Royal Academy of Cambodia
ដោយភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិក និងភាពច្របូកច្របល់គ្នាខាងភូមិសាស្ត្រនយោបាយមនុស្សជាច្រើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្លឹងមើលថា តើអាស៊ាននឹងឆ្លើយតបយ៉ាងដូចម្តេចដើម្បីរក្សាបានសាមក្គីភាព មជ្ឈភាព និងភាពប្រទាក់ក្រឡានៅក្នុងតំបន់។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific-AOIP) គឺជាការឆ្លើយតបទៅនឹងជម្លោះដែលកំពុងតែកើនឡើងរវាងប្រទេសមហាអំណាច ក៏ដូចជាការសម្លឹងទៅរកទិសដៅជាអាទិភាពសម្រាប់អនាគតរបស់អាស៊ាន។
នៅអំឡុងពេលមុនបង្កើតទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មហាអំណាចទាំងពីរ ដែលកំពុងតែទទួលបានផលប្រយោជន៍ពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ចេញនូវទស្សនៈផ្ទុយពីគ្នានៅក្នុងតំបន់។ សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានដាក់ចេញជាច្រើនលើកច្រើនសា អំពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ។ ទាំងនេះក្នុងហេតុផលតែមួយគត់គឺការព្រួយបារម្ភអំពីមហិច្ឆតារបស់ចិនដែលកំពុងរះត្រដែតឡើងជាមហាអំណាច។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន (BRI) បានដាក់ចេញនូវចក្ខុវិស័យមួយផ្សេងទៀតសម្រាប់តំបន់។ ប្រទេសជិតខាងរបស់ប្រទេសចិន រួមទាំងរដ្ឋជាសមាជិកអាស៊ានមួយចំនួនបានស្វាគមន៍ BRI ដែលជាមធ្យោបាយមួយក្នុងការលើកកម្ពស់ការតភ្ជាប់គ្នាតាមរយៈហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ប៉ុន្តែ BRI ក៏ត្រូវបានចោទប្រកាន់ពីបទបង្កើតអន្ទាក់បំណុល និងត្រូវបានប្រើជាឧបករណ៍សម្រាប់មហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបង្កើតពិភពលោកមួយដែលផ្តោតលើប្រទេសចិន។
ជម្លោះរវាងចិន និងសហរដ្ឋអាម៉េរិក បានរំលេចឱ្យឃើញនូវសេណារីយ៉ូថ្មីមួយ ដែលគេអាចលើកជាឧទាហរណ៍ គឺរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានចេញវិធានការប្រឆាំងនឹងក្រុមហ៊ុន Huawei ជាជាងអាចធ្វើឱ្យពិភពលោកមានអន្តរទំនាក់ទំនង ការប្រកួតប្រជែងខាងបច្ចេកវិទ្យា បាននាំឱ្យមានការដាក់ទណ្ឌកម្ម ដែលមានលក្ខណៈរើសអើង (exclusionary sanctions) និងនាំឱ្យមានការរំខានដល់ខ្សែច្រវាក់តម្លៃសាកល។ ទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដោះស្រាយភាពតានតឹងទាំងនេះលើវិស័យកិច្ចសហប្រតិបត្តិការចំនួនបួន រួមមាន បញ្ហាសមុទ្រ, ការតភ្ជាប់, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការកិច្ចសហប្រតិបត្តិវិស័យសេដ្ឋកិច្ចទូលំទូលាយដទៃទៀត។
ដៃគូខាងក្រៅរបស់អាស៊ានបានសម្តែងការគាំទ្រចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដៃគូខ្លះទៀតស្វាគមន៍ចំពោះឯកសារដែលជាការប៉ុនប៉ងរបស់អាស៊ានក្នុងការគ្រប់គ្រងដំណើរការនោះ។ ប៉ុន្តែ ដៃគូផ្សេងទៀត មានអារម្មណ៍ថាខកចិត្ត ដែលទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមានភាពច្បាស់លាស់ និងខ្វះលក្ខណៈជាក់លាក់ដែលអាចជំរុញឱ្យមានភាពប្រសើរឡើងនូវរបៀបវារៈរបស់អាស៊ាន។
ខុសពីចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកពីមុន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តោតលើភាពបើកចំហ បរិយាប័ន្ន និងមជ្ឈភាពរបស់អាស៊ាន។ សម្រាប់ប្រទេសចិន យល់ឃើញថា អាស៊ានគួរតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ជាជាងការឆ្លើយតបទៅនឹងឈ្មោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី(Wang Yi) បាននិយាយថា ប្រទេសចិនតែងតែរក្សាឥរិយាបថបើកចំហ និងស្ថាបនានៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដែលស្របទៅនឹងគោលការណ៍និងគោលគំនិតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
មានទស្សនៈបែកខ្ញែកគ្នាពាក់ព័ន្ធនឹងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ថាតើទស្សនវិស័យគួរត្រូវបានអនុវត្តយ៉ាងដូចម្ដេចនៅពេលអនាគត។ មេដឹកនាំអាស៊ាន ខ្លះមើលឃើញថា វាជាចំណុចចុងក្រោយ នៅពេលដែលមេដឹកនាំផ្សេងទៀតមើលឃើញថា វាជាការងារដែលកំពុងរីកចម្រើន។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដើរតួជាមូលដ្ឋានរួមមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាស៊ានចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់ និងគោលការណ៍នានា ត្រូវបានលើកស្ទួយ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកក៏មានឥទ្ធិពលសំខាន់លើការរៀបចំរបៀបវារៈអាស៊ាន ហើយក៏មានសក្តានុពលសម្រាប់ផ្តល់នូវទស្សនវិស័យថ្មីពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផងដែរ។
ផែនការជាតិរបស់រដ្ឋជាសមាជិកអាស៊ានគឺត្រូវបានយកចិត្តទុកដាក់ជាចម្បង។ ដើម្បីឆ្លើយតបទៅនឹងផែនការជាតិខុសៗគ្នាទាំងនេះ រដ្ឋជាសមាជិកអាស៊ានបានសហការគ្នាក្នុងរូបភាពជាការផ្តល់និងដោះស្រាយទ្វេភាគី។ ផែនការជាតិនិងជំនួយទ្វេភាគី ជារឿយៗមានទំនាក់ទំនងតិចតួចជាមួយផែនការមេសម្រាប់ការតភ្ជាប់តំបន់អាស៊ាន២០២៥ (Master Plan for ASEAN Connectivity 2025/MPAC 2025)។ កង្វះនៃការតភ្ជាប់ទំនាក់ទំនងគ្នារវាងការអភិវឌ្ឍ កម្រិតជាតិនីមួយៗនិងកម្រិតអាស៊ាន អាចកាត់បន្ថយការរំពឹងទុកនៃការផ្គត់ផ្គង់ទំនិញសាធារណៈសម្រាប់តំបន់នេះ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងកម្រិតជាតិនិងទ្វេភាគីទាំងនេះ នាំមកដល់ការកំណត់ព្រំដែនកាន់តែចង្អៀត(ការរើសអើង)។ រដ្ឋជាសមាជិកអាស៊ាននីមួយៗហាក់ដូចជាប្រកួតប្រជែងជាជាងសហការជាមួយរដ្ឋសមាជិកអាស៊ានគ្នាឯង។ ក្របខណ្ឌជាតិ-ទ្វេភាគី អាចរុញឱ្យប្រទេសមួយងាកទៅរកប្រទេសមហាអំណាច។
តាមពិតទៅ មានជម្រើសជាច្រើនសម្រាប់ភាពជាដៃគូ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន។ ក្រៅពី BRI របស់ប្រទេសចិន ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់ចេញនូវគម្រោងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព (Partnership for Quality Infrastructure) និង Blue Dot Network ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលគេសង្ឃឹមថា នឹងអាចទទួលបានគម្រោងនេះសម្រាប់តំបន់។ ដូច្នេះ គេត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្ហាញថា តើគម្រោងទាំងនេះវាត្រូវគ្នានឹងគំនិតផ្តួចផ្តើមដែលមានស្រាប់របស់អាស៊ាន ដែលមាននៅក្នុង MPAC ២០២៥ ដែរឬទេ។
