Royal Academy of Cambodia
(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទបាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទស្សនា និង ពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្វែងយល់អំពីដំណើរការជួសជុលនិងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។
ក្នុងឱកាសពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានជួបជាមួយតំណាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់។ ជាមួយនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋានជួសជុលបានជម្រាបជូនឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអំពីដំណើរការជួសជុល និង លទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា រួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ កន្លងមកនេះផងដែរ។
អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងកំណាយបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ រួមមាន ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។ អ្នកជំនាញប្រចាំការដ្ឋានជួសជុលបានបន្តឱ្យដឹងថា សត្វអណ្តើកដែលត្រូវបានរកឃើញទី១ មានទំហំ ៥៦ស.ម និងទទឹង ៩៣ស.ម ចំណែកអណ្តើកទី២ មានទំហំតូចជាង ហើយអណ្តើកទាំងពីរត្រូវបាននៅរក្សាទុកលើទីតាំងកំណាយជាបណ្ដោះអាសន្នសិន។ ចំពោះវត្ថុបុរាណផ្សេងទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុលសម្អាត និងរក្សាទុក។
តបនឹងការបង្ហាញរបស់មន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរដែលជាមរតករបស់មនុស្សជាតិឱ្យកាន់តែបានល្អប្រសើរប្រកបដោយនិរន្តរភាពយូរអង្វែង។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងសហការីបានបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិផងដែរ។
យោងតាមអ្នកជំនាញបុរាណវិទ្យា បានលើកឡើងថា «ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទីនេះគឺជាកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹករៀបរាប់ពីការដាក់បណ្តាសាដល់អ្នកដែលធ្វើឱ្យទឹកនៅទីនេះកខ្វក់ផងដែរ»៕
RAC Media| រឿន ភារុន
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអ...