ព័ត៌មាន

ផលប៉ះពាល់នៃមេរោគកូរ៉ូណាលើវិស័យអាកាសចរណ៍អន្តរជាតិ ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-06-10 05:12:22 ថ្ងៃពុធ, 10 មិថុនា 2020, 05:12 AM
post_detail

ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាង​ខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ្លូវអាកាស ក៏ទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ផងដែរ ទាំងជើងហោះហើរអន្តរជាតិ ផលិត​កម្មយន្តហោះ និងការងារទាំងផ្ទាល់និងប្រយោលទាក់ទងនឹងវិស័យនេះ។ មកទល់ពេលនេះ ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលទូទាំងពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗនៃពិភពលោកកំពុងព្យាយាមរកដំណោះស្រាយចំពោះការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ប៉ុន្តែហាក់នៅមិនទាន់រកច្រកចេញបាននៅឡើយ។

យោងតាមសារព័ត៌មានស៊ីអិនអិន (CNN) បានបង្ហាញថា ក្រុមហ៊ុន Ryanair បានផ្អាកជើងហោះហើរទាំងចេញនិងទាំង​ចូលប្រទេសអ៊ីតាលីរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ រីឯក្រុមហ៊ុន EasyJet ក៏បានលុបចោលជើង​ហោះ​ហើរ​ទាំងអស់របស់ខ្លួនទៅនិងមកពីប្រទេសអ៊ីតាលីចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសាឆ្នាំ២០២០​កន្លង​មក។ ក្រុមហ៊ុន Norwegian Air ក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយជើងហោះហើរប្រមាណ ៣,០០០ ជើងក្នុងរយៈពេល ៣ ខែទៀត។ កិច្ចការផ្អាកនិងការកាត់បន្ថយជើងហោះហើរនេះ អាចនឹងបន្ត ប្រសិនបើបញ្ហា​កូវីដ​-​១៩មិនទាន់ចប់។

នៅសហរដ្ឋអាម៉េរិកវិញជំងឺ កូវីដ-១៩ ក៏កំពុងខាំត្របាក់ញីញក់ឧស្សាហកម្មអាកាសចរណ៍ រហូតដល់ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ធំបំផុតចំនួនពីររបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន American និង Delta បានប្រកាសកាត់បន្ថយយ៉ាងគំហុកនូវកាលវិភាគហោះហើរទាំងអន្តរជាតិនិងនៅក្នុងស្រុក។ American ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរអន្ដរជាតិរបស់ខ្លួនចំនួន១០% នៅរដូវក្តៅនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនចន្លោះ​ពី ២០% ទៅ ២៥% និងកាត់ជើងហោះហើរក្នុងស្រុកពី ១០% ទៅ ១៥%។

ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ី ក៏យើងឃើញថា មានការកាត់បន្ថយជើងហោះហើរ ជាច្រើនដែរ ជាក់ស្តែង ក្រុមហ៊ុនហោះហើរ Qantas បានប្រកាសចាត់វិធានការកាត់បន្ថយថ្លៃដើម ​     និងចំនួនជើងហោះហើរស្ទើរតែ១​ភាគ​នៃជើងហោះហើរទាំងអស់ សម្រាប់រយៈពេល ៦ខែ និងបានកាត់បន្ថយប្រាក់ខែនាយកប្រតិបត្តិយ៉ាងច្រើន។ ក្រុមហ៊ុនអាកាសចរណ៍របស់អូស្ត្រាលី បានឱ្យដឹងថា សម្រាប់រយៈពេលនៅសល់នៃឆ្នាំសារពើពន្ធនេះ នាយកប្រតិបត្តិលោក Alan Joyce នឹងលះបង់ប្រាក់ខែ។ ប្រធានក្រុមហ៊ុន Qantas លោក Richard Goyder នឹងឈប់ទទួលយកថ្លៃគ្រប់គ្រង ហើយក្រុមដឹកនាំប្រតិបត្តិ នឹងត្រូវកាត់ប្រាក់ខែ៣០%។ ការលុបចោលភាគច្រើននឹងកើតឡើងនៅក្នុងទ្វីបអាស៊ី ជាកន្លែងដែលមានដើមកំណើតនៃការផ្ទុះឡើងនៃវីរុសនេះ។ ជើងហោះហើរក្នុងតំបន់ត្រូវបានកាត់បន្ថយ ៣១​%​។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងកាត់បន្ថយសមត្ថភាពនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ ការលុបចោលមានចំនួនរហូតដល់ ២៣% នៃសមត្ថភាពហោះហើរសរុប។

ប្រសិនបើយើងក្រឡេកមើល ក្រុមហ៊ុនផលិតយន្តហោះស៊ីវិលអឺរ៉ុប Airbus ក៏យើងមើលឃើញថា ឧស្សាហកម្មនេះកំពុងមានវិបត្តិយ៉ាងខ្លាំង ពីព្រោះតែការរាលដាលជាសាកលនូវមេរោគកូរ៉ូណា ដ៏សាហាវនេះ ហើយដែលនាំឱ្យក្រុមហ៊ុន​ត្រូវការពេលវេលាជាច្រើនទៀត ដើម្បីធ្វើឱ្យមានទំនុកចិត្តរបស់មនុស្សនៅក្នុងការធ្វើដំណើរតាមអាកាសឡើងវិញ។ គួរបញ្ជាក់ផងដែរថា លទ្ធផលត្រីមាសទី១ ក្រុមហ៊ុនបានខាតបង់ប្រាក់ ៥២២លានដុល្លារ   នៅពេលដែលក្រុមហ៊ុនបានបញ្ឈប់កម្មកររាប់ពាន់នាក់ពីការងារជាបណ្តោះអាសន្ន ហើយបានផលិតយន្តហោះ៤០គ្រឿង តិចជាងក្នុង​រយៈ​ពេលដូចគ្នាបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៩ កន្លងទៅ។

ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសថៃក៏ជួបឧបសគ្គជាច្រើន ដោយសារវិបត្តិនេះដែរ។ បើយោងតាមបាងកកប៉ុស្ដិ៍បានបង្ហាញថា ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភខ្លាចអំពីការរីករាលដាលនៃជំងឺ​កូវីដ​-១៩។ ការសម្រេចចិត្តបន្តពន្យារពេលបន្ថែមនៃរបិទជើងហោះហើរ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរ​ជាតិ ដូចជា    Philippines AirAsia ជាដើម ដែលបានប្រកាសថា នឹងបើកជើងហោះហើរពីក្រុងម៉ានីលទៅកាន់បាងកក នៅថ្ងៃទី០១ ខែឧសភា។ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីការប្រាក់ទាប ដើម្បីរក្សាដង្ហើមអាជីវកម្មរបស់ពួកគេ។ ការស្វែងរកប្រាក់កម្ចីនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានគោរពតាមសំណើរបស់រាជរដ្ឋា​ភិ​បាល ដោយមិនបញ្ឈប់បុគ្គលិកប្រហែល ៣ ទៅ៥ម៉ឺននាក់នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ចំពេលដែលមាន​វិបត្តិ​កូ​​វីដ-១៩។ មានក្រុមហ៊ុនអាកាសចរណ៍ទាំង៨ បានដាក់លិខិតទៅកាន់ក្រសួងរួចហើយ ដោយបានស្នើសុំប្រាក់កម្ចីការប្រាក់ទាប សរុបមានទំហំទឹកប្រាក់ប្រមាណ ២៤.១៥ ពាន់លានបាត ឬស្មើនឹងជាង ៧៤០ លានដុល្លារអាម៉េរិក។ ប៉ុន្ដែ មកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីរដ្ឋាភិបាលនៅឡើយទេ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកម្ពុជាក៏មិនខុសពីបណ្តាប្រទេសដទៃលើសាកលលោកដែរ។ ការរីក​រាល​ដាល​នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមេសា ២០២០ ការធ្វើដំណើរ​តាមជើងហោះហើរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង៩០% ខណៈខែ កុម្ភៈ និង ខែមីនា សុទ្ធតែបាន​ធ្លាក់ចុះលើសពី៥០%ទាំងអស់។ ជាមួយបញ្ហានេះ ដើម្បីរួមចំណែកទប់ទល់នឹងស្ថានការណ៍ដ៏លំបាករបស់ក្រុមហ៊ុនអាកាសចរណ៍ រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកពន្ធលើក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជារយៈពេល៣ខែ។

ជារួម វិបត្តិកូវីដ១៩ ពិតជាធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានលើវិស័យអាកាសចរណ៍សាកល ពិសេស នៅអឺរ៉ុប អា​ម៉េរិក និងអាស៊ី។ ផលប៉ះពាល់នេះបានជះឥទិ្ធពលលើវិស័យជាច្រើនដែលមានការពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនផលិតយន្តហោះ វិស័យធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ក្រុមហ៊ុនផលិតប្រេង ក្រុមហ៊ុនផលិតអាហារសម្រាប់ផ្គត់ផ្គង់ការធ្វើដំណើរ។ល។ លើសពីនេះ ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសាកលលោក ដូចជា ចរន្តហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម ផលិតកម្មអន្តរជាតិ វិស័យទេសចរណ៍ និងចរន្តពលកម្ម ជាដើម។ បន្ទាប់ពីបញ្ហាកូវីដ១៩ បានថមថយទៅៗ ពេលដែលវិស័យអាកាសចរណ៍អន្តរជាតិនេះដំណើរការឡើងវិញ នោះនឹងរុញច្រានវិស័យជាច្រើនឱ្យមានដំណើរឡើងវិញ ផងដែរ ដែលកកត្តាចម្បងនាំឱ្យសេដ្ឋកិច្ចសាកលមានសភាពរលូន៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...

2018-09-28 04:45:20   Fri, 28,09,2018, 04:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...

2018-09-28 04:05:07   Fri, 28,09,2018, 04:05 AM
«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្...

2018-09-28 02:49:27   Fri, 28,09,2018, 02:49 AM
«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...

2018-09-28 02:22:00   Fri, 28,09,2018, 02:22 AM
ពិធីបិទសិក្ខាសាលាស្តីពីសៀវភៅភាសាខ្មែរ

                         ភាសាមានការប្រែប្រួល តែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភា...

2018-09-27 18:12:10   Thu, 27,09,2018, 06:12 PM
«កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង»

កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...

2018-09-27 07:24:27   Thu, 27,09,2018, 07:24 AM

សេចក្តីប្រកាស