Royal Academy of Cambodia
ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ្លូវអាកាស ក៏ទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ផងដែរ ទាំងជើងហោះហើរអន្តរជាតិ ផលិតកម្មយន្តហោះ និងការងារទាំងផ្ទាល់និងប្រយោលទាក់ទងនឹងវិស័យនេះ។ មកទល់ពេលនេះ ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលទូទាំងពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗនៃពិភពលោកកំពុងព្យាយាមរកដំណោះស្រាយចំពោះការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ប៉ុន្តែហាក់នៅមិនទាន់រកច្រកចេញបាននៅឡើយ។
យោងតាមសារព័ត៌មានស៊ីអិនអិន (CNN) បានបង្ហាញថា ក្រុមហ៊ុន Ryanair បានផ្អាកជើងហោះហើរទាំងចេញនិងទាំងចូលប្រទេសអ៊ីតាលីរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ រីឯក្រុមហ៊ុន EasyJet ក៏បានលុបចោលជើងហោះហើរទាំងអស់របស់ខ្លួនទៅនិងមកពីប្រទេសអ៊ីតាលីចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសាឆ្នាំ២០២០កន្លងមក។ ក្រុមហ៊ុន Norwegian Air ក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយជើងហោះហើរប្រមាណ ៣,០០០ ជើងក្នុងរយៈពេល ៣ ខែទៀត។ កិច្ចការផ្អាកនិងការកាត់បន្ថយជើងហោះហើរនេះ អាចនឹងបន្ត ប្រសិនបើបញ្ហាកូវីដ-១៩មិនទាន់ចប់។
នៅសហរដ្ឋអាម៉េរិកវិញជំងឺ កូវីដ-១៩ ក៏កំពុងខាំត្របាក់ញីញក់ឧស្សាហកម្មអាកាសចរណ៍ រហូតដល់ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ធំបំផុតចំនួនពីររបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន American និង Delta បានប្រកាសកាត់បន្ថយយ៉ាងគំហុកនូវកាលវិភាគហោះហើរទាំងអន្តរជាតិនិងនៅក្នុងស្រុក។ American ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរអន្ដរជាតិរបស់ខ្លួនចំនួន១០% នៅរដូវក្តៅនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនចន្លោះពី ២០% ទៅ ២៥% និងកាត់ជើងហោះហើរក្នុងស្រុកពី ១០% ទៅ ១៥%។
ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ី ក៏យើងឃើញថា មានការកាត់បន្ថយជើងហោះហើរ ជាច្រើនដែរ ជាក់ស្តែង ក្រុមហ៊ុនហោះហើរ Qantas បានប្រកាសចាត់វិធានការកាត់បន្ថយថ្លៃដើម និងចំនួនជើងហោះហើរស្ទើរតែ១ភាគនៃជើងហោះហើរទាំងអស់ សម្រាប់រយៈពេល ៦ខែ និងបានកាត់បន្ថយប្រាក់ខែនាយកប្រតិបត្តិយ៉ាងច្រើន។ ក្រុមហ៊ុនអាកាសចរណ៍របស់អូស្ត្រាលី បានឱ្យដឹងថា សម្រាប់រយៈពេលនៅសល់នៃឆ្នាំសារពើពន្ធនេះ នាយកប្រតិបត្តិលោក Alan Joyce នឹងលះបង់ប្រាក់ខែ។ ប្រធានក្រុមហ៊ុន Qantas លោក Richard Goyder នឹងឈប់ទទួលយកថ្លៃគ្រប់គ្រង ហើយក្រុមដឹកនាំប្រតិបត្តិ នឹងត្រូវកាត់ប្រាក់ខែ៣០%។ ការលុបចោលភាគច្រើននឹងកើតឡើងនៅក្នុងទ្វីបអាស៊ី ជាកន្លែងដែលមានដើមកំណើតនៃការផ្ទុះឡើងនៃវីរុសនេះ។ ជើងហោះហើរក្នុងតំបន់ត្រូវបានកាត់បន្ថយ ៣១%។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងកាត់បន្ថយសមត្ថភាពនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ ការលុបចោលមានចំនួនរហូតដល់ ២៣% នៃសមត្ថភាពហោះហើរសរុប។
ប្រសិនបើយើងក្រឡេកមើល ក្រុមហ៊ុនផលិតយន្តហោះស៊ីវិលអឺរ៉ុប Airbus ក៏យើងមើលឃើញថា ឧស្សាហកម្មនេះកំពុងមានវិបត្តិយ៉ាងខ្លាំង ពីព្រោះតែការរាលដាលជាសាកលនូវមេរោគកូរ៉ូណា ដ៏សាហាវនេះ ហើយដែលនាំឱ្យក្រុមហ៊ុនត្រូវការពេលវេលាជាច្រើនទៀត ដើម្បីធ្វើឱ្យមានទំនុកចិត្តរបស់មនុស្សនៅក្នុងការធ្វើដំណើរតាមអាកាសឡើងវិញ។ គួរបញ្ជាក់ផងដែរថា លទ្ធផលត្រីមាសទី១ ក្រុមហ៊ុនបានខាតបង់ប្រាក់ ៥២២លានដុល្លារ នៅពេលដែលក្រុមហ៊ុនបានបញ្ឈប់កម្មកររាប់ពាន់នាក់ពីការងារជាបណ្តោះអាសន្ន ហើយបានផលិតយន្តហោះ៤០គ្រឿង តិចជាងក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៩ កន្លងទៅ។
ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសថៃក៏ជួបឧបសគ្គជាច្រើន ដោយសារវិបត្តិនេះដែរ។ បើយោងតាមបាងកកប៉ុស្ដិ៍បានបង្ហាញថា ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភខ្លាចអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសម្រេចចិត្តបន្តពន្យារពេលបន្ថែមនៃរបិទជើងហោះហើរ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជា Philippines AirAsia ជាដើម ដែលបានប្រកាសថា នឹងបើកជើងហោះហើរពីក្រុងម៉ានីលទៅកាន់បាងកក នៅថ្ងៃទី០១ ខែឧសភា។ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីការប្រាក់ទាប ដើម្បីរក្សាដង្ហើមអាជីវកម្មរបស់ពួកគេ។ ការស្វែងរកប្រាក់កម្ចីនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានគោរពតាមសំណើរបស់រាជរដ្ឋាភិបាល ដោយមិនបញ្ឈប់បុគ្គលិកប្រហែល ៣ ទៅ៥ម៉ឺននាក់នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ចំពេលដែលមានវិបត្តិកូវីដ-១៩។ មានក្រុមហ៊ុនអាកាសចរណ៍ទាំង៨ បានដាក់លិខិតទៅកាន់ក្រសួងរួចហើយ ដោយបានស្នើសុំប្រាក់កម្ចីការប្រាក់ទាប សរុបមានទំហំទឹកប្រាក់ប្រមាណ ២៤.១៥ ពាន់លានបាត ឬស្មើនឹងជាង ៧៤០ លានដុល្លារអាម៉េរិក។ ប៉ុន្ដែ មកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីរដ្ឋាភិបាលនៅឡើយទេ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកម្ពុជាក៏មិនខុសពីបណ្តាប្រទេសដទៃលើសាកលលោកដែរ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមេសា ២០២០ ការធ្វើដំណើរតាមជើងហោះហើរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង៩០% ខណៈខែ កុម្ភៈ និង ខែមីនា សុទ្ធតែបានធ្លាក់ចុះលើសពី៥០%ទាំងអស់។ ជាមួយបញ្ហានេះ ដើម្បីរួមចំណែកទប់ទល់នឹងស្ថានការណ៍ដ៏លំបាករបស់ក្រុមហ៊ុនអាកាសចរណ៍ រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកពន្ធលើក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជារយៈពេល៣ខែ។
ជារួម វិបត្តិកូវីដ១៩ ពិតជាធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានលើវិស័យអាកាសចរណ៍សាកល ពិសេស នៅអឺរ៉ុប អាម៉េរិក និងអាស៊ី។ ផលប៉ះពាល់នេះបានជះឥទិ្ធពលលើវិស័យជាច្រើនដែលមានការពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនផលិតយន្តហោះ វិស័យធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ក្រុមហ៊ុនផលិតប្រេង ក្រុមហ៊ុនផលិតអាហារសម្រាប់ផ្គត់ផ្គង់ការធ្វើដំណើរ។ល។ លើសពីនេះ ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសាកលលោក ដូចជា ចរន្តហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម ផលិតកម្មអន្តរជាតិ វិស័យទេសចរណ៍ និងចរន្តពលកម្ម ជាដើម។ បន្ទាប់ពីបញ្ហាកូវីដ១៩ បានថមថយទៅៗ ពេលដែលវិស័យអាកាសចរណ៍អន្តរជាតិនេះដំណើរការឡើងវិញ នោះនឹងរុញច្រានវិស័យជាច្រើនឱ្យមានដំណើរឡើងវិញ ផងដែរ ដែលកកត្តាចម្បងនាំឱ្យសេដ្ឋកិច្ចសាកលមានសភាពរលូន៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...
The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...
ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...
The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...
ការសិក្សាស្រាវជ្រាវ បានចាប់ផ្តើមនៅដើមសតវត្សទី២០ ដោយមានអ្នកប្រាជ្ញជនជាតិបារាំបានសិក្សាចុះបញ្ជីប្រាសាទ ទូទាំងប្រទេសកម្ពុជា រួមមានលោក Lunet De Lajonquière លោក Etienne Aymonier និងលោក Bernard Phillipes Gr...