ព័ត៌មាន

ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ័្មនទី៧ អញ្ជើញទស្សនា និងពិនិត្យស្វែងយល់ការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់

2020-06-09 08:47:58 ថ្ងៃអង្គារ, 09 មិថុនា 2020, 08:47 AM
post_detail

(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទ​បាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទស្សនា និង ពិនិត្យការវិវត្តនៃដំណើរការជួស​ជុល​នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្វែងយល់អំពីដំណើរការជួសជុលនិងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វា​ត​ព៌ណស(គ្រីស្តាល់) និងត្រីសូរ។

ក្នុងឱកាសពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានជួបជាមួយតំណាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់។ ជាមួយនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋានជួសជុលបានជម្រាបជូនឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអំពីដំណើរការជួសជុល និង លទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា រួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ កន្លងមកនេះផងដែរ។

អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងកំណាយបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារ​បានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ រួមមាន ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។ អ្នកជំនាញប្រចាំការដ្ឋានជួសជុលបានបន្តឱ្យដឹងថា សត្វអណ្តើកដែលត្រូវបានរកឃើញទី១ មានទំហំ ៥៦ស.ម និងទទឹង ៩៣ស.ម ចំណែកអណ្តើកទី២ មានទំហំតូចជាង ហើយ​អណ្តើកទាំងពីរត្រូវបាននៅរក្សាទុកលើទីតាំងកំណាយជាបណ្ដោះអាសន្នសិន។ ចំពោះវត្ថុបុរាណផ្សេងទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុលសម្អាត និងរក្សាទុក។

តបនឹងការបង្ហាញរបស់មន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរដែលជាមរតករបស់​មនុស្សជាតិឱ្យកាន់តែបានល្អប្រសើរប្រកបដោយនិរន្តរភាពយូរអង្វែង។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងសហការីបានបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិផងដែរ។

យោងតាមអ្នកជំនាញបុរាណវិទ្យា បានលើកឡើងថា «ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទីនេះគឺជាកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹករៀបរាប់ពីការដាក់បណ្តាសាដល់អ្នកដែលធ្វើឱ្យទឹកនៅទីនេះកខ្វក់ផងដែរ»៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...

2019-03-26 10:58:37   Tue, 26,03,2019, 10:58 AM
ក្រុមហ៊ុនរបស់ស៊ុយអែត រួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជា អភិរក្សធនធានធម្មជាតិក្នុងឧទ្យានឫស្សីត្រឹប

នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...

2019-03-26 09:52:04   Tue, 26,03,2019, 09:52 AM
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង The Room Design Studio និង រាជបណ្ឌិត្យសភាកម្ពុជា

វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...

2019-03-26 09:38:59   Tue, 26,03,2019, 09:38 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...

2019-03-25 11:16:09   Mon, 25,03,2019, 11:16 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូ​វសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព​ (Maréchal J...

2019-03-25 07:51:25   Mon, 25,03,2019, 07:51 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...

2019-03-21 05:32:29   Thu, 21,03,2019, 05:32 AM

សេចក្តីប្រកាស