Royal Academy of Cambodia
ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»
តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ្ម័ន។ ព្រះអង្គបានគ្រងរាជ្យជាស្តេចនៃកម្ពុជទេសដោយគង់នៅរាជធានីយសោធរ (អង្គរ)។ គេអាចចាត់ទុកព្រះបាទសូរ្យវរ្ម័នទី១ថាជាព្រះរាជាសំខាន់មួយអង្គក្នុងប្រវត្តិសាស្រ្តអង្គរ ហើយក៏ជាព្រះរាជាដែលគ្រងរាជ្យសម្បត្តិរហូតជិត៥០ឆ្នាំ (គ.ស ១០០២-១០៥០)។ ក្នុងរាជនេះកម្ពុជទេសមានវិសាលភាំពធំធេងជាងពេលមុនៗ រីឯឥទ្ធិពលកម្ពុជទេសនាពេលនោះក៏ផ្សព្វផ្សាយទៅហួសពីរាជអំណាចដែលព្រះបាទសូរ្យវរ្ម័នទី១បានកាន់កាប់ទៅទៀត។
ក្នុងការគ្រងអំណាចរាជសម្បត្តិដ៏យូរនោះ ព្រះបាទសូរ្យវរ្ម័នទី១បានបំពេញនូវបូជនីយកិច្ចដឹកនាំនិងគ្រប់គ្រងជាតិទៅតាមយុទ្ធសាស្រ្តដោយឡែកមួយរបស់ទ្រង់៖
ទី១. ការបង្រួបបង្រួមឱ្យមានឯកភាពផ្ទៃក្នុងនិងការគាំទ្រដោយភាពស្មោះភក្តីបំផុតពីមន្រ្តីកំពូលៗក្នុងរាជការនិងពីប្រជានុរាស្រ្ត
ទី២. ការគោរពនិងអនុវត្តន៍គោលនយោបាយទឹកដោយបានស្ថាបនាបារាយណ៍មន្ទាកិណី ឬ កម្ពុជក្សតីថ៌ (បារាយខាងលិច ឬ ទឹកថ្លា) ដែលមានទំហំធំជាងគេបង្អស់នៅអង្គរដើម្បីពង្រីកវិសាលភាពកសិកម្មសម្រាប់ការពង្រឹងសេដ្ឋកិច្ចអង្គរ
ទី៣. ការស្តារ ជួសជុលនិងសាងសង់បន្ថែមលើសំណង់ធារាសាស្រ្តព្រមទាំងប្រាសាទក្នុងរាជ្យមុនៗ និង
ទី៤. ស្ថាបនាប្រាសាទធំៗទាំងនៅក្នុងរាជធានីនិងនៅតំបន់ភាគខាងលិច ខាងកើត និងភាគខាងត្បូងប្រទេស។ នេះជាការបង្ហាញពីការពង្រីកវាតរាជអំណាចរបស់ទ្រង់ឱ្យទៅដល់គ្រប់ទីកន្លែង។ នៅក្រោមរាជ្យនេះហើយដែលវិស័យកសិកម្មព្រមទាំងសហគមន៍មនុស្សបានរីកចម្រើនឡើងខ្លាំងនៅតំបន់ទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ។ ការវាតទីនៃរាជអំណាចរបស់ព្រះបាទសូរ្យវរ្ម័នទី១ ក៏បានលាតសន្ធឹងហួសពីដែនដីនៃកម្ពុជទេសនាពេលនោះ ឆ្ពោះទៅដល់ភូមិភាគខាងជើងនៃប្រទេសថៃសព្វថ្ងៃផង។
ប្រាសាទបុរាណសំខាន់ៗលេចធ្លោកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលបន្សល់ទុកនៅក្នុងខេត្តបាត់ដំបង មានដូចជា៖
១. ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
២. ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ”)។
ប្រាសាទទាំងពីរខាងលើនេះ ត្រូវបានស្ថាបនាសម្រាប់តម្កល់សិវលិង្គ «ស្រីសូរ្យវឫស្វរៈ» ជាលិទ្ធិទេវរាជតំណាងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ និង
៣. ប្រាសាទស្នឹង ។
៤. ក្រៅពីស្នាដៃសំខាន់ៗទាំងនេះ ប្រាសាទបាណន់ ជាប្រាសាទដ៏សំខាន់មួយផ្តើមកសាងនៅក្នុងរជ្ជកាលនៃព្រះរាជាសោយរាជ្យបន្តពីព្រះបាទសូរ្យវរ្ម័នទី១ គឺព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាបុត្រារបស់ព្រះបាទសូរ្យវរ្ម័នទី១។
តាមការសិក្សាបឋមរបស់ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី ដោយផ្អែកលើសមិទ្ធផលជាស្នាដៃធំៗជាច្រើន ដូចជា ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្រ្ត សិលាចារឹកដែលចារឡើងតាំងពីមុនឡើងគ្រងរាជ្យ និងចារដោយព្រះរាជាក្រោយៗមកទៀតជាដើម គឺបានបង្ហាញឱ្យឃើញថា រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជាសម័យកាលរុងរឿងខ្លាំងណាស់ ម្យ៉ាងរាជអំណាចនៃព្រះរាជាខ្មែរអង្គនេះ លាតសន្ធឹងធំធេងនិងល្បីរន្ទឺទៅដល់ប្រទេសជិតខាង។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ ព្រះកិត្តិនាមរបស់ទ្រង់ ក៏មិនសូវបានគេស្គាល់ច្បាស់លាស់នៅឡើយ។ នៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ក៏មាននិយាយតិចតួច ហើយហាក់មិនទាន់មានភាពច្បាស់លាស់ ព្រមទាំងពុំទាន់មានការឯកភាពគ្នាជាច្រើនចំណុចអំពីប្រវត្តិនៃព្រះបាទសូរ្យវរ្ម័នទី១នេះ។
គួរបញ្ជាក់ដែរថា ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប មានលោកបណ្ឌិត ចាន់ ប៊ុន្នី អ្នកឯកទេសខាងប្រវត្តិសាស្ត្រ និង លោក ហៀង លាងហុង អ្នកឯកទេសខាងវប្បធម៌ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាប់សិក្សាស្រាវអំពីសមិទ្ធផល ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងទឹកដីខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៩ មកម្លេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងពិនិត្យឡើងវិញនូវសមិទ្ធផលលេចធ្លោសំខាន់ៗក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សល់ទុករហូតបច្ចុប្បន្ន។ ការសិក្សានេះ ផ្តោតជាសំខាន់លើ ៣ចំណុច គឺ ទី១. សិក្សាពីលក្ខណៈរចនាបថសិល្បៈនិងស្ថាបត្យកម្មសំណង់ប្រាសាទ ២. បច្ចុប្បន្នភាពនៃការអភិរក្សនិងការគ្រប់គ្រង និង ៣. សក្តានុពលនៃប្រាសាទបុរាណក្នុងការប្រើប្រាស់សម្រាប់វិស័យទេសចរណ៍។
បន្ថែមលើសពីនេះ លទ្ធផលពីការសិក្សាស្រាវជ្រាវនេះនឹងត្រូវប្រើប្រាស់សម្រាប់ការវិភាគស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីចងក្រងជាឯកសារប្រវត្តិសាស្រ្តថ្មីមួយអំពី «រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១» ដោយផ្អែកលើមូលដ្ឋានឯកសារប្រវត្តិសាស្រ្ត សិលាចារឹក រចនាបថសិល្បៈ និងស្ថាបត្យកម្ម ដែលបានផ្សព្វផ្សាយដោយអ្នកស្រាវជ្រាវជាតិ អន្តរជាតិ រួមនឹងលទ្ធផលនៃការសិក្សាថ្មីៗដែលកំពុងធ្វើឡើងនាពេលនេះ៕
ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ)
ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
ប្រាសាទស្នឹងខាងលិច
ប្រាសាទស្នឹងខាងកើត
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...