Royal Academy of Cambodia
ពាក្យថា«សង្រ្គាមត្រជាក់» ត្រូវបានប្រើជាដំបូងនៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំរវាងរដ្ឋនិងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ្គាមក្តៅនឹងគ្នាដោយផ្ទាល់ទេ។ ក្រោយមក ជាពិសេស នៅក្រោយសង្រ្គាមលោកលើកទី២ ពាក្យថា«សង្រ្គាមត្រជាក់»នេះ ត្រូវបានគេយកមកប្រើជាទូទៅដើម្បីសំដៅលើការប្រឈមមុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ គឺសហរដ្ឋអាម៉េរិក និងសហភាពសូវៀត។
ក្រោយសង្រ្គាមលោកលើកទី២ សហរដ្ឋអាម៉េរិកនិងសភាពសូវៀត ដែលជាអ្នកឈ្នះសង្រ្គាមជាមួយគ្នា បានក្លាយគូបដិបក្ខ។ សូវៀតដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រព័ន្ធសេដ្ឋកិច្ចនយោបាយសង្គមនិយម រីឯសហរដ្ឋអាម៉េរិកដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ក៏ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រជាធិតេយ្យសេរីនិងប្រព័ន្ធសេដ្ឋកិច្ចនយោបាយបែបមូលធននិយម ជាហេតុនាំឱ្យមានសង្រ្គាមមនោគមវិជ្ជា ដែលយើងហៅថា«សង្រ្គាមត្រជាក់»កើតឡើង។ សង្រ្គាមនេះបានអូសបន្លាយអស់រយៈពេល៤៦ឆ្នាំនិងបានសាយភាយពេញពិភពលោក។ សង្រ្គាមនេះចាប់ផ្ដើមលេចចេញរូបរាងច្បាស់លាស់នៅពេលមានការសាងសង់ជញ្ជាំងក្រុងប៊ែរឡាំងបែងចែកអាល្លឺម៉ង់ជាពីរ, សង្រ្គាមកូរ៉េ, សង្រ្គាមវៀតណាម, សង្រ្គាមអាហ្វហ្កានីស្ថាន, សង្រ្គាមនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ជាដើម។
សង្រ្គាមនេះ មានលក្ខណៈជាសង្រ្គាមបែបឃោសនាការ, សង្រ្គាមបែបចិត្តវិទ្យា និងសង្រ្គាមបែបតំណាង ដោយអ្នកធ្វើសង្រ្គាមពិតប្រាកដ គឺប្រទេសដែលនៅពីក្រោយខ្នងរបស់ភាគីជម្លោះម្ខាងៗ ហើយសូម្បីតែក្រុមផ្សេងៗ ឬបក្សផ្សេងៗនៅក្នុងប្រទេសតែមួយ ក៏បានបែងចែកគ្នាគាំទ្រមនោគមវិជ្ជាម្ខាងម្នាក់និងមានការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម ដោយម្ខាងដែលប្រកាន់លទ្ធិកុម្មុយនីស្ត មានសហភាពសូវៀតជាបង្អែក រីឯម្ខាងទៀតដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី មានសហរដ្ឋអាម៉េរិកជាបង្អែក ដូចជាវៀតណាមខាងជើងនិងត្បូង កូរ៉េខាងជើងនិងខាងត្បូង ក៏ដូចជា កម្ពុជាដែរដែលមានក្រុមប្រឆាំងគ្នាជាច្រើនក្រុម ហើយក្រុមទាំងអស់នេះគ្រាន់តែជាកូនអុករបស់មហាអំណាចទាំងពីរតែប៉ុណ្ណោះ ប៉ុន្តែក្រុមឬភាគីជម្លោះទាំងនោះ បានក្លាយជាជនរងគ្រោះពិតប្រាកដពីសង្រ្គាមត្រជាក់នេះ។
សង្រ្គាមត្រជាក់ដែលបង្កឡើងពីទំនាស់រវាងសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត បានបង្កឱ្យមានវិនាសកម្មជាច្រើន តាមពិតវាមិនមែនជាសង្រ្គាមមនោគមវិជ្ជាស្អីនោះទេ ប៉ុន្តែ វាគឺជាការដណ្ដើមអំណាចរវាងប្រទេសមហាអំណាចពីរដែលឈ្នះសង្គ្រាមលោកលើកទី២ជាមួយគ្នា ហើយបន្តចង់បានលេខមួយតែម្នាក់ឯងនោះ។ ជាក់ស្តែង សង្រ្គាមរវាងអេត្យូពីនិងសូម៉ាលី ដើមឡើយ សហភាពសូវៀតគាំទ្រសូម៉ាលី និងសហរដ្ឋអាម៉េរិកគាំទ្រអេត្យូពី ហើយក្រោយមក សហភាពសូវៀតត្រឡប់មកគាំទ្រអេត្យូពី ឯសហរដ្ឋអាម៉េរិកក៏បែរទៅគំាំទ្រសូម៉ាលីវិញ ហើយប្រទេសមហាអំណាចទាំងពីរចេះតែផ្គត់ផ្គង់អាវុធទៅឱ្យពួកគេប្រយុទ្ធគ្នាទៅ។
រហូតដល់សម័យ មីខៀល ហ្គរបាឆូហ្វ (Mikhail Gorbachev) មេដឹកនាំសហភាពសូវៀតបានយកនយោបាយកែទម្រង់ប្រទេស ប្រែទៅជាប្រជាធិបតេយ្យ ទើបធ្វើឱ្យសង្រ្គាមត្រជាក់ត្រូវបញ្ចប់នៅឆ្នាំ១៩៩១។ សង្រ្គាមត្រជាក់ធ្វើឱ្យពិភពលោករងទុក្ខអស់រយៈពេល៤៦ឆ្នាំ។
