ព័ត៌មាន

«បណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ»

2020-05-29 08:00:27 ថ្ងៃសុក្រ, 29 ឧសភា 2020, 08:00 AM
post_detail

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍន៍។ ដោយមើលអំពីទិដ្ឋភាពភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តដែលនាំឱ្យប្រទេស មហាអំណាច ជាពិសេស គឺចិន និងសហរដ្ឋអាម៉េរិកនៅតែបន្តប្រកួតប្រជែងឥទ្ធិពលគ្នា ដើម្បីធានារក្សាការពារបាននូវតំណែងជាមហាអំណាចលើពិភពលោក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា កម្ពុជាត្រូវតែរៀប ចំយុទ្ធសាស្រ្តខ្លួន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច ជៀសវាងដើរតាមដានប្រវត្តិសាស្រ្តច្រំដែល។

ដើម្បីដណ្តើមតំណែងជាមហាអំណាចលើពិភពលោក ឯកឧត្តមបណ្ឌិតសភាចារ្យបានពន្យល់ថា ចិន និងអាម៉េរិកបានប្រើនយោបាយជាយុទ្ធសាស្ត្រ កម្លាំងយោធា សេដ្ឋកិច្ចពាណិជ្ជកម្ម និងមនោគមន៍វិជ្ជានយោបាយ? ឈរទិដ្ឋភាពជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កេតឃើញថា ក្រោយការបង្រួបបង្រួមប្រទេសនៅឆ្នាំ ១៩៤៩ រហូតមក ចិនប្រើយុទ្ធសាស្រ្តនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនជាងអាម៉េរិក ពោលគឺចិនបានប្រកាន់ភ្ជាប់នូវទស្សនកំណែទម្រង់សេដ្ឋកិច្ចរបស់លោក តេង ស៊ាវពីង( Deng Xiaoping) ដែលជាអ្នកកំណែទម្រង់ប្រទេសចិនដ៏ល្បីល្បាញម្នាក់នៅសតវត្សទី២០ ដែលបានលើកឡើងនូវសុភាសិតមួយឃ្លារបស់កសិករនៅខេត្តស៊ីជួនថា«មិនថាឆ្មាស ឬឆ្មាខ្មៅទេ ឱ្យ តែចាប់កណ្តុរបាន គឺជាឆ្មាល្អ»។ ទ្រឹស្តីឆ្មា ជាទ្រឹស្តីមូលដ្ឋានសម្រាប់ដំណើរការកសាងលទ្ធិសង្គមនិយម តាមលក្ខណៈពិសេសដោយឡែករបស់ប្រទេសចិន។ ទ្រឹស្តីបានចាប់ផ្តើមធ្វើកំណែទម្រង់ដ៏សំខាន់មួយ ដែលជាដើមឫសនៃជោគជ័យនៃសេដ្ឋកិច្ចចិនរហូតមកទល់នឹងពេលសព្វថ្ងៃ ដោយអនុញ្ញាតឱ្យបើកមានរបបកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ ហើយប្រជាកសិករចិនមានសិទ្ធិពេញលេញក្នុងការធ្វើកសិកម្មជាលក្ខណៈជន ហើយអាចយក ផលដែលផលិតបានទៅលក់នៅលើទីផ្សារ នៅក្នុងតម្លៃដែលកំណត់ដោយការព្រមព្រៀង រវាងអ្នកទិញ និងអ្នកលក់ ស្របទៅតាមយន្តការនៃទីផ្សារសេរី។

ដូចនឹងគំនិតរបស់លោក តេង ស៊ាងពីងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា មនោគមវិជ្ជានយោបាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាកំណែមានគំនិតកំណែទម្រង់រដ្ឋចិនបច្ចុប្បន្ននៅតែរក្សាគោលការណ៍នេះដដែល ដោយមានទស្សនថា គ្មានមិត្តគ្មានសត្រូវ គឺមានតែផលប្រយោជន៍។