ចំណុចអាទិភាពបន្ទាប់សម្រាប់គម្រោងទាំងនេះ គឺដើម្បីវាស់វែងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រឆាំងនឹង AOIP និងធានាថា ពិតជាស្របតាមគោលការណ៍នៃការបើកចំហ និងបរិយាប័ន្នរបស់អាស៊ាន។ ទាំងនេះនឹងមិនកាត់បន្ថយការយកចិត្តទុកដាក់លើឥទ្ធិពលដែលម្ចាស់ជំនួយទ្វេភាគី ទទួលបានតាមរយៈផែនការថ្នាក់ជាតិ និងតំបន់នោះទេ។ ការផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងទ្វេភាគីពីម្ចាស់ជំនួយពិសេសណាមួយ អាចមានវិបាកដែលអាចជះឥទ្ធិពលដល់តំបន់ទាំងមូល។ ចំណុចនេះនឹងអាចធ្វើឱ្យខូចខាតដល់ផែនការអភិវឌ្ឍន៍ជាតិ ឬប៉ះពាល់ដល់សមាហរណកម្មអាស៊ានទាំងមូល។
បើក្រឡេកមើលទៅអនាគតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក គួរតែត្រូវបានប្រើជាគំរូសម្រាប់ការ អភិវឌ្ឈក្នុងតំបន់ ដើម្បីឱ្យអាស៊ានអនុវត្តបាននូវវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ទិដ្ឋភាពខ្លះនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានបង្កប់នៅក្នុងសកម្មភាពរបស់អាស៊ានរួចរាល់ហើយ។ ឧទាហរណ៍អាស៊ានមានសមយុទ្ធយោធារួមគ្នាជាមួយទាំងចិន និងសហរដ្ឋអាមេរិក ក្នុងឱកាសដាច់ដោយឡែកពីគ្នា។ បណ្តាប្រទេសអាស៊ានតែងតែស្វះស្វែងរកការចូលរួមជាមួយបណ្តាប្រទេសនានា ដោយមិនគ្រាន់តែចូលរួមជាមួយមហាអំណាចណាមួយនោះទេ។ ប៉ុន្តែ នៅក្នុងផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ ដូចជា ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាត្រូវការទិសដៅ និងភាពច្បាស់លាស់បន្ថែមទៀត។
ក្នុងពេលអនាគត នឹងមានឱកាសដើម្បីពិនិត្យមើល ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលទាក់ទងទៅនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ ថាតើគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកអាចមានឥទ្ធិពលកាន់តែខ្លាំងឡើងដែរឬទេ។ ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសាទរចំពោះ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ទំនងជានឹងនាំមុខគេ នៅពេលដែលខ្លួនមានផែនការសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន និងវេទិកាហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក (World Economic Forum on ASEAN and the Indo-Pacific Infrastructure and Connectivity Forum)។ ម្យ៉ាងវិញទៀត នឹងមានការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់អាស៊ាន ដែលនឹងវាយតម្លៃវឌ្ឍនភាពរបស់អាស៊ាន ឆ្ពោះទៅចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ សម្រាប់សហគមន៍មួយដែលមានសមាហរណកម្ម សន្តិភាព និងស្ថិរភាព។
ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកមិនអាចសន្យាថានឹងបង្កើតយន្តការថ្មីណាមួយទេ ហើយក៏មិនមានគោលការណ៍ថ្មីដែរ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងដើរតួជាអ្នកពិនិត្យគោលការណ៍នេះឡើងវិញ។ ជាឧទាហរណ៍នៃការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ វាអាចនាំមកនូវទស្សនវិស័យថ្មីមួយដែលអាចនាំឱ្យមានវិធីសាស្ត្រថ្មីសម្រាប់ការកំណត់សកម្មភាពជាអាទិភាព៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
.
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រា...
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...