Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ស្អែក។ កិច្ចពិភាក្សាតុមូលនេះនឹងប្រព្រឹត្តិទៅនៅក្នុងសាលមហោស្រពអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សាតុមូលនេះមានគោលបំណង គឺដើម្បីរួមចំណែកបកស្រាយពីមូលហេតុ និងគោលបំណង នៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងមហាអំណាចទាំងពីរគឺចិន និងសហរដ្ឋអាម៉េរិក និងផលវិបាកនានាដែលអាចកើតមានពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ។
កិច្ចពិភាក្សាតុមូលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះមានការអញ្ជើញចូលរួមពីវាគ្មិនដែលជាអ្នកវិទ្យាសាស្រ្តនយោបាយ អ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិកចំនួន៤នាក់ រួមមាន៖
១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ
២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា
៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
៤. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត នយោបាយ គេបានសង្កេតឃើញថា ការប្រជែងឥទ្ធិពលអំណាចរវាងប្លុកពីរ គឺប្លុកសង្គមនិយម និងប្លុកមូលធននិយម និងតំបន់ឥណ្ឌូចិនមិនមែនជារឿងថ្មីនោះទេ ពោលគឺរវាង សូវៀត និងអាម៉េរិកបានប្រជែងឥទ្ធិពលគ្នាជាច្រើនទសវត្សរ៍មកហើយ។ ការប្រជែងឥទ្ធិពលរបស់ពួកគេបានធ្វើប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផងបានជួប ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ការប្រជែងឥទ្ធិពលរបស់ចិន និងអាម៉េរិកពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៨០ បានធ្វើឱ្យកម្ពុជាជួបវិបត្តិវិនាសកម្មដែលបានបង្សល់ទុកស្លាកស្នាមប្រវត្តិសាស្រ្តពុំអាចបំភ្លេចបាន។ នៅក្នុងសតវត្សរ៍ទី២១ថ្មីនេះ កម្ពុជាដែលជាប្រទេសក្នុងតំបន់ឥណ្ឌូចិន និងធ្លាប់ជាជនរងគ្រោះដោយសារការប្រជែងនេះពីអតីតកាលត្រូវបានគេមើលឃើញក្លាយទៅជាទីលាននៃការប្រជែងឥទ្ធិពលរបស់ចិន និងអាម៉េរិកបែបថ្មីផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Fresh News ថា៖«កិច្ចពិភាក្សានៅថ្ងៃស្អែក គឺជាសារមួយដើម្បីពញាក់អាម្មណ៍ដល់អ្នកនយោបាយ និងយុវជនកម្ពុជារៀបចំលក្ខណៈសម្បត្តិធ្វើយ៉ាងកុំឱ្យក្លាយខ្លួនទៅជាសាច់ដែលគេកាប់ចិញ្ច្រាំដូចអតីតកាលបន្តទៅទៀត ជាពិសេសត្រូវរកវិធី ដើម្បីគេចចេញពីការប្រជែងដែលងាយនាំដល់គ្រោះថ្នាក់សម្រាប់កម្ពុជា»៕
RAC Media | រឿន ភារុន
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ...
ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...
កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...
ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបា...