Royal Academy of Cambodia
(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទបាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទស្សនា និង ពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្វែងយល់អំពីដំណើរការជួសជុលនិងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។
ក្នុងឱកាសពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានជួបជាមួយតំណាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់។ ជាមួយនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋានជួសជុលបានជម្រាបជូនឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអំពីដំណើរការជួសជុល និង លទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា រួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ កន្លងមកនេះផងដែរ។
អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងកំណាយបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ រួមមាន ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។ អ្នកជំនាញប្រចាំការដ្ឋានជួសជុលបានបន្តឱ្យដឹងថា សត្វអណ្តើកដែលត្រូវបានរកឃើញទី១ មានទំហំ ៥៦ស.ម និងទទឹង ៩៣ស.ម ចំណែកអណ្តើកទី២ មានទំហំតូចជាង ហើយអណ្តើកទាំងពីរត្រូវបាននៅរក្សាទុកលើទីតាំងកំណាយជាបណ្ដោះអាសន្នសិន។ ចំពោះវត្ថុបុរាណផ្សេងទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុលសម្អាត និងរក្សាទុក។
តបនឹងការបង្ហាញរបស់មន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរដែលជាមរតករបស់មនុស្សជាតិឱ្យកាន់តែបានល្អប្រសើរប្រកបដោយនិរន្តរភាពយូរអង្វែង។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងសហការីបានបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិផងដែរ។
យោងតាមអ្នកជំនាញបុរាណវិទ្យា បានលើកឡើងថា «ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទីនេះគឺជាកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹករៀបរាប់ពីការដាក់បណ្តាសាដល់អ្នកដែលធ្វើឱ្យទឹកនៅទីនេះកខ្វក់ផងដែរ»៕
RAC Media| រឿន ភារុន
ដោយ៖ លឹម សុវណ្ណរិទ្ធ ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ...
យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊...