Royal Academy of Cambodia
បន្ទាប់ពីមានវិបត្តិវីរុសកូរ៉ូណា សហភាពអឺរ៉ុបនឹងប្រឈមមុខជាមួយបញ្ហាភូមិសាស្ត្រនយោបាយដូចដែលអង្គការតំបន់មួយនេះធ្លាប់បានប្រឈមកន្លងមកដែរ។ ប៉ុន្តែ ពេលនេះ សហភាពអឺរ៉ុបប្រហែលជាត្រូវការដោះស្រាយបញ្ហានេះ ដោយមានសាមគ្គីភាពផ្ទៃក្នុងនិងការជឿទុកចិត្តពីខាងក្រៅតិចតួច។
ស្ថានភាពអាក្រក់បណ្តាលមកពីវីរុសកូរ៉ូណានឹងបង្កហានិភ័យដោយជីកកប់ចោលនូវគំនិតផ្តួចផ្តើមដំបូងរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងលោក Josep Borell ក្នុងអាណត្តិជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខ ដែលសំដៅទៅលើទ្វីបអឺរ៉ុបដែលជាលក្ខណៈជាភូមិសាស្ត្រច្រើនជាង។ ទោះបីជាគ្រប់ប្រទេសទាំងអស់បានទាញយកមេរៀនពីវិបត្តិនេះ ហើយបានធ្វើឱ្យប្រទេសរបស់ខ្លួនសម្របទៅនឹងបរិស្ថានដែលជំងឺមួយអាចបង្ខាំងមនុស្សជាច្រើនឱ្យនៅក្នុងផ្ទះរបស់ខ្លួនបានខ្លាំងជាងសង្គ្រាមក៏ដោយ ក៏យើងចាំបាច់ត្រូវចងចាំថា វីរុសកូរ៉ូណានេះមិនមែនជាទីបញ្ចប់នៃពិភពលោកឬក៏ជាទីបញ្ចប់នៃប្រវត្តិសាស្រ្តដែរ។ ពិភពលោកពិតជានឹងផ្លាស់ប្តូរ ប៉ុន្តែភូមិសាស្ត្រនយោបាយមិនទំនងក្លាយជាជនរងគ្រោះដោយសារវីរុសនោះទេ។ ដូច្នេះ សម្រាប់សហភាពអឺរ៉ុបទាំងមូលត្រូវការជាបន្ទាន់នូវការស្តារ នោះគឺ «ទ្វីបអឺរ៉ុបមួយដែលមានការថែទាំសុខភាព» និង «ទ្វីប អឺរ៉ុបមួយដែលមានលក្ខណៈសេដ្ឋកិច្ច» ហើយក៏មានការចាំបាច់ត្រូវគិតគូរ «ទ្វីបអឺរ៉ុបមួយដែលមានលក្ខណៈជាភូមិសាស្ត្រ» ផងដែរ។
វិបត្តិវីរុសកូរ៉ណាបង្កជាហានិភ័យចំពោះគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលើទិដ្ឋភាពជាច្រើន។ ជាការណ៍ពិតណាស់ ឥឡូវនេះ មានវិបត្តិនៃសាមគ្គីភាពដែលត្រូវបានគេដឹងយ៉ាងទូលំទូលាយរវាងប្រទេសអ៊ីតាលីនិងប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។ រដ្ឋជាសមាជិកជាច្រើនមានអារម្មណ៍ថា មានភាពផុយស្រួយនិងឯកោក្នុងវិបត្តិនេះ។ សូម្បីតែម៉ាស់ឬម៉ាស៊ីនជំនួយដង្ហើមក៏ខ្វះក្នុងរយៈពេលខ្លីដែរ មិនតែប៉ុណ្ណោះ ថែមទាំងយល់ថា ថាវិធានការណ៍ត្បិតត្បៀតដ៏តឹងរឹងក្នុងទសវត្សរ៍ចុងក្រោយនេះ ប្រហែលជាអាចធ្វើឱ្យប្រព័ន្ធធនធានថែទាំសុខភាពដែលចាំបាច់របស់អឺរ៉ុបភាគខាងត្បូងបានចុះខ្សោយនៅក្នុងពេលមានវិបត្តិមួយនេះ។ ទោះបីជាការយល់ឃើញបែបនេះជាការណ៍ពិតឬមិនពិតក៏ដោយ ក៏ការយល់ឃើញបែបនេះបំផ្លាញដល់សាមគ្គីភាពរបស់អឺរ៉ុប។
វិបត្តិនៃសាមគ្គីភាពនេះក៏ធ្វើឱ្យមានឧបសគ្គដល់ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបក្នុងការកសាងសមត្ថភាពសន្តិសុខនិងការពារជាតិជាយុទ្ធសាស្ត្រដោយស្វ័យភាពរបស់ខ្លួន ។ ប្រសិនបើរដ្ឋជាសមាជិកមិនអាចពឹងពាក់គ្នាទៅវិញទៅមកបានក្នុងការជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ ថាតើរដ្ឋទាំងនោះអាចធ្វើអ្វីបានដើម្បីប្រយុទ្ធប្រឆាំងនឹងអំណាចឈ្លានពានពីខាងក្រៅ? ហើយវាពិតណាស់ថា បណ្តាប្រទេសអឺរ៉ុបនឹងសង្ស័យដូចគ្នាទៅលើសហរដ្ឋអាម៉េរិក។ ប៉ុន្តែ បែរជាបោះចោលនូវភាពគួរឱ្យទុកចិត្ត ដូចគ្នានឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែរ គួរណាស់តែជួយសម្រាលបន្ទុកតិចតួចដល់សហភាពអឺរ៉ុបនិងប្រទេសជាសមាជិកធំៗរបស់ខ្លួន។
អំណាចទន់របស់សហភាពអឺរ៉ុបក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងដែរ។ មានការពិភាក្សាតិចតួចអំពីការបង្កើតឡើងនូវការជំរុញសេដ្ឋកិច្ចឱ្យបានចំនួន៧៥០ពាន់លានអឺរ៉ូសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ដែលប្រកាសដោយធនាគារកណ្តាលអឺរ៉ុបជាជាងជំនួយរបស់រុស្ស៊ី ឬចិនទៅឱ្យប្រទេសអ៊ីតាលីដែលប៉ះពាល់ខ្លាំងជាងគេ។ ទោះបីជាការចាក់បញ្ចូលហិរញ្ញវត្ថុដ៏ច្រើនបែបនេះក៏ដោយ ក៏ពេលខ្លះគឺអាស្រ័យទៅលើការត្រៀមហិរញ្ញវត្ថុដ៏ច្រើនបម្រុងទុកដោយធនាគារកណ្តាលរបស់រដ្ឋសមាជិកផងដែរ។ ការរង់ចាំថវិកា៧៥០ពាន់លានអឺរ៉ូ វាលំបាកជាងជំនួយផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិន ជំនួយផ្នែកមេរោគឆ្លងរបស់យោធារុស្ស៊ី ឬយន្ដហោះដែលបានដឹកពួកគេទៅកាន់ប្រទេសអ៊ីតាលី។ រថយន្ដយោធារបស់រុស្ស៊ីនៅលើផ្លូវនៃប្រទេសអ៊ីតាលីនិងយន្ដហោះដឹកទំនិញរបស់ចិននៅក្នុងព្រលានយន្តហោះរបស់អ៊ីតាលីវាហាក់ដូចជាប្រសើរជាងរូបភាពរបស់វេជ្ជបណ្ឌិតអ៊ីតាលីដែលអស់សង្ឃឹម។
បើនិយាយឱ្យយុត្តិធម៌ចំពោះសហភាព អឺរ៉ុប គឺគ្មានប្រទេសមហាអំណាចមួយណាធ្វើបានល្អជាងនេះទេ។ សូម្បីតែសហរដ្ឋអាម៉េរិកមើលទៅកាន់តែមានភាពអាត្មានិយម ខ្វះភាពស្មោះត្រង់ និងហាក់មិនមានទំនាក់ទំនង ដូចមុនពេលមានវិបត្តិទេ។ ចំពោះអំនួតនិងការប្រមាថដ៏ជូរចត់របស់សហភាពអឺរ៉ុបចេញពីប្រព័ន្ធឃោសនារបស់រុស្ស៊ី និងការពង្រីកកិត្យានុភាពខ្លួនឯងយ៉ាងទូលំទូលាយចេញពីប្រព័ន្ធឃោសនារបស់ចិន។ ទាំងក្រុងមូស្គូ និងក្រុងប៉េកាំងមើលទៅមិនល្អដូចតែគ្នា ពោលគឺល្អតែសំបកក្រៅ។ ប្រទេសរុស្ស៊ីដែលប្រាក់រូ (rouble) របស់ខ្លួនបានបាត់បង់តម្លៃចំនួន២៥ភាគរយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានរចនា សម្ព័ន្ធដឹកនាំរឹងមាំផងនោះ។ ប៉ុន្តែក្នុងពេលនេះតម្លៃប្រេងបានធ្លាក់ចុះដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (តម្លៃក្រោម៣០ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយបារ៉ែល) និងប្រទេសអារ៉ាប៊ីសាអូឌីត កំពុងស្វែងរកអ្នកទិញប្រេងបែបប្រពៃណីរបស់រុស្ស៊ីដោយមានការបញ្ចុះតម្លៃយ៉ាងច្រើន។ ហើយភាពផ្ទុយគ្នារវាងការធ្វេសប្រហែសរបស់ប្រទេសចិនក្នុងការគ្រប់គ្រងជំងឺកូរ៉ូណាតាំងពីដំបូង ដែលនាំឱ្យការផលិតតិចជាងតម្រូវការនិងការទិញស្តុកទុកនូវរបាំងមុខ(Masks)ពេលចាប់ផ្តើមដំបូង ដែលក្រោយមកបានផ្សព្វផ្សាយលើសពីតម្រូវការ។ រឿងនេះ អាចនឹងឈ្នះបេះដូងនៃប្រជាជនស៊ែប៊ី ឬអ៊ីតាលី ប៉ុន្តែវាធ្វើឱ្យអឺរ៉ុបដទៃទៀតមានការខកចិត្ត។
មូលហេតុធំបំផុតមួយដែលធ្វើឱ្យសហភាពអឺរ៉ុបខឹងសម្បារនឹងប្រទេសចិន គឺថាដោយនៅក្នុងខែមករា ឆ្នាំ២០២០ នៅពេលដែលប្រទេសចិនបានទទួលឧបករណ៍វេជ្ជសាស្រ្តរបស់អឺរ៉ុបប្រហែល៧០តោន ដែលនោះជាកាតព្វកិច្ចរបស់មេដឹកនាំអឺរ៉ុបក្នុងការជួយប្រទេសចិន ពេលនោះក្រុងប៉េកាំងបានស្នើសុំឱ្យអឺរ៉ុបមានការប្រុងប្រយ័ត្ន។ អឺរ៉ុបបានធ្វើដោយប្រុងប្រយ័ត្នជុំវិញភាពអាត្មានិយមរបស់ក្រុងប៉េកាំង ហើយមិនបានបង្វែរជំនួយផ្នែកវេជ្ជសាស្រ្តទៅជាយុទ្ធនាការទំនាក់ទំនងសាធារណៈទេ គឺគ្រាន់តែដើម្បីស្វែងរកដំណោះស្រាយដោយខ្លួនឯងក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយដោយឥតខ្មាស់អៀនរបស់ប្រទេសចិន ក្នុងរយៈពេលពីរខែ កន្លងមកនេះប៉ុណ្ណោះ។
ប៉ុន្តែមិនមានអ្វីដែលគួរធ្វើឱ្យសហភាពអឺរ៉ុបបានធូរស្រាលនោះទេ។ មានហានិភ័យមួយ គឺជំងឺឆ្លងកូវីដ-១៩ នឹងពង្រឹងគោលនយោបាយការបរទេសតាមទម្លាប់ដែលមានលក្ខណៈចម្រុះគ្នារវាងពលរដ្ឋនិងរដ្ឋាភិបាលសហភាពអឺរ៉ុប។ ជាការណ៍ពិត ក្នុងចំណោមមេរៀនសំខាន់នៃវិបត្តិ គឺថាប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋត្រូវការធនធានបន្ថែម។ សេដ្ឋកិច្ចរបស់ពួកគេត្រូវការវិធានការជំរុញសេដ្ឋកិច្ច។ សហគមន៍អឺរ៉ុបចាំបាច់ត្រូវងាកទៅមើលអំពីឱនភាពថវិកា។ ហើយប្រទេសទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែប្រសើរឡើង ដើម្បីការពារការដាក់កំហិត និងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតរីករាលដាល។
បន្ទាប់ពីវិបត្តិបានកន្លងផុតទៅ ពិភពលោកហាក់ដូចជាមិនមានការសហការច្រើនទេ។ ប្រទេសមហាអំណាចដូចជា សហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី ទំនងជាមិនដកស្រង់បទពិសោធន៍ដូចគ្នានេះពីវីរុសកូរ៉ូណានោះទេ ខណៈដែលសហភាពអឺរ៉ុបមានតម្រូវការចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការនិងពហុភាគីនិយម។ ផ្ទុយស្រឡះពីនេះ ចំពោះប្រទេសមហាអំណាចទាំងនេះ ប្រតិកម្មរបស់ពិភពលោកចំពោះវីរុសនេះ គឺ ធ្វើយុត្តិកម្មបែបទស្សនៈតូម៉ាសហូប របស់ពួកគេចំពោះ ពិភពលោកតែប៉ុណ្ណោះ។ ដូច្នេះ ទាំងចិន ទាំងរុស្ស៊ីទំនងជាមិនកាត់បន្ថយការចំណាយយោធា ហើយក៏មិនបោះបង់គោលនយោបាយការបរទេសដ៏មានឥទ្ធិពលរបស់ខ្លួន ឬបង្វែរប្រតិបត្ដិការឃោសនាដ៏មានតម្លៃ ដែលបានបង្ហូរសាច់ប្រាក់កាន់តែច្រើនទៅក្នុងការថែទាំសុខភាពដែរ។ មេដឹកនាំនៃរបបពុករលួយនិងអត្ដាធិបតេយ្យនៅក្នុងសហគមន៍អឺរ៉ុបនឹងមិនសម្រេចចិត្តផ្លាស់ប្តូរទាំងស្រុង (ដើម្បីផ្តល់មូលនិធិដល់ការថែរក្សាសុខភាពល្អជាងមុន) ឬមានលក្ខណៈប្រជាធិបតេយ្យឱ្យច្រើនជាងនេះទេ។ សង្គ្រាមនៅស៊ីរី លីប៊ី និង អ៊ុយក្រែន ប្រហែលជាអាចបាត់ដំណឹងចេញពីសារព័ត៌មាន ប៉ុន្តែវាមិនបានបាត់ពីតថភាពនោះទេ។
ថ្វីបើមានការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ផែនការសកម្មភាពទាក់ទងនឹងភូមិសាស្ត្រនយោបាយនិងនយោបាយក្នុងស្រុកនៅអឺរ៉ុបខាងកើត តំបន់បាល់កង់ និងមជ្ឈិមបូព៌ានឹងនៅតែបន្តទៅមុខជានិច្ចតាមមធ្យោបាយមួយចំនួនដែលអាចជះឥទ្ធិពល ហើយជារឿយៗក៏អាចបំផ្លាញផលប្រយោជន៍អឺរ៉ុបផងដែរ។ នៅអ៊ុយក្រែនមានការភ័យខ្លាចជាទូទៅអំពីកិច្ចព្រមព្រៀងដែលមិនមានតម្លាភាពរវាងក្រុងគៀវ (Kiev) និងមូស្គូស្តីពីតំបន់ឧស្សហ៍កម្ម Donbas។ ប្រទេសម៉ុលដាវី និងហ្សកហ្ស៊ី កំពុងត្រៀមរៀបចំការបោះឆ្នោតដែលអាចមិនមានភាពត្រឹមត្រូវ នារដូវស្លឹកឈើជ្រុះខាងមុខនេះ។ ប្រទេសលីបង់បានជំពាក់បំណុលគេ។ ទាហាននៃប្រទេសតួកគីនៅតែបន្តស្លាប់នៅ Idlib បើទោះបីជាបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin ក៏ដោយ។
បន្ទាប់ពីមានវិបត្តិនេះ សហភាពអឺរ៉ុបនឹងប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ ដូចធ្លាប់បានកើតឡើងពេលមុនអញ្ចឹងដែរ។ ប៉ុន្តែ ពេលនេះ ប្រហែលជាត្រូវការដោះស្រាយបញ្ហានេះ ដោយមានសាមគ្គីភាពផ្ទៃក្នុងតិចតួច និងការជឿទុកចិត្តពីខាងក្រៅ។ ដើម្បីចៀសវាងលទ្ធផលបែបនេះ សហគមន៍អឺរ៉ុបនិងបណ្តាប្រទេសជាសមាជិកចាំបាច់ត្រូវប្រុងប្រយ័ត្ន និងចេះប្រើប្រាស់ធនធានឱ្យបានកាន់តែប្រសើរ ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួននិងបង្កើនសមត្ថភាពថែទាំសុខភាពរបស់ខ្លួន ទន្ទឹមនឹងការរក្សានូវកម្រិតរលកនយោបាយនិងមូលធនគ្រប់គ្រាន់ដើម្បីបង្កើតភូមិសាស្ត្រនយោបាយអឺរ៉ុបកាន់តែខ្លាំងថែមទៀត។
បញ្ហានេះ នឹងតម្រូវឱ្យមានការវិនិយោគបន្តនៅក្នុងសហភាពអឺរ៉ុប ដែលជាមហាអំណាចមួយមានវិសាលភាពពេញលេញ ជាពិសេស នៅក្នុងតំបន់បាល់កង់ អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា។ ដូច្នេះហើយ សហភាពអឺរ៉ុបនឹងត្រូវពឹងផ្អែកលើការវិនិយោគសមត្ថភាពយោធានិងសន្តិសុខ ក៏ដូចជាការជួយដល់អ្នកជិតខាងរបស់ខ្លួនក្នុងការគ្រប់គ្រង មិនត្រឹមតែផលវិបាកខាងសេដ្ឋកិច្ចនិងសុខភាពដែលបណ្តាលមកពីវីរុសកូរ៉ូណាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើនសមត្ថភាពសន្តិសុខរបស់ខ្លួនឱ្យកាន់ប្រសើរឡើងនៅក្នុងបរិយាកាសមួយដែលងាយនឹងប្រែប្រួលតាមភូមិសាស្ត្រនយោបាយផងដែរ។
ឧទាហរណ៍ សហភាពអឺរ៉ុបគួរតែរារាំងប្រទេសជិតខាងរបស់ខ្លួនមួយចំនួនទៀត ដែលគាំទ្រប្រទេសលីបង់ដែលកំពុងតែធ្លាក់ក្នុងវិបត្តិ ដោយបោះបង់បណ្តាប្រទេសមួយចំនួននៅតំបន់បាល់កង់ និងតំបន់ផ្សេងទៀតដែលត្រូវការជួយ សង្គ្រោះសេដ្ឋកិច្ច តាមរយៈការផ្តល់ប្រាក់កម្ចីឥតការប្រាក់ និងការផ្តល់ជំនួយហិរញ្ញវត្ថុ។ សហភាពអឺរ៉ុបក៏អាចបង្កើតមូលនិធិបម្រុង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជិតខាងមានស្ថិរភាព បន្ទាប់ពីពិភពលោកលែងឆ្លងវីរុសកូវីដ-១៩នេះ។ ដូចគ្នានេះដែរ ប្លុកនេះគួរតែពង្រឹងការដាក់ទណ្ឌកម្មរបស់ខ្លួនជាឧបករណ៍គោលនយោបាយ។ ជាពិសេស មានការតវ៉ាតិចតួចអំពីវិធានការណ៍ក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិនិត្យយ៉ាងដិតដល់ចំពោះក្រុមហ៊ុនអឺរ៉ុបដែលល្មើសច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុប។ សហភាពអឺរ៉ុបកម្រនឹងពិន័យដល់ក្រុមហ៊ុនអឺរ៉ុប ដែលបានរំលោភលើទណ្ឌកម្មរបស់ខ្លួនណាស់។ សហភាពអឺរ៉ុបគួរជំរុញឱ្យមានទំនាក់ទំនងរបស់ខ្លួនឡើងវិញ ដើម្បីកាត់បន្ថយការឈ្លានពានរបស់យោធា រុស្ស៊ី នៅ ដុនបាស (Donbas) និងដើម្បីពង្រឹងសមត្ថភាពសន្តិសុខរបស់ អ៊ុយក្រែន ឱ្យកាន់ប្រសើរឡើង។ ហើយរដ្ឋជាសមាជិកទាំងអស់គួរតែបង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំង ដើម្បីធ្វើឱ្យមានស្ថិរភាពនៅតំបន់ Sahel ។
គ្មានវិធានការណ៍ណាមួយដែលអាចធ្វើទៅបានដោយចិត្តសប្បុរសធម៌នោះទេ ថ្វីបើ ទាំងអស់នេះ វាស្ថិតក្នុងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយរបស់សហគមន៍អឺរ៉ុបក៏ដោយ។ ហើយបញ្ហាទាំងនេះនឹងមិនងាយរសាយឡើយ។ នៅទីបំផុត ជំងឺកូវីដ-១៩ នឹងមិនសម្លាប់ភូមិសាស្ត្រនយោបាយនោះទេ។ ប៉ុន្តែ មានតែមេដឹកនាំអឺរ៉ុបទេ ដែលអាចធានាថា វីរុសនេះនឹងមិនសម្លាប់សហភាពអឺរ៉ុបក៏ដូចជាកម្លាំងភូមិសាស្ត្រនយោបាយអឺរ៉ុបដែរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...
កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប...