ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា »

2020-06-15 09:42:55 ថ្ងៃចន្ទ, 15 មិថុនា 2020 ម៉ោង 04:42 PM
អ្នកមើល 4675
post_detail

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសចូលរួមពិធីដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

នៅចំពោះមុខថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំខេត្តព្រះវិហារ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាង២៥០នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាមិនត្រឹមតែជាទីកន្លែងបណ្តុះបណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញសមិទ្ធផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា៖«រាជបណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

ជាទីតាំងអភិរក្ស អភិវឌ្ឍ និងអនុវត្តទ្រឹស្តីផ្ទាល់ជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបាននិងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមាន៖ ១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ២. ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ ៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ ៤. ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យសុំអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនមូលដ្ឋានចូលរួមទប់ស្កាត់ការកាប់បំផ្លាញគម្រប់ព្រៃឈើធម្មជាតិក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ បណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើយើងកាប់បំផ្លាញព្រៃឈើពេលនេះ យើងទទួលបានផលប្រយោជន៍ក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើយើងចូលរួមរក្សាការងារគម្រប់ព្រៃឈើធម្មជាតិទាំងអស់គ្នា យើងនឹងទទួលផលប្រយោជន៍យូរអង្វែងរហូតដល់កូនចៅបន្តវេនថែមទៀត។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

RAC Media


អត្ថបទទាក់ទង

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បានជីក និងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖១.ស្រះត្រឹប ១...

2019-03-07 02:11:48   ថ្ងៃព្រហស្បតិ៍, 07 មីនា 2019 ម៉ោង 09:11 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍»

ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ...

2019-03-06 08:25:08   ថ្ងៃពុធ, 06 មីនា 2019 ម៉ោង 03:25 PM
អបអរសាទរទិវានារីអន្តរជាតិ លើកទី១០៨

នៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានប្រារព្ធធ្វើពិធីអបអរទិវាសិទ្ធិនារីអន្តរចនប្រារព្ធធ្វើពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...

2019-03-05 12:43:25   ថ្ងៃអង្គារ, 05 មីនា 2019 ម៉ោង 07:43 PM
«ទិវាជាតិអំណានឆ្នាំ២០១៩ នឹងមានការចែកសៀវភៅ៤,០០០ក្បាលដោយឥតគិតថ្លៃ» ដោយ៖ ផាញ់ សារឿន

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃ...

2019-03-05 07:05:33   ថ្ងៃអង្គារ, 05 មីនា 2019 ម៉ោង 02:05 PM
ហេតុអ្វីបំភ្លេចសិទ្ធិរបស់ពួកគេ ? ដោយ៖ ស៊ឺន សម

នៅក្នុងពិភពលោកសព្វថ្ងៃ មិនថានៅក្នុងប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ គេតែងនាំគ្នានិយាយអំពីសិទ្ធិមនុស្ស ដោយពេលខ្លះគេបានលើកឡើងអំពីសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ផងដែ...

2019-03-05 02:06:16   ថ្ងៃអង្គារ, 05 មីនា 2019 ម៉ោង 09:06 AM
«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា០១ រូបមានឋានៈស្មើអគ្គនាយក»

យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨២ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួ...

2019-03-04 05:06:11   ថ្ងៃចន្ទ, 04 មីនា 2019 ម៉ោង 12:06 PM

សេចក្តីប្រកាស