ព័ត៌មាន

ទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក៖ ក្រសែភ្នែកថ្មីសម្រាប់អាស៊ាន ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

2020-06-04 04:46:48 ថ្ងៃព្រហស្បតិ៍, 04 មិថុនា 2020, 04:46 AM
post_detail

ដោយភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិក និងភាពច្របូកច្របល់គ្នាខាងភូមិសាស្ត្រនយោបាយមនុស្សជាច្រើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្លឹងមើលថា តើអាស៊ាននឹងឆ្លើយតបយ៉ាងដូចម្តេចដើម្បីរក្សាបានសាមក្គីភាព មជ្ឈភាព និងភាពប្រទាក់ក្រឡានៅក្នុងតំបន់។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-​Pacific-AOIP) គឺជាការឆ្លើយតបទៅនឹងជម្លោះដែលកំពុងតែកើនឡើងរវាងប្រទេសមហាអំណាច ក៏ដូចជាការសម្លឹងទៅរកទិសដៅជាអាទិភាពសម្រាប់អនាគតរបស់អាស៊ាន។

នៅអំឡុងពេលមុនបង្កើតទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មហាអំណាចទាំងពីរ ដែលកំពុងតែទទួលបាន​ផលប្រយោជន៍ពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ចេញនូវទស្សនៈផ្ទុយពីគ្នានៅក្នុងតំបន់។ សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានដាក់ចេញជាច្រើនលើកច្រើនសា អំពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ។ ទាំងនេះក្នុងហេតុផលតែមួយគត់គឺការព្រួយបារម្ភអំពីមហិច្ឆតារបស់ចិនដែលកំពុងរះត្រដែតឡើងជាមហាអំណាច។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន (BRI) បានដាក់ចេញនូវចក្ខុវិស័យមួយផ្សេងទៀតសម្រាប់តំបន់។ ប្រទេសជិតខាងរបស់ប្រទេសចិន រួមទាំងរដ្ឋជាសមាជិកអាស៊ានមួយចំនួនបានស្វាគមន៍ BRI ដែលជាមធ្យោបាយមួយក្នុងការលើកកម្ពស់ការតភ្ជាប់គ្នាតាមរយៈហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ប៉ុន្តែ BRI ក៏ត្រូវបានចោទប្រកាន់ពីបទបង្កើត​អន្ទាក់បំណុល និងត្រូវបានប្រើជាឧបករណ៍សម្រាប់មហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបង្កើតពិភព​លោកមួយដែលផ្តោតលើប្រទេសចិន។

ជម្លោះរវាងចិន និងសហរដ្ឋអាម៉េរិក បានរំលេចឱ្យឃើញនូវសេណារីយ៉ូថ្មីមួយ ដែលគេអាចលើកជាឧទាហរណ៍ គឺរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានចេញវិធានការប្រឆាំងនឹងក្រុមហ៊ុន Huawei ជាជាងអាចធ្វើឱ្យពិភពលោកមានអន្តរទំនាក់ទំនង ការប្រកួតប្រជែងខាងបច្ចេកវិទ្យា បាននាំឱ្យមានការដាក់ទណ្ឌកម្ម ដែលមានលក្ខណៈរើសអើង (exclusionary sanctions) និងនាំឱ្យមានការរំខានដល់ខ្សែច្រវាក់តម្លៃសាកល។ ទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដោះស្រាយភាពតានតឹងទាំងនេះលើវិស័យកិច្ចសហប្រតិបត្តិការចំនួនបួន រួមមាន បញ្ហាសមុទ្រ, ការត​ភ្ជាប់, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការកិច្ចសហប្រតិបត្តិវិស័យសេដ្ឋកិច្ចទូលំទូលាយដទៃទៀត។

ដៃគូខាងក្រៅរបស់អាស៊ានបានសម្តែងការគាំទ្រចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដៃគូខ្លះទៀតស្វាគមន៍ចំពោះឯកសារដែលជាការប៉ុនប៉ងរបស់អាស៊ានក្នុងការគ្រប់គ្រងដំណើរការនោះ។ ប៉ុន្តែ ដៃគូផ្សេងទៀត មាន​អារម្មណ៍ថាខកចិត្ត ដែលទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមានភាពច្បាស់លាស់ និងខ្វះលក្ខណៈជាក់លាក់ដែលអាចជំរុញឱ្យមានភាពប្រសើរឡើងនូវរបៀបវារៈរបស់អាស៊ាន។

ខុសពីចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកពីមុន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តោតលើភាពបើកចំហ បរិយាប័ន្ន និងមជ្ឈភាពរបស់អាស៊ាន។ សម្រាប់ប្រទេសចិន យល់ឃើញថា អាស៊ានគួរតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនទៅ​លើតំបន់អាស៊ីប៉ាស៊ីហ្វិក ជាជាងការឆ្លើយតបទៅនឹងឈ្មោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី(Wang Yi) បាននិយាយថា ប្រទេសចិនតែងតែរក្សាឥរិយាបថបើកចំហ និងស្ថាប​នានៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដែលស្របទៅនឹងគោលការណ៍និងគោលគំនិតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

មានទស្សនៈបែកខ្ញែកគ្នាពាក់ព័ន្ធនឹងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ថាតើទស្សនវិស័យគួរត្រូវបានអនុវត្តយ៉ាងដូចម្ដេចនៅពេលអនាគត។ មេដឹកនាំអាស៊ាន ខ្លះមើលឃើញថា វាជាចំណុចចុងក្រោយ នៅពេលដែលមេដឹកនាំផ្សេងទៀតមើលឃើញថា វាជាការងារដែលកំពុងរីកចម្រើន។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដើរតួជាមូល​ដ្ឋានរួមមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាស៊ានចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់ និងគោលការណ៍នានា ត្រូវបានលើកស្ទួយ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកក៏មានឥទ្ធិពលសំខាន់លើការរៀប​ចំរបៀបវារៈអាស៊ាន ហើយក៏មានសក្តានុពលសម្រាប់ផ្តល់នូវទស្សនវិស័យថ្មីពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផងដែរ។

ផែនការជាតិរបស់រដ្ឋជាសមាជិកអាស៊ានគឺត្រូវបានយកចិត្តទុកដាក់ជាចម្បង។ ដើម្បីឆ្លើយតបទៅនឹងផែនការជាតិខុសៗ​គ្នាទាំងនេះ រដ្ឋជាសមាជិកអាស៊ានបានសហការគ្នាក្នុងរូបភាពជាការផ្តល់និងដោះស្រាយទ្វេភាគី។ ផែនការជាតិនិងជំនួយទ្វេភាគី ជារឿយៗមានទំនាក់ទំនងតិចតួចជាមួយផែនការមេសម្រាប់ការតភ្ជាប់តំបន់អាស៊ាន២០២៥ (Master Plan for ASEAN Connectivity 2025/MPAC 2025)។ កង្វះនៃការតភ្ជាប់ទំនាក់ទំនងគ្នារវាងការអភិវឌ្ឍ កម្រិតជាតិនីមួយៗនិងកម្រិតអាស៊ាន អាចកាត់បន្ថយការរំពឹងទុកនៃការផ្គត់ផ្គង់ទំនិញសាធារណៈសម្រាប់តំបន់នេះ។ ផ្ទុយទៅ​វិញ កិច្ចព្រមព្រៀងកម្រិតជាតិនិងទ្វេភាគីទាំងនេះ នាំមកដល់ការកំណត់ព្រំដែនកាន់តែចង្អៀត(ការរើសអើង)។ រដ្ឋជាសមាជិកអាស៊ាននីមួយៗហាក់ដូចជាប្រកួតប្រជែងជាជាងសហការជាមួយរដ្ឋសមាជិកអាស៊ានគ្នាឯង។ ក្របខណ្ឌជាតិ-ទ្វេភាគី អាចរុញឱ្យប្រទេសមួយងាកទៅរកប្រទេសមហាអំណាច។

តាមពិតទៅ មានជម្រើសជាច្រើនសម្រាប់ភាពជាដៃគូ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន។ ក្រៅ​ពី BRI របស់ប្រទេសចិន ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់ចេញនូវគម្រោងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកប​ដោយគុណភាព (Partnership for Quality Infrastructure) និង Blue Dot Network ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលគេសង្ឃឹមថា នឹងអាចទទួលបានគម្រោងនេះសម្រាប់តំបន់។ ដូច្នេះ គេត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្ហាញថា តើគម្រោងទាំងនេះវាត្រូវគ្នានឹងគំនិតផ្តួចផ្តើមដែលមានស្រាប់របស់អាស៊ាន ដែលមាន​នៅ​ក្នុង MPAC ២០២៥ ដែរឬទេ។

ចំណុចអាទិភាពបន្ទាប់សម្រាប់គម្រោងទាំងនេះ គឺដើម្បីវាស់វែងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រឆាំងនឹង AOIP និងធានាថា ពិតជាស្របតាមគោលការណ៍នៃការបើកចំហ និងបរិយាប័ន្នរបស់អាស៊ាន។ ទាំងនេះនឹងមិនកាត់បន្ថយការ​យក​ចិត្តទុកដាក់លើឥទ្ធិពលដែលម្ចាស់ជំនួយទ្វេភាគី ទទួលបានតាមរយៈផែនការថ្នាក់ជាតិ និងតំបន់នោះទេ។ ការផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងទ្វេភាគីពីម្ចាស់ជំនួយពិសេសណាមួយ អាចមានវិបាកដែលអាចជះឥទ្ធិពលដល់តំបន់ទាំងមូល។ ចំណុចនេះនឹងអាចធ្វើឱ្យខូចខាតដល់ផែនការអភិវឌ្ឍន៍ជាតិ ឬប៉ះពាល់ដល់សមាហរណកម្មអាស៊ានទាំងមូល។

បើក្រឡេកមើលទៅអនាគតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក គួរតែត្រូវបានប្រើជាគំរូសម្រាប់ការ        អ​ភិ​វឌ្ឈ​ក្នុងតំបន់ ដើម្បីឱ្យអាស៊ានអនុវត្តបាននូវវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ទិដ្ឋភាពខ្លះនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានបង្កប់នៅក្នុងសកម្មភាពរបស់អាស៊ានរួចរាល់ហើយ។ ឧទាហរណ៍អាស៊ានមានសមយុទ្ធយោធារួមគ្នាជាមួយទាំងចិន និងសហរដ្ឋអាមេរិក ក្នុងឱកាសដាច់ដោយឡែកពីគ្នា។ បណ្តាប្រទេស​អាស៊ានតែងតែស្វះស្វែងរកការចូលរួមជាមួយបណ្តាប្រទេសនានា ដោយមិនគ្រាន់តែចូលរួមជាមួយមហាអំណាចណាមួយនោះទេ។ ប៉ុន្តែ នៅក្នុងផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ ដូចជា ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាត្រូវការទិសដៅ និងភាពច្បាស់លាស់បន្ថែមទៀត។

ក្នុងពេលអនាគត នឹងមានឱកាសដើម្បីពិនិត្យមើល ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលទាក់ទងទៅនឹងការ​តភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ ថាតើគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកអាចមានឥទ្ធិពលកាន់តែខ្លាំងឡើងដែរឬទេ។ ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសាទរចំពោះ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ទំនងជានឹងនាំមុខគេ នៅពេលដែលខ្លួនមានផែនការសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន និងវេទិកាហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក (World Economic Forum on ASEAN and the Indo-Pacific Infrastructure and Connectivity Forum)។ ម្យ៉ាងវិញទៀត នឹងមានការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់អាស៊ាន ដែលនឹងវាយតម្លៃវឌ្ឍនភាពរបស់អាស៊ាន ឆ្ពោះទៅចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ សម្រាប់សហគមន៍មួយដែលមានសមាហរណកម្ម សន្តិភាព និងស្ថិរភាព។

ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកមិនអាចសន្យាថានឹងបង្កើតយន្តការថ្មីណាមួយទេ ហើយក៏មិនមានគោល​ការណ៍​ថ្មីដែរ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងដើរតួជាអ្នកពិនិត្យគោលការណ៍នេះឡើងវិញ។ ជាឧទាហរណ៍នៃការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ វាអាចនាំមកនូវទស្សនវិស័យថ្មីមួយដែលអាចនាំឱ្យមានវិធីសាស្ត្រថ្មីសម្រាប់ការកំណត់សកម្មភាពជាអាទិភាព៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា


.

អត្ថបទទាក់ទង

«កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌២០ម៉ឺនដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយជនរងគ្រោះក្នុងគ្រោះរញ្ជូយដី និងរលកស៊ូណាមិ»

ថ្ងៃអង្គារ​ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...

2018-10-02 13:40:39   Tue, 02,10,2018, 01:40 PM
«ការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាបងប្អូនល្អ»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...

2018-10-02 09:55:22   Tue, 02,10,2018, 09:55 AM
«ពិធីយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈក្នុងបរិវេណនៃរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...

2018-10-02 08:50:58   Tue, 02,10,2018, 08:50 AM
«ព្រះ​មហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន...»

កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អ...

2018-10-02 04:24:21   Tue, 02,10,2018, 04:24 AM
«កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ...

2018-10-02 03:58:29   Tue, 02,10,2018, 03:58 AM
«កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរនៅរយៈពេល៩ខែ ឆ្នាំនេះថវិកាជិត៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយក...

2018-10-02 03:52:02   Tue, 02,10,2018, 03:52 AM

សេចក្តីប្រកាស