ពីមុន គេយកមនោគមន៍វិជ្ជានយោបាយ មកធ្វើជាលេសក្នុងការធ្វើសង្រ្គាម ដែលយើងហៅថា «សង្រ្គាមត្រជាក់» បែងចែកពិភពលោកជាពីរក្រុមដោយមានមនោគមន៍វិជ្ជានយោបាយផ្ទុយគ្នាហើយបដិបក្ខគ្នា ប៉ុន្តែ សព្វថ្ងៃនេះ មនោគមន៍វិជ្ជានយោបាយលែងដើរតួនាទីជាឈ្នាន់ឱ្យប្រទេសនីមួយៗនៅលើពិភពលោកបែងចែកគ្នាទៀតហើយ ព្រោះថាសូម្បីតែប្រទេសប្រកាន់របបសង្គមនិយម ក៏អនុវត្តនយោបាយសេដ្ឋកិច្ចបែបមូលធននិយមដែរ។ ដូច្នេះ វាច្បាស់ណាស់ថា សង្រ្គាមត្រជាក់ជំនាន់ថ្មីនឹងមិនកើតពីទំនាស់ខាងឧត្ដមគតិទៀតទេ។ ដូច្នេះ តើសង្រ្គាមត្រជាក់សម័យថ្មីនឹងកើតឡើងមកពីមូលហេតុអ្វី?
ពិភពលោកសព្វថ្ងៃ ខុសឆ្ងាយពិភពលោកកាលពីប៉ុន្មានទសវត្សរ៍មុន សេដ្ឋកិច្ចបានចូលមកដើរតួនាទីសំខាន់ក្នុងការកំណត់ភូមិសាស្រ្តនយោបាយ ក្នុងន័យនេះ មានន័យថា សង្រ្គាមត្រជាក់ថ្មីអាចកើតពីសង្រ្គាម សេដ្ឋកិច្ច ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៩ បង្កឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលមានភាគីម្ខាងទៀតគឺចិន។
ការចាប់ផ្ដើមដោយសង្រ្គាមពាណិជ្ជកម្មរវាចិននិងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យពិភពលោក ជាពិសេស ប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនិងចិន ឬប្រទេសតូចៗ ដែលពឹងផ្អែកលើផលប្រយោជន៍ខាងសេដ្ឋកិច្ចពីប្រទេសមហាអំណាចទាំងពីរ ក៏ចាប់ផ្ដើមចែកបក្សចែកបក្សពួក បើទោះជាមិនទាន់បង្ហាញពីជំហរដាច់ខាតដូចសម័យកាលសង្រ្គាមត្រជាក់ក៏ដោយ ក៏យើងបានឃើញច្បាស់ពីភាពលម្អៀងរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសឬគាំទ្រខាងមហាអំណាចណាមួយក្នុងចំណោមមហាអំណាចទាំងពីរ។ ពីដំបូង ការបែងចែកក្រុមខាងសេដ្ឋកិច្ចហាក់ដូចជានៅមានភាពស្រពិចស្រពិល ប៉ុន្តែ មកទល់ពេលនេះ រូបភាពនោះកាន់តែបង្ហាញជាក់ច្បាស់ ដែលក្នុងនោះ យើងបានឃើញក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកកំពុងឡោមព័ទ្ធចិន ដូចជាថ្មីៗនេះ មានការខិតខំទាញយកក្រុមហ៊ុនសហរដ្ឋអាម៉េរិកជាង១ពាន់ក្រុមហ៊ុនឱ្យដកការផលិតចេញពីប្រទេសចិន ហើយផ្លាស់ទីតាំងទៅឥណ្ឌា និងជប៉ុន ដែលជាប្រទេសដៃគូដ៏សំខាន់របស់សហរដ្ឋអាម៉េរិក បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់វិស័យឧស្សាហកម្មឱ្យផ្លាស់ទីតាំងផលិតពីប្រទេសចិនទៅកាន់ប្រទេសផ្សេង។
រហូតមកដល់ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ជាវេលាដែលវីរុសកូវីដ១៩ បាននិងកំពុងរាតត្បាតពាសពេញពិភពលោក វាសមតែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេស ប្រទេសមហាអំណាច រួមកម្លាំងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ប៉ុន្តែ បែរជាបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចែកបក្សពួក និងការព្យាយាមធ្វើសង្រ្គាមចិត្តសាស្រ្តរវាងគ្នាទៅវិញ។ ដូចជាថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទាមទារឱ្យចិនទទួលខុសត្រូវចំពោះការរាតត្បាតនៃកូវីដ-១៩ ហើយក៏កំពុងរៀបចំផែនការរយៈពេលវែង ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ទន្ទឹមនឹងនោះក៏បានកៀងគរសម្ព័ន្ធមិត្តនៅអឺរ៉ុប អាស៊ី មានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ជាដើម រួមគ្នាដាក់សម្ពាធលើប្រទេសចិន។ លើសពីនេះទៀត ភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងចិន បានបន្តកើតឡើង នៅពេលមានការចោទប្រកាន់ជាសាធារណៈរបស់អាម៉េរិកចំពោះចិនថា ប៉ុនប៉ងលួចការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩របស់ខ្លួន។ ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការចោទប្រកាន់ទាំងឡាយរបស់អាម៉េរិក (ដូណាល់ត្រាំ)។
ពីមួយជំហានទៅមួយជំហាន ស្ថានការណ៍កាន់តែតានតឹងឡើងៗ ដូចជាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញាមេឃចំហ (OPEN SKIES) ដែលអាចត្រួតពិនិត្យបណ្ដាចលនាយោធានិងបណ្ដាវិធានការកម្រិតគ្រឿងសព្វាវុធរបស់បណ្ដាប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះដោយចោទប្រកាន់រុស្ស៊ីថា រំលោភបំពានសន្ធិសញ្ញានេះ។ ហើយក្រោយពីចិនដាក់គម្រោងច្បាប់ស្ដីពីសន្តិសុខជាតិនៅក្រុងហុងកុង អាម៉េរិក បានលូកដៃចូលភ្លាម ដោយប្រកាសគំរាមដាក់ទណ្ឌកម្ម ជាហេតុនាំឱ្យចិនក៏បានគំរាមតបអាម៉េរិកអំពីការសងសឹករបស់ខ្លួនវិញភ្លាមៗដែរ ដោយចិនអះអាងថានឹងចាត់វិធានការមួយចំនួន ប្រសិនបើអាមេរិកនៅតែចចេសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួននៅហុងកុង។
ទំនាស់រវាងមហាអំណាចទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើនកម្ដៅឥតឈប់ឈរ ហើយការស្ដែងឡើងនៃក្រុមម្ខាងៗក៏លេចចេញរូបរាងកាន់តែច្បាស់ឡើងៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបែងចែករវាងម្ខាងចិននិងម្ខាងអាម៉េរិក។ ស្ថានភាពបែបនេះ ចង់ឬមិនចង់ ប្រទេសតូចៗគ្មានជម្រើសទេ បើសង្រ្គាមបែបនេះនៅតែបន្ត ចុងក្រោយ ប្រទេសតូចៗត្រូវតែជ្រើសរើសយកការគាំទ្រភាគីណាមួយដោយផ្អែកលើផលប្រយោជន៍របស់ខ្លួនឬគាំទ្រភាគីណាមួយជាយថាហេតុ។ សង្រ្គាមលើកនេះអាចមិនប្រើអាវុធវាយប្រហារគ្នាដូចពីមុនទេ គេប្រើសម្ពាធខាងសេដ្ឋកិច្ចដាក់គ្នាទៅវិញទៅមក ដោយការប្រើប្រាស់មធ្យាបាយខាងពន្ធអាករ, ស្តង់ដារគុណភាពទំនិញ និងលក្ខខណ្ឌផ្សេងៗ។ បើសង្រ្គាមត្រជាក់ថ្មីអូសបន្លាយយូររហូតដល់៤៦ឆ្នាំ ដូចសង្រ្គាមត្រជាក់មុន នោះប្រជាជនពិភពលោកមុខតែលំបាកជាមិនខាន ជាពិសេស អាស៊ានទំនងជានឹងក្លាយជាចំណុចក្ដៅនៃការប្រជែងគ្នារវាងមហាអំណាចទាំងពីរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
Opinion Cambodia and Vietnam's bilateral ties can be described as love-hate in nature. The two nations have a long history of interaction, cooperation, and hostility as close neighbors and have had bo...
Opinion The 22nd ASEAN-Republic of Korea (ROK) Summit was held virtually on October 26, 2021, last year. His Majesty Sultan Haji Hassanal Bolkiah, the Sultan and Yang Di-Pertuan of Brunei Darussalam,...
Since October 30, 1997, Cambodia's Prime Minister Hun Sen has developed excellent ties with the Republic of Korea. Since the two nations' diplomatic ties were established, the prime minister of Cambod...
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ...
"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដ...