Royal Academy of Cambodia
(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទបាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទស្សនា និង ពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្វែងយល់អំពីដំណើរការជួសជុលនិងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។
ក្នុងឱកាសពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានជួបជាមួយតំណាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់។ ជាមួយនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋានជួសជុលបានជម្រាបជូនឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអំពីដំណើរការជួសជុល និង លទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា រួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ នៅក្នុងប្រាសាទកណ្តាលស្រះស្រង់ កន្លងមកនេះផងដែរ។
អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងកំណាយបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ រួមមាន ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណស(គ្រីស្តាល់) និងត្រីសូរ។ អ្នកជំនាញប្រចាំការដ្ឋានជួសជុលបានបន្តឱ្យដឹងថា សត្វអណ្តើកដែលត្រូវបានរកឃើញទី១ មានទំហំ ៥៦ស.ម និងទទឹង ៩៣ស.ម ចំណែកអណ្តើកទី២ មានទំហំតូចជាង ហើយអណ្តើកទាំងពីរត្រូវបាននៅរក្សាទុកលើទីតាំងកំណាយជាបណ្ដោះអាសន្នសិន។ ចំពោះវត្ថុបុរាណផ្សេងទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុលសម្អាត និងរក្សាទុក។
តបនឹងការបង្ហាញរបស់មន្ត្រីជំនាញបុរាណវិទ្យាដែលធ្វើការកំណាយស្រាវជ្រាវនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរដែលជាមរតករបស់មនុស្សជាតិឱ្យកាន់តែបានល្អប្រសើរប្រកបដោយនិរន្តរភាពយូរអង្វែង។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងសហការីបានបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិផងដែរ។
យោងតាមអ្នកជំនាញបុរាណវិទ្យា បានលើកឡើងថា «ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទីនេះគឺជាកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹករៀបរាប់ពីការដាក់បណ្តាសាដល់អ្នកដែលធ្វើឱ្យទឹកនៅទីនេះកខ្វក់ផងដែរ»៕
RAC Media| រឿន ភារុន
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...