Royal Academy of Cambodia
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបន្ទាយឆ្មារ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។
ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា នាម ស្រិន្ទ្រកុមារ និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីជីវិតនៅក្នុងសមរភូមិកំចាត់ចាមនៅឆ្នាំ១១៧៧។
ការសិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅតាមថែវ ដោយចែកទៅតាមទិស និង ស្លាប។ ឧទាហរណ៍នៅថែវខាងកើតត្រូវចែកជាថែវខាងកើតស្លាបខាងជើង និងថែវខាងកើតស្លាបខាងត្បូង។ រីឯ ទិសផ្សេងៗទៀតក៏ចែកទៅតាមទិស និងស្លាបដែរ។ ការចុះកូដគឺយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និងស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើគឺ BTC-20-ESG-01 (Banteay Chhmar-2020-East South Gallery-01, ប្រាសាទបន្ទាយឆ្មារ-២០២០-ថែវខាងកើតស្លាបខាងត្បូង-០១)។ លេខរូបគឺរាប់ពីលេខ០១ រហូតដល់រូបចុងក្រោយ។
តាមការចុះលេខកូដដោយក្រុមការងារ រូបចម្លាក់ដែលសង្ស័យថាជា ព្រះរូបព្រះបាទជ័វរ្ម័នទី៧ មានចំនួន ២២ ដែលសល់ពីការរលំបែកបាក់។
ក្រុមការងារក៏បានថតរូប 3D និង Photogrammetry នៅគ្រប់ថែវទាំងអស់សម្រាប់វិភាគរូបមួយផែនៗឱ្យបានល្អិតល្អន់។
ក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង, មកុដ, កេតនភណ្ឌស្ដេច, ទេសកាល និង ព្រឹត្តិការណ៍ទាក់ទងនឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និង ការពណ៌នាអំពីរូប។
ក្នុងបេសកកម្មលើកនេះដែរ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ ដល់ប្រាសាទបន្ទាយឆ្មារ។
RAC Media | តាកេត ស័កដា
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស...
ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរ...
នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...
ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...