ព័ត៌មាន

សង្រ្គាមត្រជាក់សម័យថ្មី ដោយ៖ លោក ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-06-09 09:34:41 ថ្ងៃអង្គារ, 09 មិថុនា 2020, 09:34 AM
post_detail

ពាក្យថា«សង្រ្គាមត្រជាក់» ត្រូវបានប្រើជាដំបូងនៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំរវាងរដ្ឋនិងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ្គាមក្តៅនឹងគ្នាដោយផ្ទាល់ទេ។ ក្រោយមក ជាពិសេស នៅក្រោយសង្រ្គាមលោកលើកទី២ ពាក្យថា«សង្រ្គាមត្រជាក់​»​នេះ ត្រូវបានគេយកមកប្រើជាទូទៅដើម្បីសំដៅលើការប្រឈមមុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ គឺសហរដ្ឋអាម៉េរិក និងសហភាពសូវៀត។

ក្រោយសង្រ្គាមលោកលើកទី២ សហរដ្ឋអាម៉េរិកនិងសភាពសូវៀត ដែលជាអ្នកឈ្នះសង្រ្គាមជាមួយគ្នា បានក្លាយគូបដិបក្ខ។ សូវៀតដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រព័ន្ធសេដ្ឋកិច្ចនយោបាយសង្គមនិយម រីឯសហរដ្ឋអាម៉េរិកដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ក៏ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រជាធិតេយ្យសេរីនិងប្រព័ន្ធសេដ្ឋកិច្ចនយោបាយបែបមូលធននិយម ជាហេតុនាំឱ្យមានសង្រ្គាម​មនោគមវិជ្ជា ដែលយើងហៅថា«សង្រ្គាមត្រជាក់»កើតឡើង។ សង្រ្គាមនេះបានអូសបន្លាយអស់រយៈពេល​៤៦ឆ្នាំនិងបានសាយភាយពេញពិភពលោក។ សង្រ្គាមនេះចាប់ផ្ដើមលេចចេញរូបរាងច្បាស់លាស់នៅពេលមានការ​សាងសង់ជញ្ជាំងក្រុងប៊ែរឡាំងបែងចែកអាល្លឺម៉ង់ជាពីរ, សង្រ្គាមកូរ៉េ, សង្រ្គាមវៀតណាម, សង្រ្គាមអាហ្វហ្កានីស្ថាន, សង្រ្គាមនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ជាដើម។

សង្រ្គាមនេះ មានលក្ខណៈជាសង្រ្គាមបែបឃោសនាការ, សង្រ្គាមបែបចិត្តវិទ្យា និងសង្រ្គាមបែបតំណាង ដោយអ្នកធ្វើសង្រ្គាមពិតប្រាកដ គឺប្រទេសដែលនៅពីក្រោយខ្នងរបស់ភាគីជម្លោះម្ខាងៗ ហើយសូម្បីតែក្រុមផ្សេងៗ ឬបក្សផ្សេងៗ​នៅក្នុងប្រទេសតែមួយ ក៏បានបែងចែកគ្នាគាំទ្រមនោគមវិជ្ជាម្ខាងម្នាក់និងមានការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម ដោយម្ខាងដែលប្រកាន់លទ្ធិកុម្មុយនីស្ត មានសហភាពសូវៀតជាបង្អែក រីឯម្ខាងទៀតដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី មានសហរដ្ឋអាម៉េរិកជាបង្អែក ដូចជាវៀតណាមខាងជើងនិងត្បូង កូរ៉េខាងជើងនិងខាងត្បូង ក៏ដូចជា កម្ពុជាដែរដែលមានក្រុមប្រឆាំងគ្នាជាច្រើនក្រុម ហើយក្រុមទាំងអស់នេះគ្រាន់តែជាកូនអុករបស់មហាអំណាចទាំងពីរតែប៉ុណ្ណោះ ប៉ុន្តែក្រុមឬភាគីជម្លោះទាំងនោះ បានក្លាយជាជនរងគ្រោះពិតប្រាកដពីសង្រ្គាមត្រជាក់នេះ។

សង្រ្គាមត្រជាក់ដែលបង្កឡើងពីទំនាស់រវាងសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត បានបង្កឱ្យមានវិនាសកម្មជាច្រើន តាមពិតវាមិនមែនជាសង្រ្គាមមនោគមវិជ្ជាស្អីនោះទេ ប៉ុន្តែ វាគឺជាការដណ្ដើមអំណាចរវាងប្រទេសមហាអំណាចពីរដែលឈ្នះសង្គ្រាមលោកលើកទី២ជាមួយគ្នា ហើយបន្តចង់បានលេខមួយតែម្នាក់ឯងនោះ។ ជាក់ស្តែង សង្រ្គាមរវាង​អេត្យូពីនិងសូម៉ាលី ដើមឡើយ សហភាពសូវៀតគាំទ្រសូម៉ាលី និងសហរដ្ឋអាម៉េរិកគាំទ្រអេត្យូពី ហើយក្រោយមក សហភាពសូវៀតត្រឡប់មកគាំទ្រអេត្យូពី ឯសហរដ្ឋអាម៉េរិកក៏បែរទៅគំាំទ្រសូម៉ាលីវិញ ហើយប្រទេសមហាអំណាចទាំងពីរចេះតែផ្គត់ផ្គង់អាវុធទៅឱ្យពួកគេប្រយុទ្ធគ្នាទៅ។

រហូតដល់សម័យ មីខៀល ហ្គរបាឆូហ្វ (Mikhail Gorbachev) មេដឹកនាំសហភាពសូវៀតបានយកនយោបាយកែទម្រង់​ប្រទេស ប្រែទៅជាប្រជាធិបតេយ្យ ទើបធ្វើឱ្យសង្រ្គាមត្រជាក់ត្រូវបញ្ចប់នៅឆ្នាំ១៩៩១។ សង្រ្គាមត្រជាក់ធ្វើឱ្យពិភពលោករងទុក្ខអស់រយៈពេល៤៦ឆ្នាំ។

ពីមុន គេយកមនោគមន៍វិជ្ជានយោបាយ មកធ្វើជាលេសក្នុងការធ្វើសង្រ្គាម ដែលយើងហៅថា «សង្រ្គាមត្រជាក់» បែងចែកពិភពលោកជាពីរក្រុមដោយមានមនោគមន៍វិជ្ជានយោបាយផ្ទុយគ្នាហើយបដិបក្ខគ្នា ប៉ុន្តែ សព្វថ្ងៃនេះ មនោគមន៍វិជ្ជានយោបាយលែងដើរតួនាទីជាឈ្នាន់ឱ្យប្រទេសនីមួយៗនៅលើពិភពលោកបែងចែកគ្នាទៀតហើយ ព្រោះ​ថាសូម្បីតែប្រទេសប្រកាន់របបសង្គមនិយម ក៏អនុវត្តនយោបាយសេដ្ឋកិច្ចបែបមូលធននិយមដែរ។ ដូច្នេះ វាច្បាស់ណាស់ថា សង្រ្គាមត្រជាក់ជំនាន់ថ្មីនឹងមិនកើតពីទំនាស់ខាងឧត្ដមគតិទៀតទេ។ ដូច្នេះ តើសង្រ្គាមត្រជាក់សម័យថ្មីនឹង​កើតឡើងមកពីមូលហេតុអ្វី?

