ព័ត៌មាន

«ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-06-27 08:56:28 ថ្ងៃសៅរ៍, 27 មិថុនា 2020 ម៉ោង 03:56 PM
អ្នកមើល 2766
post_detail

សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ

ក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ និងកំពុងទទួលបានការពេញចិត្តនិងគាំទ្រពីកសិករជាសមាជិកសហគមន៍បន្ថែនៅខេត្តកំពង់ស្ពឺ។ បើតាមការសម្ភាសន៍ផ្ទាល់ជាមួយប្រធានសហគមន៍ និងកសិករដាំបន្លែបានឱ្យដឹងថា តម្លាភាព ភាពស្មោះត្រង់ និងស្ថិរភាពតម្លៃ ទិញចូលនិងលក់ចេញទៅអតិថិជន ជាគន្លឹះធ្វើឱ្យសហគមន៍បន្លែមានការទទួលស្គាល់ និងបន្តដំណើរការល្អរហូតដល់សព្វថ្ងៃ។

(កំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្រសង្គម និងក្នុងនាមជាតំណាង​ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារ​គម្រោងបាយអូឆា (Biochar) មកធ្វើទស្សនកិច្ចសិក្សា​ស្រាវជ្រាវនៅ​សហគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ (Peri-Urban Agriculture Cooperative) ដោយមានការសម្របសម្រួល​​របស់លោកបណ្ឌិត ជា ស៊ីណាត អ្នកឯកទេស​សាកវប្បកម្ម (បន្លែ ផ្លែឈើ និងរុក្ខជាតិលម្អ) ពីសាកលវិទ្យាល័យជាតិ​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាមួយសហគមន៍​អភិវឌ្ឍន៍កសិកម្ម​បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ។ ទស្សនកិច្ចសិក្សានេះ រៀបចំឡើង​ក្នុងគោលបំណង​​ដើម្បីសិក្សាស្វែងយល់​ពីចង្វាក់ផលិតកម្ម និងទីផ្សារលក់បន្លែ​របស់សហគមន៍ ព្រមទាំងចុះទៅសិក្សា​ស្វែងយល់​ផ្ទាល់ពី​ការដាំដុះរបស់​ប្រជាកសិករ​​ដែលជាសមាជិកសហគមន៍ នៅឯភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ទីតាំងពិសោធន៍ ដាំបន្លែដោយប្រើប្រាស់​បាយអូឆា​​ជាមូលដ្ឋាន​​ក្នុង​ការសិក្សាស្រាវជ្រាវ ដែលស្ថិតនៅ​ភូមិច្រកខ្លុង ឃុំ​ទ័ព​មៀន​ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោក វណ្ណៈ សម្បត្តិ លេខាធិការ​នៃសហគមន៍​អភិវឌ្ឍន៍​កសិកម្មបន្លែចម្រុះ​ជាយក្រុងកំពង់ស្ពឺ បានបង្ហាញថា សហគមន៍នេះ ត្រូវបានបង្កើតឡើងកាលពី​ឆ្នាំ២០០១ និងបានចុះបញ្ជីជាផ្លូវការ​នៅឆ្នាំ២០០៩។ ការបង្កើតសហគមន៍នេះ គឺក្នុងគោលបំណងដើម្បីជួយ​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន សហគមន៍មាន​បុគ្គលិកបំពេញការងារ​ចំនួន៦នាក់។ សហគមន៍អាចដំណើរការទៅបាន​ដោយទទួលបានប្រាក់ចំណូលមកពីប្រភពបី គឺ៖

១- ការទិញស្រូវ ដើម្បីផលិតជាអង្ករលក់
២- ការបង្កើតឥណទានខ្នាតតូច ដោយយកការប្រាក់ទាប
៣- ការចងក្រងសហគមន៍ដាំបន្លែ បានចំនួន៨០ គ្រួសារ លើផ្ទៃដីដាំដុះចំនួន៨ហិកតា។

ទាក់ទងចង្វាក់ផលិតកម្មទិញនិងលក់បន្លែវិញ សហគមន៍មានទីផ្សារធំមួយ គឺ Japan Farm Products (Cambodia) Co., Ltd. (SEATS) ដែលអាចទទួលទិញបន្លែចាប់ពី ៧០០ ទៅ ៨០០គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នសហគមន៍មានដំណើរការល្អ ពោលគឺអាចលក់បានក្នុង១ថ្ងៃចាប់ពី ៣០០ ទៅ ៤០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ៤០០០រៀល សម្រាប់ប្រភេទបន្លែ មានសាឡាត់ ត្រកួន សាឡាត់ឡាត់ពណ៌ ជាដើម។ សហគមន៍ ក៏មានតារាងតម្លៃសម្រាប់លក់ចេញ​ទៅអតិថិជន ទៅតាមប្រភេទបន្លែផ្សេងៗគ្នា។

លោកស្រី យូ លុន ប្រធានសហគមន៍បន្លែចម្រុះ បានបញ្ជាក់ឱ្យដឹងថា ដោយសារសហគមន៍មាន​ដំណើរការល្អ នៅឆ្នាំ២០១៨ សហគមន៍ទទួលបាន​ការវាយតម្លៃនិងផ្ដល់ចំណាត់ថ្នាក់លេខ១ ព្រមទាំងទទួលបាន​ការលើកទឹកចិត្ត ពីរាជរដ្ឋាភិបាល នូវថវិកាចំនួន ១០ ០០០ ០០០ រៀល (ដប់លានរៀល) និងម៉ាស៊ីនបូមទឹក​ចំនួន១០គ្រឿងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការរបស់សហគមន៍ បានជួបឧបសគ្គមួយចំនួនទាក់ទង​នឹងរោងដាំបន្លែ និងកង្វះខាតប្រភពទឹកសម្រាប់ស្រោចស្រប​ដំណាំរបស់សមាជិកសហគមន៍។ ក្នុងនាមលោកស្រី ជាប្រធានសហគមន៍ដាំបន្ថែចម្រុះ សូមសំណូមពរពីរចំណុច៖

១- ជួយសង់រោងបន្លែដល់ប្រជាកសិករម្នាក់១រោងបន្ថែមដែលមានទំហំ១០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ឬទំហំ១០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។
២- ជួយជីកប្រព័ន្ធស្រោចស្រព អណ្តូង ឬស្រះជាដើម។

បន្ទាប់ពីសិក្សាស្វែងយល់ពីចរន្តទីផ្សារ ក៏ដូចជាដំណើរការទូទៅរបស់សហគមន៍កន្លងមក លោក វណ្ណៈ សម្បតិ្ត បាននាំក្រុមការងារគម្រោងបន្លែ និង ក្រុមការងារគម្រោងបាយអូឆា ចុះទៅសិក្សាស្វែងយល់ផ្ទាល់ពីការដាំដុះដំណាំរបស់ប្រជាកសិករជាសមាជិកសហគមន៍ នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមការបង្ហាញរបស់កសិករដាំបន្លែដែលជាសមាជិករបស់សហគមន៍ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍បានធ្វើការងារដោយភាពស្មោះត្រង់ជាមួយកសិករ ពិសេសគឺតម្លៃទិញចូលពីកសិករ និងតម្លៃលក់ចេញឱ្យក្រុមហ៊ុនជប៉ុន ឬ លក់ឱ្យឈ្មួញកណ្ដាលផ្សេងទៀតដោយមានតម្លាភាព។ ដូច្នេះ កសិករមានជំនឿលើសហគមន៍ ទើបមិនងាកបែររកកន្លែងលក់ថ្មី ទោះបីមានការឈ្មួញកណ្ដាលថ្មីៗមកសុំចរចាទិញបន្លែពីពួកគាត់ក៏ដោយ។ សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ នៅបន្តរក្សានិរន្តភាពក្នុងដំណើរការរបស់ខ្លួនបានមកទល់សព្វថ្ងៃនេះ ក៏ដោយសារតម្លាភាពជាមួយកសិករ ពិសេសគឺភាពស្មោះត្រង់។

បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចសិក្សានៅកន្លែងដាំដុះរបស់ប្រជាកសិករជាសមាជិកសហមគមន៍បន្លែនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួច ក្រុមការងារក៏បានបន្តទៅទស្សនកិច្ចសិក្សាស្វែងយល់នៅទីតាំងពិសោធន៍ដាំបន្លែដោយប្រើប្រាស់បាយអូឆាអនុវត្តន៍លើដំណាំកសិកម្មរបស់ក្រុមការងារគម្រោងស្រាវជ្រាវបាអូឆានៃរាជបណ្ឌិត្យសភាកម្ពុជា នៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គម្រោងសិក្សាស្រាវជ្រាវចាប់ដំណើរនៅឆ្នាំ២០២០នេះ មានរយៈពេលជិត១ឆ្នាំហើយ ក្នុងគោលបំណងសំខាន់ផលិត និង ប្រើប្រាស់បាយអូឆា ដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើនទិន្នផលដំណាំ។ ការផលិតបាយអូឆា គឺអាចវត្ថុធាតុដើមនៃសំណល់ផ្សេងៗរួមមាន សំណល់កសិកម្ម សំណល់សរីរាង្គផ្សេងៗ និងសំណល់ផ្ទះបាយជាដើម។ លោក ស្វាយ រីដា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងស្រាវជ្រាវបាយអូឆានេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១តទៅ ក្រុមការងារនឹងយកលទ្ធផលស្រាវជ្រាវដែលបានធ្វើឡើងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ សម្រាប់ជាទុនក្នុងការអនុវត្តដល់ប្រជាពលដ្ឋនៅតាមមូលដ្ឋាន ក្រោមគម្រោង «គោលនយោបាយយុទ្ធសាស្រ្តការអភិវឌ្ឍបាយអូឆានៅកម្ពុជា»។ គម្រោងនេះមានការចូលរួមពីសមាជិកស្រាវជ្រាវដូចជា៖ លោក ស្វាយ រីដា, លោក អាត ធារ៉ា, លោក លឹម សេងឌី និង លោក ហេង វីរិទ្ធិ ដោយមានឯកឧត្តមបណ្ឌិត យង់ ពៅ គឺជាអ្នកសម្របសម្រួលគម្រោង។

រូបភាព ១៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ

រូបភាព ២៖ កសិករកាត់សម្អាតបន្លែមុននឹងថ្លឹងលក់ទៅឱ្យសហគមន៍

រូបភាព ៣៖ លោកស្រី យូ លន់ កំពុងបង្ហាញសហគមន៍ ដល់ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា

រូបភាព ៤៖ លោក យិន ពោ ធ្វើបទសម្ភាសន៍លោក វណ្ណៈ សម្បត្តិ លេខាធិការសហគមន៍បន្លែចម្រុះ

រូបភាព ៥៖ រងដំណាំកសិករសមាជិកសហគមន៍ នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

រូបភាព ៦៖ រងពិសោធន៍បាយអូឆាលើដំណាំពោត ស្ថិតនៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

រូបភាព ៧៖ ក្រុមការងារចុះសិក្សាផលិតកម្មបន្លែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ (ទីតាំងពិសោធន៍បាយអូឆា)
(រូបពីឆ្វេងទៅស្តាំ៖ លោកបណ្ឌិត ជា ស៊ីណាត, លោក អាត ធារ៉ា, លោក ហេង វីរិទ្ធិ, លោកបណ្ឌិត ផុន កសិកា, លោកបណ្ឌិត លឹម សេងឌី, និងលោក ស្វាយ រីដា)

អត្ថបទទាក់ទង

វេទិកាចំហ ស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា»

នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...

2018-07-13 05:02:53   ថ្ងៃសុក្រ, 13 កក្កដា 2018 ម៉ោង 12:02 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក

គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក ​និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...

2018-07-05 07:31:28   ថ្ងៃព្រហស្បតិ៍, 05 កក្កដា 2018 ម៉ោង 02:31 PM
«ការសិក្សាប្លង់មេអភិវឌ្ឍឧទ្យានឫស្សីត្រឹប»

ដោយមានកិច្ចសហការរវាងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យ...

2018-07-02 16:16:56   ថ្ងៃចន្ទ, 02 កក្កដា 2018 ម៉ោង 11:16 PM
ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន៨រូប ទទួលបានការតែងតាំង គោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា

វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...

2018-06-23 17:51:27   ថ្ងៃសៅរ៍, 23 មិថុនា 2018 ម៉ោង 12:51 AM
សិក្ខាសាលាអន្តរជាតិស្តីពីការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មក្នុងវិស័យកសិកម្មនៅប្រទេសអាស៊ាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...

2018-06-07 05:07:59   ថ្ងៃព្រហស្បតិ៍, 07 មិថុនា 2018 ម៉ោង 12:07 PM
កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...

2018-05-29 16:38:02   ថ្ងៃអង្គារ, 29 ឧសភា 2018 ម៉ោង 11:38 PM

សេចក្តីប្រកាស