ផ្ទុយពីចិន ចំពោះសហរដ្ឋអាម៉េរិកវិញ ក្រោយការបង្រួបបង្រួមប្រទេសក្រោយសង្គ្រាមលោកលើកទីមួយ និងលោកលើកទីពីរ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា អាម៉េរិកតែងតែប្រកាន់ភ្ជាប់នូវមនោគមន៍វិជ្ជានយោបាយលទ្ធិប្រជាធិបតេយ្យ កម្លាំងយោធា ការបង្គាប់បញ្ជា បង្កើតសម្ព័ន្ធមិត្ត ដើម្បីដណ្តើមអំណាចខាងភូមិសាស្រ្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា អ្នកណាធ្វើតាមអាម៉េរិក អ្នកនោះគឺមិត្ត។ ប្រសិនបើមិនធ្វើតាមអាមេរិក គឺអ្នកនោះជាសត្រូវរបស់អាមេរិក។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរម្លឹកសាធារណជនថា ខ្មែរមិនត្រូវលង់លក់នឹងមនោគមន៍វិជ្ជានយោបាយរបស់មហាអំណាចណាមួយជាដាច់ខាត ជៀសវាងដើរជាន់ដានប្រវត្តិសាស្រ្តកាលពីសម័យដើម ជាពិ សេសគឺ ក្នុងអំឡុងទស្សវត្សរ៍ទី ៧០ ដែលនាំឱ្យខ្មែរវិនាសស្ទើរគ្រប់វិស័យ។ បច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បញ្ជាក់ថា ខ្មែរត្រូវតែពង្រឹងសេដ្ឋកិច្ចខ្លាំង គឺចេះប្រើយុទ្ធសាស្រ្តទំនាក់ទំនង ដើម្បីផលប្រយោជន៍ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។

ដើម្បីឱ្យសេដ្ឋកិច្ចខ្លាំង ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បញ្ជាក់ថា ខ្មែរត្រូវពឹងលើចំណេះដឹងធនធានមនុស្ស គឺមិនអាចពឹងតែលើធនធានធម្មជាតិមួយប៉ុណ្ណោះទេ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឧទាហរណ៍ជាគំរូ ដូចជា ជប៉ុន សិង្ហបុរី តៃវ៉ាន់ និងកូរ៉េខាងត្បូងដែលពឹងលើចំណេះដឹងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា៖«បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងចន្លោះធំពីរដូចក្នុងទស្សវត្សរ៍ទី៧០ ដូចនេះកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍន៍។ គ្មានសង្គមណា គ្មានពេលវេលាណាដែលកម្ពុជាមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្នឡើយ។ បើមានផលប្រយោជន៍ ខ្មែរនឹងធ្វើ។ បើត្រូវការខ្មែរ មហាអំណាចទាំងអស់ត្រូវដាក់វិនិយោគមកកម្ពុជាឱ្យបានច្រើនជាងមុន»។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក មានគោលបំណង គឺដើម្បីរួមចំណែកបកស្រាយពីមូលហេតុ និងគោលបំណង នៃការប្រឈមមុខដាក់គ្នាខាងភូមិ សាស្ត្រនយោបាយរវាងមហាអំណាចទាំងពីរគឺចិន និងសហរដ្ឋអាម៉េរិក និងផលវិបាកនានាដែលអាចកើតមានពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ។

កិច្ចពិភាក្សាតុមូលនេះមានការអញ្ជើញចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនដែលជាអ្នកវិទ្យាសាស្រ្តនយោបាយ អ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិកចំនួន ៥នាក់ រួមមាន៖

១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ

២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា

៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

៤. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

៥. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកសម្របសម្រួលកម្មវិធី៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...

2019-03-26 10:58:37   Tue, 26,03,2019, 10:58 AM
ក្រុមហ៊ុនរបស់ស៊ុយអែត រួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជា អភិរក្សធនធានធម្មជាតិក្នុងឧទ្យានឫស្សីត្រឹប

នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...

2019-03-26 09:52:04   Tue, 26,03,2019, 09:52 AM
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង The Room Design Studio និង រាជបណ្ឌិត្យសភាកម្ពុជា

វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...

2019-03-26 09:38:59   Tue, 26,03,2019, 09:38 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...

2019-03-25 11:16:09   Mon, 25,03,2019, 11:16 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូ​វសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព​ (Maréchal J...

2019-03-25 07:51:25   Mon, 25,03,2019, 07:51 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...

2019-03-21 05:32:29   Thu, 21,03,2019, 05:32 AM

សេចក្តីប្រកាស