡោកបែក គេឃើញភ្លើងឆេះមានផ្សែងខ្មួលខ្មាញ់អណ្តែតទៅលើអាកាស។ ប្រជាជនខ្លះ ដែលបានជាប់កុននៅក្នុងសមរភូមិ ត្រូវបានទទួលរងគ្រោះដោយគ្រាប់កាំភ្លើង ខ្លះស្លាប់ ខ្លះត្រូវរបួស។ ប្រជាជនរាប់ពាន់នាក់ទៀត បានភៀសខ្លួនចូលរាជធានីភ្នំពេញ រកកន្លែងសុវត្ថិភាពរៀងៗខ្លួន ហើយប្រជាជនរាប់ពាន់នាក់ទៀត បានភៀសខ្លួនចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដើម្បីគេចឱ្យឆ្ងាយពីការប្រយុទ្ធគ្នា។ តែប្រជាជនភាគច្រើនបានសម្ងំលាក់ខ្លួនតាមផ្ទះរៀងៗខ្លួន និងតាមដានសភាពការណ៍ដោយក្តីតក់ស្លុតរកស្មានមិនត្រូវ។ ការប្រយុទ្ធគ្នាត្រូវបានបញ្ចប់នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយ កម្លាំងរបស់រាជរដ្ឋាភិបាល ជាអ្នកទទួលជោគជ័យ។
ប្រជាជនមិនអាចយល់ថា ហេតុអ្វីបានជាមានការប្រយុទ្ធគ្នាឡើងនោះទេ។ ពួកគេភ័យខ្លាចថា សង្គ្រាមស៊ីវិលបានវិលមកវិញដូចខ្មោចពីអតីតកាល ដែលគេមិនចង់ឃើញ។ ប្រជាជនកម្ពុជាដែលបើកវិទ្យុអាមេរិកស្តាប់ឮព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចោទសម្តេច ហ៊ុន សែន ថា បានធ្វើរដ្ឋប្រហារប្រឆាំងព្រះអង្គ។ រដ្ឋាភិបាលច្រានចោលការចោទប្រកាន់នោះ។ រដ្ឋាភិបាលនិយាយថា បើសិនជាសម្តេច ហ៊ុន សែន មានចេតនាធ្វើរដ្ឋប្រហារ សម្តេចនឹងមិនទៅវិស្សមកាលនៅក្រៅប្រទេសទេ ហើយថា សម្តេចនឹងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីចាត់ចែងសកម្មភាព។ រដ្ឋាភិបាលនិយាយថា ផ្ទុយទៅវិញ ការប្រយុទ្ធគ្នាត្រូវបានរៀបចំ និងបើកឡើងដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមានវត្តមាននៅទីក្រុងភ្នំពេញមុនការប៉ះទង្គិចគ្នានៅពេលដែលសម្តេច ហ៊ុន សែន នៅក្រៅប្រទេស។ ដោយបានធ្វើដូច្នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គេចខ្លួនយកសុវត្ថិភាព ទៅក្រុងបាងកកតែប៉ុន្មានម៉ោងមុននឹងការប្រយុទ្ធបានផ្ទុះឡើង។ ការបកស្រាយព្រឹត្តិការណ៍របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ផ្ទុយស្រឡះ ព្រះអង្គមិនបានធ្វើអ្វីខុសច្បាប់ ឬបង្កហេតុទេ ហើយថា កម្លាំងរបស់សម្តេច ហ៊ុន សែន បើកការប្រយុទ្ធមុន(Harish C. Mehta & Julie B. Mehta ៖ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ទំព័រ១៥៩) ។
សម្តេច ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានអះអាងថា ព្រឹត្តិការណ៍ដែលបានកើតឡើង មិនមែនជាជម្លោះរវាងគណបក្សមួយ និងគណបក្សមួយ មិនមែនជាសង្គ្រាមស៊ីវិល មិនមែនជារដ្ឋប្រហារដណ្តើមអំណាចដូចព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសនៅបរទេសនោះទេ ព្រោះគ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន គ្មានច្បាប់អាជ្ញាសឹក គ្មានកំណែនទូទៅ តែជាការបង្ក្រាបបទល្មើសច្បាប់ ដែលមានចរិតយោធា នយោបាយ និងសន្តិសុខជាតិ ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងបក្សពួកជ្រុលនិយមបានបង្កឡើង។ សម្តេច ហ៊ុន សែន បានប្រកាសពីការបន្តនិរន្តរភាពរបស់រដ្ឋធម្មនុញ្ញ និរន្តរភាពនៃច្បាប់នានារបស់រាជរដ្ឋាភិបាល និរន្តរភាពនៃរដ្ឋសភា និរន្តរភាពនៃស្ថាប័នគ្រប់ផ្នែក គ្រប់ថ្នាក់ និងនិរន្តរភាពនៃមន្ត្រីរាជការ។