ពិភពលោកសព្វថ្ងៃ ខុសឆ្ងាយពិភពលោកកាលពីប៉ុន្មានទសវត្សរ៍មុន សេដ្ឋកិច្ចបានចូលមកដើរតួនាទីសំខាន់ក្នុងការកំណត់ភូមិសាស្រ្តនយោបាយ ក្នុងន័យនេះ មានន័យថា សង្រ្គាមត្រជាក់ថ្មីអាចកើតពីសង្រ្គាម សេដ្ឋកិច្ច ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៩ បង្កឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលមានភាគីម្ខាងទៀតគឺចិន។

ការចាប់ផ្ដើមដោយសង្រ្គាមពាណិជ្ជកម្មរវាចិននិងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យពិភពលោក ជាពិសេស ប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនិងចិន ឬប្រទេសតូចៗ ដែលពឹងផ្អែកលើផលប្រយោជន៍ខាងសេដ្ឋកិច្ចពីប្រទេសមហាអំណាច​ទាំងពីរ ក៏ចាប់ផ្ដើមចែកបក្សចែកបក្សពួក បើទោះជាមិនទាន់បង្ហាញពីជំហរដាច់ខាតដូចសម័យកាលសង្រ្គាមត្រជាក់ក៏ដោយ ក៏យើងបានឃើញច្បាស់ពីភាពលម្អៀងរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសឬគាំទ្រខាងមហាអំណាចណាមួយក្នុងចំណោមមហាអំណាចទាំងពីរ។ ពីដំបូង ការបែងចែកក្រុមខាងសេដ្ឋកិច្ចហាក់ដូចជានៅមានភាពស្រពិចស្រពិល ប៉ុន្តែ មកទល់ពេលនេះ រូបភាពនោះកាន់តែបង្ហាញជាក់ច្បាស់ ដែលក្នុងនោះ យើងបានឃើញក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកកំពុងឡោមព័ទ្ធចិន ដូចជាថ្មីៗនេះ មានការខិតខំទាញយកក្រុមហ៊ុនសហរដ្ឋអាម៉េរិកជាង​១ពាន់ក្រុមហ៊ុនឱ្យដកការផលិតចេញពីប្រទេសចិន ហើយផ្លាស់ទីតាំងទៅឥណ្ឌា និងជប៉ុន ដែលជាប្រទេសដៃគូដ៏សំខាន់​របស់សហរដ្ឋអាម៉េរិក បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់វិស័យឧស្សាហកម្មឱ្យផ្លាស់ទីតាំងផលិតពីប្រទេស​ចិនទៅកាន់ប្រទេសផ្សេង។

រហូតមកដល់ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ជាវេលាដែលវីរុសកូវីដ១៩ បាននិងកំពុងរាតត្បាតពាសពេញពិភពលោក វាសមតែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេស ប្រទេសមហាអំណាច រួមកម្លាំងសហការ​គ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ប៉ុន្តែ បែរជាបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចែកបក្សពួក និងការព្យាយាមធ្វើសង្រ្គាមចិត្តសាស្រ្តរវាងគ្នាទៅវិញ។ ដូចជាថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទាម​ទារ​ឱ្យចិនទទួលខុសត្រូវចំពោះការរាតត្បាតនៃកូវីដ-១៩ ហើយក៏កំពុងរៀបចំផែនការរយៈពេលវែង ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ទន្ទឹមនឹងនោះក៏បានកៀងគរសម្ព័ន្ធមិត្តនៅអឺរ៉ុប អាស៊ី មានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ជាដើម រួមគ្នាដាក់សម្ពាធលើប្រទេសចិន។ លើសពីនេះទៀត ភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងចិន បានបន្តកើតឡើង នៅ​ពេល​មានការចោទប្រកាន់ជាសាធារណៈរបស់អាម៉េរិកចំពោះចិនថា ប៉ុនប៉ងលួចការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩របស់ខ្លួន។ ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការចោទប្រកាន់ទាំងឡាយរបស់អាម៉េរិក (ដូណាល់ត្រាំ)។

ពីមួយជំហានទៅមួយជំហាន ស្ថានការណ៍កាន់តែតានតឹងឡើងៗ ដូចជាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ប្រធា​នាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញាមេឃចំហ (OPEN SKIES) ដែលអាចត្រួតពិនិត្យបណ្ដាចលនាយោធានិងបណ្ដាវិធានការកម្រិតគ្រឿងសព្វាវុធរបស់បណ្ដាប្រទេសដែលចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនោះដោយចោទប្រកាន់រុស្ស៊ីថា រំលោភបំពានសន្ធិសញ្ញានេះ។ ហើយក្រោយពីចិនដាក់គម្រោងច្បាប់ស្ដីពីសន្តិសុខជាតិនៅក្រុងហុងកុង អាម៉េរិក បានលូកដៃចូលភ្លាម ដោយប្រកាសគំរាមដាក់ទណ្ឌកម្ម ជាហេតុនាំឱ្យចិនក៏បានគំរាមតបអាម៉េរិកអំពីការសងសឹករបស់ខ្លួនវិញភ្លាមៗដែរ ដោយចិនអះអាងថានឹងចាត់វិធានការមួយចំនួន ប្រសិនបើអាមេរិកនៅតែចចេសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួននៅហុងកុង។

ទំនាស់រវាងមហាអំណាចទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើនកម្ដៅឥតឈប់ឈរ ហើយការស្ដែងឡើងនៃក្រុមម្ខាងៗក៏លេចចេញរូបរាងកាន់តែច្បាស់ឡើងៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបែងចែករវាងម្ខាងចិននិងម្ខាងអា​ម៉េ​រិក​។ ស្ថានភាពបែបនេះ ចង់ឬមិនចង់ ប្រទេសតូចៗគ្មានជម្រើសទេ បើសង្រ្គាមបែបនេះនៅតែបន្ត ចុងក្រោយ ប្រទេស​​តូចៗត្រូវតែជ្រើសរើសយកការគាំទ្រភាគីណាមួយដោយផ្អែកលើផលប្រយោជន៍របស់ខ្លួនឬគាំទ្រភាគីណាមួយជាយថាហេតុ។ សង្រ្គាមលើកនេះអាចមិនប្រើអាវុធវាយប្រហារគ្នាដូចពីមុនទេ គេប្រើសម្ពាធខាងសេដ្ឋកិច្ចដាក់គ្នាទៅ​វិញ​ទៅមក ដោយការប្រើប្រាស់មធ្យាបាយខាងពន្ធអាករ, ស្តង់ដារគុណភាពទំនិញ និងលក្ខខណ្ឌផ្សេងៗ។ បើ​សង្រ្គាមត្រជាក់ថ្មីអូសបន្លាយយូររហូតដល់៤៦ឆ្នាំ ដូចសង្រ្គាមត្រជាក់មុន នោះប្រជាជនពិភពលោកមុខតែលំបាកជាមិនខាន ជាពិសេស អាស៊ានទំនងជានឹងក្លាយជាចំណុចក្ដៅនៃការប្រជែងគ្នារវាងមហាអំណាចទាំងពីរ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទ...

2019-12-27 18:17:16   Fri, 27,12,2019, 06:17 PM
«គុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគចិននៅកម្ពុជា» ដោយ៖ បាន សំអេង

ជាការពិតណាស់ ប្រទេសជាតិមួយដើម្បីអាចទាក់ទាញវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួនបាន លុះត្រាតែប្រទេសេជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ សន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីថែរក្សាការពារសុវត្ថិភាពដល់...

2019-12-27 18:11:08   Fri, 27,12,2019, 06:11 PM
«អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាមានអាយុកាល ៥ឆ្នាំហើយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប ៥ឆ្នាំនៃការសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាជាផ្លូវការ។ អគារបណ្ឌិតសភាចារ្យ គឺជាទីកន្លែងប្រមូលផ្តុំធនធានបញ្ញ...

2019-12-26 07:21:14   Thu, 26,12,2019, 07:21 AM
«ជំនួបកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជ...

2019-12-22 09:41:43   Sun, 22,12,2019, 09:41 AM
«ការអភិរក្សប្រាសាទបន្ទាយស្រី»

ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ព្រឹទ្ធាចារ្យ ឡោ សាន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែ...

2019-12-20 09:02:48   Fri, 20,12,2019, 09:02 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្...

2019-12-20 05:39:08   Fri, 20,12,2019, 05:39 AM

សេចក្តីប្រកាស