ព័ត៌មាន

តើវីរុសកូរ៉ូណាគំរាមកំហែងដល់ភូមិសាស្ត្រនយោបាយអឺរ៉ុបយ៉ាងដូចម្តេច? ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-06-04 05:19:41 ថ្ងៃព្រហស្បតិ៍, 04 មិថុនា 2020 ម៉ោង 12:19 PM
អ្នកមើល 1646
post_detail

បន្ទាប់ពីមានវិបត្តិវីរុសកូរ៉ូណា សហភាពអឺរ៉ុបនឹងប្រឈមមុខជាមួយបញ្ហាភូមិសាស្ត្រនយោបាយដូចដែលអង្គការតំបន់មួយនេះធ្លាប់បានប្រឈមកន្លងមកដែរ។ ប៉ុន្តែ ពេលនេះ សហភាពអឺរ៉ុបប្រហែលជាត្រូវការដោះស្រាយបញ្ហានេះ ដោយមានសាមគ្គីភាពផ្ទៃក្នុងនិងការជឿទុកចិត្តពីខាងក្រៅតិចតួច។

ស្ថានភាពអាក្រក់បណ្តាលមកពីវីរុសកូរ៉ូណានឹងបង្កហានិភ័យដោយជីកកប់ចោលនូវគំនិតផ្តួចផ្តើមដំបូងរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងលោក Josep Borell ក្នុងអាណត្តិជាតំណាងជាន់ខ្ពស់របស់​សហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខ ដែលសំដៅទៅលើទ្វីបអឺរ៉ុបដែលជាលក្ខណៈជាភូមិសាស្ត្រច្រើនជាង។ ទោះបីជាគ្រប់ប្រទេសទាំងអស់បានទាញយកមេរៀនពីវិបត្តិនេះ ហើយបានធ្វើឱ្យប្រទេសរបស់​ខ្លួនសម្របទៅនឹងបរិស្ថានដែលជំងឺមួយអាចបង្ខាំងមនុស្សជាច្រើនឱ្យនៅក្នុងផ្ទះរបស់ខ្លួនបានខ្លាំងជាងសង្គ្រាមក៏ដោយ ក៏យើងចាំបាច់ត្រូវចងចាំថា វីរុសកូរ៉ូណានេះមិនមែនជាទីបញ្ចប់នៃពិភពលោកឬក៏ជាទីបញ្ចប់នៃប្រវត្តិសាស្រ្តដែរ។ ពិភពលោកពិតជានឹងផ្លាស់ប្តូរ ប៉ុន្តែភូមិសាស្ត្រនយោបាយមិនទំនងក្លាយជាជនរងគ្រោះដោយសារវីរុសនោះទេ​។​ ដូច្នេះ សម្រាប់សហភាពអឺរ៉ុបទាំងមូលត្រូវការជាបន្ទាន់នូវការស្តារ នោះគឺ «ទ្វីបអឺរ៉ុបមួយដែលមានការថែទាំសុខភាព» និង «ទ្វីប អឺរ៉ុបមួយដែលមានលក្ខណៈសេដ្ឋកិច្ច» ហើយក៏មានការចាំបាច់ត្រូវគិតគូរ «ទ្វីបអឺរ៉ុបមួយដែលមានលក្ខណៈជាភូមិសាស្ត្រ» ផងដែរ។

វិបត្តិវីរុសកូរ៉ណាបង្កជាហានិភ័យចំពោះគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលើទិដ្ឋភាពជាច្រើន។ ជាការណ៍ពិតណាស់ ឥឡូវនេះ មានវិបត្តិនៃសាមគ្គីភាពដែលត្រូវបានគេដឹងយ៉ាងទូលំទូលាយរវាងប្រទេសអ៊ីតាលីនិងប្រទេស​សមាជិកសហភាពអឺរ៉ុបផ្សេងទៀត។ រដ្ឋជាសមាជិកជាច្រើនមានអារម្មណ៍ថា មានភាពផុយស្រួយនិងឯកោក្នុង​​វិបត្តិនេះ។ សូម្បីតែម៉ាស់ឬម៉ាស៊ីនជំនួយដង្ហើមក៏ខ្វះក្នុងរយៈពេលខ្លីដែរ មិនតែប៉ុណ្ណោះ ថែមទាំងយល់ថា ថាវិធានការណ៍ត្បិតត្បៀតដ៏តឹងរឹងក្នុងទសវត្សរ៍ចុងក្រោយនេះ ប្រហែលជាអាចធ្វើឱ្យប្រព័ន្ធធនធានថែទាំសុខភាពដែលចាំ​បាច់​​របស់អឺរ៉ុបភាគខាងត្បូងបានចុះខ្សោយនៅក្នុងពេលមានវិបត្តិមួយនេះ។ ទោះបីជាការយល់ឃើញបែបនេះជាការណ៍ពិតឬមិនពិតក៏ដោយ ក៏ការយល់ឃើញបែបនេះបំផ្លាញដល់សាមគ្គីភាពរបស់អឺរ៉ុប។

វិបត្តិនៃសាមគ្គីភាពនេះក៏ធ្វើឱ្យមានឧបសគ្គដល់ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបក្នុងការកសាងសមត្ថភាពសន្តិសុខនិងការពារជាតិជាយុទ្ធសាស្ត្រដោយស្វ័យភាពរបស់ខ្លួន ។ ប្រសិនបើរដ្ឋជាសមាជិកមិនអាចពឹងពាក់គ្នាទៅវិញទៅមកបានក្នុងការជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ ថាតើរដ្ឋទាំងនោះអាចធ្វើអ្វីបានដើម្បីប្រយុទ្ធប្រឆាំងនឹងអំណាចឈ្លាន​ពាន​ពីខាងក្រៅ? ហើយវាពិតណាស់ថា បណ្តាប្រទេសអឺរ៉ុបនឹងសង្ស័យដូចគ្នាទៅលើសហរដ្ឋអាម៉េរិក។ ប៉ុន្តែ បែរជា​បោះ​ចោលនូវភាពគួរឱ្យទុកចិត្ត ដូចគ្នានឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែរ គួរណាស់តែជួយសម្រាលបន្ទុកតិចតួចដល់សហភាពអឺរ៉ុបនិងប្រទេសជាសមាជិកធំៗរបស់ខ្លួន។

អំណាចទន់របស់សហភាពអឺរ៉ុបក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងដែរ។ មានការពិភាក្សាតិចតួចអំពីការបង្កើតឡើងនូវការ​ជំរុញសេដ្ឋកិច្ចឱ្យបានចំនួន៧៥០ពាន់លានអឺរ៉ូសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ដែលប្រកាសដោយធនាគារកណ្តាលអឺរ៉ុបជាជាងជំនួយរបស់រុស្ស៊ី ឬចិនទៅឱ្យប្រទេសអ៊ីតាលីដែលប៉ះពាល់ខ្លាំងជាងគេ។ ទោះបីជាការចាក់បញ្ចូលហិរញ្ញវត្ថុដ៏ច្រើនបែបនេះក៏ដោយ ក៏ពេលខ្លះគឺអាស្រ័យទៅលើការត្រៀមហិរញ្ញវត្ថុដ៏ច្រើនបម្រុងទុកដោយធនាគារកណ្តាលរបស់​រដ្ឋសមាជិកផងដែរ។ ការរង់ចាំថវិកា៧៥០ពាន់លានអឺរ៉ូ វាលំបាកជាងជំនួយផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិន ជំនួយផ្នែកមេរោគឆ្លងរបស់យោធារុស្ស៊ី ឬយន្ដហោះដែលបានដឹកពួកគេទៅកាន់ប្រទេសអ៊ីតាលី។ រថយន្ដយោធារបស់​​រុស្ស៊ីនៅលើផ្លូវនៃប្រទេសអ៊ីតាលីនិងយន្ដហោះដឹកទំនិញរបស់ចិននៅក្នុងព្រលានយន្តហោះរបស់អ៊ីតាលីវាហាក់ដូចជាប្រសើរជាងរូបភាពរបស់វេជ្ជបណ្ឌិតអ៊ីតាលីដែលអស់សង្ឃឹម។

បើនិយាយឱ្យយុត្តិធម៌ចំពោះសហភាព អឺរ៉ុប គឺគ្មានប្រទេសមហាអំណាចមួយណាធ្វើបានល្អជាងនេះទេ។ សូម្បីតែ​សហរដ្ឋអាម៉េរិកមើលទៅកាន់តែមានភាពអាត្មានិយម ខ្វះភាពស្មោះត្រង់ និងហាក់មិនមានទំនាក់ទំនង ដូចមុនពេលមានវិបត្តិទេ។ ចំពោះអំនួតនិងការប្រមាថដ៏ជូរចត់របស់សហភាពអឺរ៉ុបចេញពីប្រព័ន្ធឃោសនារបស់រុស្ស៊ី និងការពង្រីក​​កិត្យានុភាពខ្លួនឯងយ៉ាងទូលំទូលាយចេញពីប្រព័ន្ធឃោសនារបស់ចិន។ ទាំងក្រុងមូស្គូ និងក្រុងប៉េកាំងមើលទៅមិនល្អដូចតែគ្នា ពោលគឺល្អតែសំបកក្រៅ។ ប្រទេសរុស្ស៊ីដែលប្រាក់រូ (rouble) របស់ខ្លួនបានបាត់បង់តម្លៃចំនួន២៥​ភាគ​​រយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានរចនា សម្ព័ន្ធដឹកនាំរឹងមាំផងនោះ​។ ប៉ុន្តែក្នុងពេលនេះតម្លៃប្រេងបានធ្លាក់ចុះដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (តម្លៃក្រោម៣០ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយបារ៉ែល) និងប្រទេសអារ៉ាប៊ីសាអូឌីត កំពុងស្វែងរកអ្នកទិញប្រេងបែបប្រពៃណីរបស់រុស្ស៊ីដោយមានការបញ្ចុះ​តម្លៃយ៉ាងច្រើន។ ហើយភាពផ្ទុយគ្នារវាងការធ្វេសប្រហែសរបស់ប្រទេសចិនក្នុងការគ្រប់គ្រងជំងឺកូរ៉ូណាតាំងពីដំបូង ដែលនាំឱ្យការផលិតតិចជាងតម្រូវការនិងការទិញស្តុកទុកនូវរបាំងមុខ(Masks)ពេលចាប់ផ្តើមដំបូង ដែលក្រោយ​​​មកបានផ្សព្វផ្សាយលើសពីតម្រូវការ។ រឿងនេះ អាចនឹងឈ្នះបេះដូងនៃប្រជាជនស៊ែប៊ី ឬអ៊ីតាលី ប៉ុន្តែវាធ្វើ​ឱ្យអឺរ៉ុបដទៃទៀតមានការខកចិត្ត។

មូលហេតុធំបំផុតមួយដែលធ្វើឱ្យសហភាពអឺរ៉ុបខឹងសម្បារនឹងប្រទេសចិន គឺថាដោយនៅក្នុងខែមករា ឆ្នាំ២០២០ នៅ​ពេលដែលប្រទេសចិនបានទទួលឧបករណ៍វេជ្ជសាស្រ្តរបស់អឺរ៉ុបប្រហែល៧០តោន ដែលនោះជាកាតព្វកិច្ចរបស់មេដឹកនាំអឺរ៉ុបក្នុងការជួយប្រទេសចិន ពេលនោះក្រុងប៉េកាំងបានស្នើសុំឱ្យអឺរ៉ុបមានការប្រុងប្រយ័ត្ន។ អឺរ៉ុបបានធ្វើដោយ​​ប្រុងប្រយ័ត្នជុំវិញភាពអាត្មានិយមរបស់ក្រុងប៉េកាំង ហើយមិនបានបង្វែរជំនួយផ្នែកវេជ្ជសាស្រ្តទៅជាយុទ្ធនាការទំនាក់​​ទំនងសាធារណៈទេ គឺគ្រាន់តែដើម្បីស្វែងរកដំណោះស្រាយដោយខ្លួនឯងក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វ​ផ្សាយ​​​​​ដោយឥតខ្មាស់អៀនរបស់ប្រទេសចិន ក្នុងរយៈពេលពីរខែ កន្លងមកនេះប៉ុណ្ណោះ។

ប៉ុន្តែ​មិនមានអ្វីដែលគួរធ្វើឱ្យសហភាពអឺរ៉ុបបានធូរស្រាលនោះទេ។ មានហានិភ័យមួយ គឺជំងឺឆ្លងកូវីដ-១៩ នឹងពង្រឹង​​គោលនយោបាយការបរទេសតាមទម្លាប់ដែលមានលក្ខណៈចម្រុះគ្នារវាងពលរដ្ឋនិងរដ្ឋាភិបាលសហភាពអឺរ៉ុប​។ ជាការណ៍ពិត ក្នុងចំណោមមេរៀនសំខាន់នៃវិបត្តិ គឺថាប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋត្រូវការធនធានបន្ថែម។ សេដ្ឋកិច្ចរបស់ពួកគេត្រូវការវិធានការជំរុញសេដ្ឋកិច្ច។ សហគមន៍អឺរ៉ុបចាំបាច់ត្រូវងាកទៅមើលអំពីឱនភាពថវិកា។ ហើយប្រទេសទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែប្រសើរឡើង ដើម្បីការពារការដាក់កំហិត និងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតរីករាលដាល។

បន្ទាប់ពីវិបត្តិបានកន្លងផុតទៅ ពិភពលោកហាក់ដូចជាមិនមានការសហការច្រើនទេ។ ប្រទេសមហាអំណាចដូចជា សហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី ទំនងជាមិនដកស្រង់បទពិសោធន៍ដូចគ្នានេះពីវីរុសកូរ៉ូណានោះទេ ខណៈដែលសហភាព​​​អឺរ៉ុបមានតម្រូវការចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការនិងពហុភាគីនិយម។ ផ្ទុយស្រឡះពីនេះ ចំពោះប្រទេសមហាអំណាចទាំងនេះ ប្រតិកម្មរបស់ពិភពលោកចំពោះវីរុសនេះ គឺ ធ្វើយុត្តិកម្មបែបទស្សនៈតូម៉ាសហូប របស់​ពួកគេចំពោះ ពិភពលោកតែប៉ុណ្ណោះ។ ដូច្នេះ ទាំងចិន ទាំងរុស្ស៊ីទំនងជាមិនកាត់បន្ថយការចំណាយយោធា ហើយ​ក៏មិនបោះបង់គោលនយោបាយការបរទេសដ៏មានឥទ្ធិពលរបស់ខ្លួន ឬបង្វែរប្រតិបត្ដិការឃោសនាដ៏មានតម្លៃ ដែលបានបង្ហូរសាច់ប្រាក់កាន់តែច្រើនទៅក្នុងការថែទាំសុខភាពដែរ។ មេដឹកនាំនៃរបបពុករលួយនិងអត្ដាធិបតេយ្យនៅក្នុង​សហគមន៍អឺរ៉ុបនឹងមិនសម្រេចចិត្តផ្លាស់ប្តូរទាំងស្រុង (ដើម្បីផ្តល់មូលនិធិដល់ការថែរក្សាសុខភាពល្អជាងមុន) ឬមានលក្ខណៈប្រជាធិបតេយ្យឱ្យច្រើនជាងនេះទេ។ សង្គ្រាមនៅស៊ីរី លីប៊ី និង អ៊ុយក្រែន ប្រហែលជាអាចបាត់ដំណឹងចេញពីសារព័ត៌មាន ប៉ុន្តែវាមិនបានបាត់ពីតថភាពនោះទេ។

ថ្វីបើមានការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ផែនការសកម្មភាពទាក់ទងនឹងភូមិសាស្ត្រនយោបាយនិងនយោបាយក្នុងស្រុកនៅអឺរ៉ុបខាងកើត តំបន់បាល់កង់ និងមជ្ឈិមបូព៌ានឹងនៅតែបន្តទៅមុខជានិច្ចតាមមធ្យោបាយមួយចំនួនដែលអាច​ជះឥទ្ធិពល ហើយជារឿយៗក៏អាចបំផ្លាញផលប្រយោជន៍អឺរ៉ុបផងដែរ។ នៅអ៊ុយក្រែនមានការភ័យខ្លាចជាទូទៅអំពីកិច្ចព្រមព្រៀងដែលមិនមានតម្លាភាពរវាងក្រុងគៀវ (Kiev) និងមូស្គូស្តីពីតំបន់ឧស្សហ៍កម្ម Donbas។ ប្រទេស​ម៉ុល​ដាវី និងហ្សកហ្ស៊ី កំពុងត្រៀមរៀបចំការបោះឆ្នោតដែលអាចមិនមានភាពត្រឹមត្រូវ នារដូវស្លឹកឈើជ្រុះខាងមុខនេះ។ ប្រទេសលីបង់បានជំពាក់បំណុលគេ។ ទាហាននៃប្រទេសតួកគីនៅតែបន្តស្លាប់នៅ Idlib បើទោះបីជាបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin ក៏ដោយ។

បន្ទាប់ពីមានវិបត្តិនេះ សហភាពអឺរ៉ុបនឹងប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ ដូចធ្លាប់បានកើតឡើងពេលមុនអញ្ចឹងដែរ។ ប៉ុន្តែ ពេលនេះ ប្រហែលជាត្រូវការដោះស្រាយបញ្ហានេះ ដោយមានសាមគ្គីភាពផ្ទៃក្នុងតិចតួច និងការ​ជឿ​ទុកចិត្តពីខាងក្រៅ។ ដើម្បីចៀសវាងលទ្ធផលបែបនេះ សហគមន៍អឺរ៉ុបនិងបណ្តាប្រទេសជាសមាជិកចាំបាច់ត្រូវប្រុងប្រយ័ត្ន និងចេះប្រើប្រាស់ធនធានឱ្យបានកាន់តែប្រសើរ ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួននិងបង្កើនសមត្ថភាពថែទាំសុខភាពរបស់ខ្លួន ទន្ទឹមនឹងការរក្សានូវកម្រិតរលកនយោបាយនិងមូលធនគ្រប់គ្រាន់ដើម្បីបង្កើតភូមិសាស្ត្រនយោ​បាយ​អឺរ៉ុបកាន់តែខ្លាំងថែមទៀត។

បញ្ហានេះ នឹងតម្រូវឱ្យមានការវិនិយោគបន្តនៅក្នុងសហភាពអឺរ៉ុប ដែលជាមហាអំណាចមួយមានវិសាលភាពពេញ​លេញ ជាពិសេស នៅក្នុងតំបន់បាល់កង់ អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា។ ដូច្នេះហើយ សហភាពអឺរ៉ុបនឹងត្រូវពឹងផ្អែកលើការវិនិយោគសមត្ថភាពយោធានិងសន្តិសុខ ក៏ដូចជាការជួយដល់អ្នកជិតខាងរបស់ខ្លួនក្នុងការគ្រប់គ្រង មិនត្រឹម​តែ​ផល​​​វិបាកខាងសេដ្ឋកិច្ចនិងសុខភាពដែលបណ្តាលមកពីវីរុសកូរ៉ូណាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើនសមត្ថភាពសន្តិសុខរបស់ខ្លួនឱ្យកាន់ប្រសើរឡើងនៅក្នុងបរិយាកាសមួយដែលងាយនឹងប្រែប្រួលតាមភូមិសាស្ត្រនយោបាយផងដែរ។

ឧទាហរណ៍ សហភាពអឺរ៉ុបគួរតែរារាំងប្រទេសជិតខាងរបស់ខ្លួនមួយចំនួនទៀត ដែលគាំទ្រប្រទេសលីបង់ដែលកំពុង​តែធ្លាក់ក្នុងវិបត្តិ ដោយបោះបង់បណ្តាប្រទេសមួយចំនួននៅតំបន់បាល់កង់ និងតំបន់ផ្សេងទៀតដែលត្រូវការជួយ សង្គ្រោះ​​សេដ្ឋកិច្ច តាមរយៈការផ្តល់ប្រាក់កម្ចីឥតការប្រាក់ និងការផ្តល់ជំនួយហិរញ្ញវត្ថុ។ សហភាពអឺរ៉ុបក៏អាចបង្កើតមូលនិធិបម្រុង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជិតខាងមានស្ថិរភាព បន្ទាប់ពីពិភពលោកលែងឆ្លងវីរុសកូវីដ​-១៩​នេះ។ ដូចគ្នានេះដែរ ប្លុកនេះគួរតែពង្រឹងការដាក់ទណ្ឌកម្មរបស់ខ្លួនជាឧបករណ៍គោលនយោបាយ។ ជាពិសេស មានការតវ៉ាតិចតួចអំពីវិធានការណ៍ក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិនិត្យយ៉ាងដិតដល់ចំពោះក្រុមហ៊ុនអឺរ៉ុបដែលល្មើសច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុប។ សហភាពអឺរ៉ុបកម្រនឹងពិន័យដល់ក្រុមហ៊ុនអឺរ៉ុប ដែលបានរំលោភ​លើទណ្ឌកម្មរបស់ខ្លួនណាស់។ សហភាពអឺរ៉ុបគួរជំរុញឱ្យមានទំនាក់ទំនងរបស់ខ្លួនឡើងវិញ ដើម្បីកាត់បន្ថយការឈ្លាន​ពានរបស់យោធា រុស្ស៊ី នៅ ដុនបាស (Donbas) និងដើម្បីពង្រឹងសមត្ថភាពសន្តិសុខរបស់ អ៊ុយក្រែន ឱ្យកាន់ប្រសើរឡើង។ ហើយរដ្ឋជាសមាជិកទាំងអស់គួរតែបង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស​​បារាំង ដើម្បីធ្វើឱ្យមានស្ថិរភាពនៅតំបន់ Sahel ។

គ្មានវិធានការណ៍ណាមួយដែលអាចធ្វើទៅបានដោយចិត្តសប្បុរសធម៌នោះទេ ថ្វីបើ ទាំងអស់នេះ វាស្ថិតក្នុងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយរបស់សហគមន៍អឺរ៉ុបក៏ដោយ។ ហើយបញ្ហាទាំងនេះនឹងមិនងាយរសាយឡើយ។ នៅទីបំផុត ជំងឺកូវីដ-១៩ នឹងមិនសម្លាប់ភូមិសាស្ត្រនយោបាយនោះទេ។ ប៉ុន្តែ មានតែមេដឹកនាំអឺរ៉ុបទេ ដែលអាចធានាថា វីរុសនេះនឹងមិនសម្លាប់សហភាពអឺរ៉ុបក៏ដូចជាកម្លាំងភូមិសាស្ត្រនយោបាយអឺរ៉ុបដែរ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

សៀវភៅខ្នាតធំអំពីប្រាសាទបុរាណនៅកម្ពុជា

នេះជាលើកទី១ ដែលសាធារណរដ្ឋប្រជាមានិតចិន បានជូនសៀវភៅខ្នាតធំមួយ មានតម្លៃរហូតដល់ ៥០០០ដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះ បានរៀបចំដោយអ្នកជំនាញបច្ចេកទេសចិន ដោយប្រើបច្ចេកវិជ្ជាទំនើប ក្នុងការប្រមូលចងក្...

2018-07-19 04:32:56   ថ្ងៃព្រហស្បតិ៍, 19 កក្កដា 2018 ម៉ោង 11:32 AM
វេទិកាចំហ ស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា»

នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...

2018-07-13 05:02:53   ថ្ងៃសុក្រ, 13 កក្កដា 2018 ម៉ោង 12:02 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក

គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក ​និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...

2018-07-05 07:31:28   ថ្ងៃព្រហស្បតិ៍, 05 កក្កដា 2018 ម៉ោង 02:31 PM
«ការសិក្សាប្លង់មេអភិវឌ្ឍឧទ្យានឫស្សីត្រឹប»

ដោយមានកិច្ចសហការរវាងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យ...

2018-07-02 16:16:56   ថ្ងៃចន្ទ, 02 កក្កដា 2018 ម៉ោង 11:16 PM
ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន៨រូប ទទួលបានការតែងតាំង គោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា

វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...

2018-06-23 17:51:27   ថ្ងៃសៅរ៍, 23 មិថុនា 2018 ម៉ោង 12:51 AM
សិក្ខាសាលាអន្តរជាតិស្តីពីការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មក្នុងវិស័យកសិកម្មនៅប្រទេសអាស៊ាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...

2018-06-07 05:07:59   ថ្ងៃព្រហស្បតិ៍, 07 មិថុនា 2018 ម៉ោង 12:07 PM

សេចក្តីប្រកាស