ព័ត៌មាន

«វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិន»

2020-06-26 01:44:19 ថ្ងៃសុក្រ, 26 មិថុនា 2020, 01:44 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិន» លើកទី១៩ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ក្រោមមេឃ គ្រួសារតែមួយ» តាមប្រព័ន្ធអនឡាញ។        

កម្មវិធីដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា៖ «ស្ពានភាសាចិន គឺជាកម្មវិធីមួយ ដែលអាចឱ្យអ្នកសិក្សាភាសាចិនបានស្វែងយល់ពីភាសា និងវប្បធម៌ចិន ហើយក៏អាចជំរុញលើកទឹកចិត្តដល់យុវជន យុវតីកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀតឱ្យសិក្សាភាសាចិនផងដែរ»។ លោកបានបន្តទៀតថា៖«ជោគជ័យរបស់ក្មួយៗនៅថ្ងៃនេះ មិនមែនតែជោគជ័យសម្រាប់បុគ្គលប៉ុណ្ណោះទេ គឺជាជោគជ័យតំណាងឱ្យគ្រួសារ គ្រឹះស្ថានសិក្សា និងជាពិសេសគឺតំណាងឱ្យប្រទេសយើងផ្ទាល់ផងដែរ»។

ឯកឧត្តម Wang Wentian បានមានប្រសាស៍ថា៖«យើងសប្បាយចិត្តនៅពេលដែលបានឃើញដំណើរវិវឌ្ឍន៍នៃជោគវាសនារួមគ្នារវាងកម្ពុជា-ចិន បាននិងកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតរវាងប្រទេសកម្ពុជា និងចិន ម្យ៉ាងវិញទៀត កំណើននៃការសិក្សាភាសាចិន ក៏កើនឡើងជាបន្តបន្ទាប់ដែរ រីឯកំណើននិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ក៏កើនឡើងឥតឈប់ឈរ ដែលមានចំនួនសរុបលើសពី៣០០០នាក់»។ ម្យ៉ាងវិញទៀត លោកក៏បានបន្ថែមទៀតថា៖ «ប្រធានបទនៃការប្រកួតស្ពានភាសាចិន ឆ្នាំនេះ គឺក្រោមមេឃ គ្រួសារតែមួយ ដែលសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្នុងការប្រឈមមុខនឹងកូវីដ១៩ ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា-ចិន បានរួមសុខ រួមទុក្ខជាមួយគ្នា បានធ្វើជាគំរូដ៏ល្អសម្រាប់សង្គមអន្តរជាតិ ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីអត្ថន័យស្នូលនៃក្រោមមេឃ គ្រួសារតែមួយ»។

លោកទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ស្ពានភាសាចិន” ដែលជាវេទិកាមួយសម្រាប់អ្នកសិក្សាភាសាចិនមិនត្រឹមតែបង្ហាញពីសមត្ថភាពភាសាចិន និងទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ថែម ទាំងអាចស្វែងយល់ពីវប្បធម៌ចិនកាន់តែស៊ីជម្រៅ ហើយក៏ជា “ស្ពាន” ផ្សារភ្ជាប់ទំនាក់ទំនងរវាងមិត្តភាពកម្ពុជា-ចិនផងដែរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដែលមានបេក្ខភាពចំនួន១៣នាក់ចូលរួម។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ដោយក្រោយពីការជ្រើសរើស វាយតម្លៃយ៉ាងហ្មត់ចត់ និងយុត្តិធម៌របស់គណៈមេប្រយោគ យើងបានសម្រិតសម្រាំងយកបេក្ខជនជ័យលាភីលេខ១ ចំនួន ១នាក់, ជ័យលាភីលេខ២ ចំនួន ២នាក់, ជ័យលាភីលេខ៣ ចំនួន ៣នាក់ រួមមាន៖

១. រ័ត្ន ម៉ីជីង 林美金 Roth Meijin ទទួលបានជ័យលាភីលេខ ១

២. តែ សុខលី 郑淑莉 Te Sokly ទទួលបានជ័យលាភីលេខ ២

៣. លី សៀវហុង 李秀凤 Ly Sivhong ទទួលបានជ័យលាភីលេខ ២

៤. ណូន និមល 林青美 Non Nimol ទទួលបានជ័យលាភីលេខ ៣

៥. ថាវ គិមហៀង

何 晶 Thav kimheang ទទួលបានជ័យលាភីលេខ ៣

៦. ថាំង ជាលី 唐嘉丽 Thang chealy ទទួលបានជ័យលាភីលេខ ៣។

នារសៀលថ្ងៃដដែល វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជា និង លោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសភាគីចិនគឺ លោក Zhang Hongbo អគ្គនាយកក្រុមហ៊ុន CCFED និង លោក Wang Huabin ប្រធានធនាគារចិន(ហុងកុង)សាខាភ្នំពេញ។

រង្វាន់សម្រាប់ផ្តល់ជូនបេក្ខជនទាំង ១៣នាក់ រួមមាន៖

រង្វាន់លើកទឹកចិត្ត៖ ទូរសព្ទHuawei Y9 (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។

រង្វាន់ប្រជាប្រិយភាព៖ ទូរសព្ទHuawei Y6P, (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។

រង្វាន់ទេពកោសល្យសិល្បៈ៖ ទូរសព្ទHuawei Y6P, (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។

រង្វាន់ជ័យលាភីលេខ៣៖ ទូរសព្ទHuawei Y8P(ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។

រង្វាន់ជ័យលាភីលេខ២៖ ទូរសព្ទHuawei Nova 7i (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។

រង្វាន់ជ័យលាភីលេខ១៖ ទូរសព្ទHuawei P40 (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រ...

2018-11-29 15:46:10   Thu, 29,11,2018, 03:46 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...

2018-11-29 14:45:57   Thu, 29,11,2018, 02:45 PM
«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...

2018-11-29 03:37:48   Thu, 29,11,2018, 03:37 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...

2018-11-28 08:19:31   Wed, 28,11,2018, 08:19 AM
«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   Wed, 28,11,2018, 04:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   Wed, 28,11,2018, 03:19 AM

សេចក្តីប្រកាស