នៅរាជធានីភំពេញ សភាពការណ៍បានវិលទៅរកប្រក្រតីភាពវិញជាបណ្តើរៗ ប្រជាជនដែលបានរត់ចេញ ពីផ្ទះសម្បែងបានវិលមកវិញជាបន្តបន្ទាប់។ បម្រាមគោចរដែលបានបិទនៅពេលយប់ថ្ងៃទី៥ ទី៦ ខែកក្កដា ពីម៉ោង៨យប់ ដល់ម៉ោង ៦ ភ្លឺនោះបានបើកឡើងវិញ។ ក្រោយពីការផ្ទុះអាវុធបានបញ្ចប់ អំពើអនាធិបតេយ្យ មួយបានកើតឡើង គឺករណីចូលគាស់ផ្ទះយកទ្រព្យសម្បត្តិ ចូលយកម៉ូតូ ឡាន តាមឃ្លាំងនានា និងចូលយកសម្ភារបរិក្ខាតាមរោងចក្រកាត់ដេរមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងពីសំណាក់កម្លាំងប្រដាប់អាវុធខ្លះ ដែលខ្វះវិន័យ។ ប៉ុន្តែ ភ្លាមៗនោះ នាយអគ្គសេនាធិការ បានចេញបញ្ជាមួយភ្លាម ដើម្បីរាំងស្កាត់បាតុភាពនេះ ដោយប្រកាសកម្លាំងប្រដាប់អាវុធចេញពីរាជធានីភ្នំពេញ និងឱ្យគ្រប់មេបញ្ជាការពង្រឹងវិន័យកម្លាំងរបស់ខ្លួនឡើងវិញ។
ទន្ទឹមនឹងនោះដែរ ថ្វីបើការប្រយុទ្ធគ្នាបានបញ្ចប់នៅទីក្រុងភ្នំពេញមែន តែការប្រយុទ្ធគ្នានៅបានបន្តនៅតាមព្រំដែន និងតាមផ្លូវទូត។ ដើម្បីរក្សាជំហរទប់ទល់នឹងសម្តេច ហ៊ុន សែន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបង្កើតកម្លាំងតស៊ូប្រដាប់អាវុធមួយ ដែលដឹកនាំដោយឧត្តមសេនីយ៍ដ៏មានភក្តីភាពរបស់ព្រះអង្គ គឺលោក ញឹក ប៊ុនឆៃ។ មូលដ្ឋាននៃចលនាតស៊ូនេះស្ថិតនៅអូរស្មាច់តាមព្រុំដែនខ្មែរ-ថៃ នៅក្នុងតំបន់ភ្នំនៃប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា។ អូរស្មាច់ជាបន្តមកទៀត បានក្លាយជានិមិត្តរូបនៃចលនាតស៊ូប្រឆាំង ហ៊ុន សែន។ មូលដ្ឋានផ្សេងទៀតនៃចលនាតស៊ូពួកខ្មែរក្រហម គឺបានបង្កើតឡើងនៅភាគខាងលិចនៃប្រទេសតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដូចជាសំឡូតជាដើម (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998), p. 205.) ។
នៅឯក្រៅប្រទេសវិញ ជាមួយនឹងអតីតអ្នកគាំទ្រព្រះអង្គ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបង្កើតប្រព័ន្ធនយោបាយមួយមានឈ្មោះថា «សហព័ន្ធអ្នកប្រជាធិបតេយ្យកម្ពុជា» ដោយមានសមាសភាពចូលរួមគឺ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិខ្មែរ គណបក្សកម្ពុជាអព្យាក្រឹត និងសមាគមមួយចំនួនទៀត (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998), p. 205.)។
បើទោះបីជាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលភៀសព្រះកាយនៅក្រៅប្រទេស ហើយនៅតែធ្វើការដោយប្រដាប់អាវុធ និងផ្លូវទូតប្រឆាំងនឹងសម្តេច ហ៊ុន សែន ក៏ដោយ ក៏ស្ថានការណ៍នយោបាយបានវិលមកកាន់ប្រក្រតីភាពជាបណ្តើរៗ។ រាជរដ្ឋាភិបាលបានបន្តការងារប្រចាំថ្ងៃ ក្នុងរដ្ឋាភិបាលចម្រុះដែលមានគណបក្សមានអាសនៈនៅរដ្ឋសភាដដែល។ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ដែលមានការចូលរួមយ៉ាងទូលំទូលាយពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ គណបក្សប្រជាជនកម្ពុជា ហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា និងទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីកាតព្វកិច្ចធ្វើស្ថិតិ។ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧ គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ជាបន្តបន្ទាប់ទៀត ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដើម្បីអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៧ សមាជិកគណៈកម្មាធិការនាយកហ៊្វុនស៊ិនប៉ិច ដែលមានវត្តមាននៅកម្ពុជា បានធ្វើការប្រជុំគ្នា ដើម្បីធ្វើការបង្រួបបង្រួមគ្រប់ក្រុមទាំងអស់នៃហ៊្វុនស៊ិនប៉ិច ជាពិសេសក្រុមលោក ទន់ ចាយ ឱ្យមានឯកភាពបក្សឡើងវិញ និងបន្តនិរន្តរភាពរបស់បក្ស ព្រមទាំងជ្រើសរើសលោក អ៊ឹង ហួត ដែលជាសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបេក្ខជននាយករដ្ឋមន្ត្រីទី១ ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៧ តំណាងរាស្ត្រហ៊្វុនស៊ិនប៉ិច ដែលរត់គេចទៅកាន់ទីក្រុងបាងកក ក្រោយហេតុការណ៍ថ្ងៃ៥-៦ ខែកក្កដា បានវិលមកកម្ពុជាវិញជាបណ្តើរៗ។
រដ្ឋសភា ដែលគាំងដំណើរអស់រយៈពេល ៧ខែ មកហើយនោះ ក៏បានបើកសម័យប្រជុំលើកទី៨ នីតិកាលទី១ របស់ខ្លួនឡើងវិញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៧ ហើយបន្តដំណើរការងារជាប្រក្រតី។
ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៧ សមាជិករដ្ឋសភាចំនួន៩៨ រូប លើ ៩៩ រូប ដែលបានចូល រួមប្រជុំ បានអនុម័តដោយលើកដៃគាំទ្រការលើកអភ័យឯកសិទ្ធិសភាពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ រដ្ឋសភាបានសម្រេចកិច្ចការដ៏សំខាន់មួយទៀត ដើម្បីធានានិរន្តរភាពនៃរដ្ឋាភិបាលចម្រុះ ដែលកើតចេញពីការបោះឆ្នោតឆ្នាំ១៩៩៣ ដោយបានធ្វើការបោះឆ្នោតដោយសម្ងាត់ជ្រើសរើសលោក អ៊ឹង ហួត ជានាយករដ្ឋមន្ត្រីទី១ ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដោយមានសំឡេងគាំទ្រចំនួន ៨៦ សំឡេង ប្រឆាំងចំនួន ៤ សំឡេង អនុប្បវាទចំនួន ៦ សំឡេង និងឆ្នោតមិនបានការចំនួន ៣ សំឡេង។ ការអំពាវនាវរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧ និងការអំពាវនាវរបស់ប្រធានស្តីទីនៃរដ្ឋសភា ក៏ដូចជាកិច្ចប្រឹងប្រែងរបស់សមាជិកហ៊្វុនស៊ិនប៉ិចក្នុងការពន្យល់នាយទាហាន ពលទាហាន ដែលបានចាកចេញពីស្រុកនោះ ឱ្យវិលមកប្រកបជីវភាពនយោបាយ និងជួបជុំគ្រួសារដូចដើមវិញ៕»
ប្រភព៖ គិន ភា
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...