Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ឧសភា ឆ្នាំ២០២០ ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមការងារផ្សេងៗ។ របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ បូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងបញ្ហាផ្សេងៗ។
នៅព្រឹកមិញនេះ ពីក្នុងបន្ទប់ប្រជុំ RAC ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តក្នុងស្ថាប័ន។
មានប្រសាសន៍ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅជាទៀងទាត់រៀងរាល់ខែ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ក្រើនរម្លឹកថ្នាក់ ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាត្រូវរៀបចំផែនការសកម្មភាព និងបែងចែកតួនាទីភារកិច្ចការងារដល់មន្ត្រីទាំងអស់របស់ខ្លួនឱ្យច្បាស់លាស់ ដើម្បីឱ្យពួកគេយល់ជ្រួតជ្រាបអំពី តួនាទី និងភារកិច្ចការងាររបស់ខ្លួនឱ្យបានច្បាស់លាស់។
ជាមួយនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីដែលបម្រើការងារនៅតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យមកបំពេញការងារនៅការិយាល័យដោយផ្ទាល់ ដើម្បីធានាប្រសិទ្ធភាពការងារស្នូលរបស់ស្ថាប័ន គឺការបណ្តុះបណ្តាលនិងស្រាវជ្រាវ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នវិទ្យាសាស្រ្ត, ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពរបស់យើងទាំងអស់ត្រូវចូលរួមជំរុញការងារនេះទាំងអស់ឱ្យបានកាន់តែល្អប្រសើរ ក្នុងគោលបំណងជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះកិត្តិយសមុខមាត់ស្ថាប័នវិទ្យាសាស្ត្រ និងជាតិយើងទាំងអស់គ្នា»។
ជាទីបញ្ចប់ ក្នុងស្ថានភាពកូវីដ ១៩នេះ ឯកឧត្តមបណ្ឌិតបានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាត្រូវអនុវត្តនូវក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ។
គួរបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
The high-ranking team of the Republic of Korea (RoK), led by President Yoon Suk Yeol, recently traveled to Vietnam, which is a neighboring country of Cambodia. President Yoon participated in a number...
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលមូស្គូ (Moscow) បានប្រកាសចាត់វិធានការប្រឆាំងភេរវកម្មដោយបានហាមមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ក្រោយពេល ក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ (Wagner) បានលើកទ័ពចេញព...
Japan and South Korea share a protracted and complicated history of hostility. Following Japan's 1910–1945 rule of Korea, which included forced labor and sexual slavery, tensions increased. Both natio...
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...