ព័ត៌មាន

ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ័្មនទី៧ អញ្ជើញទស្សនា និងពិនិត្យស្វែងយល់ការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់

2020-06-09 08:47:58 ថ្ងៃអង្គារ, 09 មិថុនា 2020, 08:47 AM
post_detail

(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទ​បាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទស្សនា និង ពិនិត្យការវិវត្តនៃដំណើរការជួស​ជុល​នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្វែងយល់អំពីដំណើរការជួសជុលនិងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វា​ត​ព៌ណស(គ្រីស្តាល់) និងត្រីសូរ។

ក្នុងឱកាសពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានជួបជាមួយតំណាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់។ ជាមួយនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋានជួសជុលបានជម្រាបជូនឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអំពីដំណើរការជួសជុល និង លទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា រួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ កន្លងមកនេះផងដែរ។

អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងកំណាយបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារ​បានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ រួមមាន ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។ អ្នកជំនាញប្រចាំការដ្ឋានជួសជុលបានបន្តឱ្យដឹងថា សត្វអណ្តើកដែលត្រូវបានរកឃើញទី១ មានទំហំ ៥៦ស.ម និងទទឹង ៩៣ស.ម ចំណែកអណ្តើកទី២ មានទំហំតូចជាង ហើយ​អណ្តើកទាំងពីរត្រូវបាននៅរក្សាទុកលើទីតាំងកំណាយជាបណ្ដោះអាសន្នសិន។ ចំពោះវត្ថុបុរាណផ្សេងទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុលសម្អាត និងរក្សាទុក។

តបនឹងការបង្ហាញរបស់មន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរដែលជាមរតករបស់​មនុស្សជាតិឱ្យកាន់តែបានល្អប្រសើរប្រកបដោយនិរន្តរភាពយូរអង្វែង។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងសហការីបានបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិផងដែរ។

យោងតាមអ្នកជំនាញបុរាណវិទ្យា បានលើកឡើងថា «ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទីនេះគឺជាកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹករៀបរាប់ពីការដាក់បណ្តាសាដល់អ្នកដែលធ្វើឱ្យទឹកនៅទីនេះកខ្វក់ផងដែរ»៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

«សាកលវិទ្យាល័យវ៉ាសេដា Waseda ប្រទេសជប៉ុន មានបំណងក្នុងការសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា»

នារសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នា២០២០ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត តាបាតា (Dr. Yukitsugu TABATA) ដែលលោកជា ប្រធានវិទ្យាស្ថានបេតិកភណ្ឌវប...

2020-12-28 10:50:22   Mon, 28,12,2020, 10:50 AM
ឡុញ ឡាយ៖ បទពិសោធន៍ជិត៣០ឆ្នាំជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-12-27 06:45:29   Sun, 27,12,2020, 06:45 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2020-12-25 09:52:18   Fri, 25,12,2020, 09:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...

2020-12-25 08:10:17   Fri, 25,12,2020, 08:10 AM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   Fri, 25,12,2020, 04:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   Thu, 24,12,2020, 05:40 AM

សេចក្តីប្រកាស