Royal Academy of Cambodia
ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និងស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប។
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ លោកបណ្ឌិតឯកទេសសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានប្រមើលមើលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ជាសកលអាចមានភាពប្រសើរឡើងវិញ ប្រសិនបើកម្ពុជាបានស្តារឡើងវិញនូវវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs)។
លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា៖«សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក, ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើង ឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs) ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាង ណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន»។
ចំពោះវិស័យទេសចរណ៍ក្នុងស្រុក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកថា ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកជាង ១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ចំណែកវិស័យកសិកម្មវិញ លោកបណ្ឌិតបានឱ្យយោបល់ថា កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ព្រមទាំងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ដើម្បីជំរុញវិស័យកសិកម្ម។
ជាទីបញ្ចប់ ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម លោកបណ្ឌិតមើលឃើញថា កម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យ SMEs មួយចំនួនដែលត្រូវកែលម្អដោះស្រាយ ក្នុងនោះរួមមាន៖ ខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញ ព្រមទាំងសីលធម៌ក្នុងការប្រកួតប្រជែងផងដែរ។
គួរបញ្ជាក់ថា ច្បាប់ថវិកានៅឆ្នាំ២០២០ ដែលបានអនុម័តមុនពេលកើតមានជំងឺកូវីដ១៩នេះ កម្ពុជាគ្រោងចំណាយថវិកាជាតិប្រហែលជិត៨ពាន់លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងគឺត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ខណៈវិបត្តិកូវីដ១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាចំនួន ១.៩ភាគរយ ក្នុងឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញក្នុងអត្រា៣.៥ភាគរយនៅឆ្នាំ២០២១ ៕
RAC Media| រឿន ភារុន
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រ...
កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្...