ព័ត៌មាន

ទិដ្ឋភាពទូទៅនៃទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិក ដោយ ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិឡាទីន និងអូសេអានីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-05-08 15:13:50 ថ្ងៃសុក្រ, 08 ឧសភា 2020, 03:13 PM
post_detail

ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិ បានចាប់ផ្តើមឡើងដំបូងតាមរយៈបេសកកម្មការទូត សកម្មភាពយោធានៅចុងសត វត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ដោយមាននាវិករបស់សហរដ្ឋអាម៉េរិកពីររូបគឺលោក James Glynn និងលោក Matthew C. Perry បានធ្វើដំណើរទៅកាន់តូហ្គូហ្គាវ៉ា (Tokugawa)។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបានពង្រឹងនិងពង្រីក និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់ជាមួយគ្នាអស់រយៈពេលយ៉ាងយូរ។ ដើម្បីបង្ហាញពីទំនាក់ទំនងល្អជាមួយគ្នា ប្រទេសជប៉ុនបានទទួលស្គាល់ការត្រួតត្រារបស់សហរដ្ឋអាម៉េរិកទៅលើកោះហាវ៉ៃ ហ្វីលីពីន និងប្រទេសកូរ៉េ។

នៅឆ្នាំ១៩៣១ ភាពតានតឹងបានកើនឡើងរវាងជប៉ុន និងសហរដ្ឋអាម៉េរិក បន្ទាប់ពីជប៉ុនបានចូលលុកលុយប្រទេស ចិន។ ក្រោយមកទៀត នៅឆ្នាំ១៩៣៧ មានការផ្ទុះឡើងនូវសង្គ្រាមចិន-ជប៉ុនលើកទី២ ក្នុងនោះ យើងឃើញថា សហរដ្ឋអាម៉េរិករួមជាមួយសម្ព័ន្ធមិត្ត គឺចក្រភពអង់គ្លេសនិងហូឡង់ បានកាត់ផ្តាច់ប្រេងនិងដែកថែបឈប់លក់ឱ្យប្រទេសជប៉ុន។ ចំណែកប្រទេសជប៉ុនវិញ បានឆ្លើយតបជាមួយនឹងការវាយប្រហារលើសម្ព័ន្ធមិត្តរួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើកំពង់ផែ Pearl Harbor នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ដែលបានបំផ្លាញមូលដ្ឋានកងទ័ពជើងទឹកអាម៉េរិកយ៉ាងដំណំ។ ដើម្បីបង្ខំឱ្យជប៉ុនចុះចាញ់ សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកតាមទីក្រុងនានារបស់ជប៉ុនជាលក្ខណៈប្រព័ន្ធ ហើយចុងក្រោយបានឈានដល់ការបំផ្ទុះគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ក្នុងខែសីហា ឆ្នាំ១៩៤៥ ។

នៅទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិកមានភាពល្អប្រសើឡើងវិញ ដោយជប៉ុនបានជួយផ្គត់ផ្គង់សម្ភារៈសឹកនិងស្បៀងដល់សហរដ្ឋអាម៉េរិកក្នុងសង្គ្រាមអាម៉េរិក នៅកូរ៉េ និងវៀតណាម។ ចាប់ពីចុងសតវត្សរ៍ទី២០ មក ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងជប៉ុនបានផ្តោតជាសំខាន់ទៅលើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងយោធា ដែលមានភាពរឹងមាំនិងយ៉ាងសកម្ម។ សហរដ្ឋអាម៉េរិកបានចាត់ទុកប្រ ទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តនានា និងជាដៃគូយុទ្ធសាស្រ្តយ៉ាងជិតស្និទ្ធបំផុត។ ការស្ទង់មតិរបស់ Pew Research Center's Global Attitudes Project នៅឆ្នាំ២០១៨ ទៅលើប្រជាជននៃប្រទេសទាំងពីរស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន នៅឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញថា ៧៥%នៃប្រជាជនជប៉ុន មានភាពជឿជាក់លើសហរដ្ឋអាម៉េរិក ហើយ៨១%នៃប្រជាជនសហរដ្ឋអាម៉េរិក មានភាពជឿជាក់លើប្រទេស ជប៉ុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងរវាងជប៉ុន-សហរដ្ឋអាម៉េរិកកាន់តែមានភាពល្អប្រសើ និងស្និទ្ធស្នាលបំផុត ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ មានទំនាក់ទំនងល្អជាមួយប្រធានា ធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ ដោយមានជំនួបមិត្តភាពជាច្រើនលើកនៅសហរដ្ឋអាម៉េរិក ប្រទេសជប៉ុន និងនៅក្នុងសន្និសីទអន្តរជាតិផ្សេងៗទៀតជាច្រើន។ នៅខែឧសភា ឆ្នាំ២០១៩ ប្រធានា ធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានចូលជួបពិភាក្សាការងារជាមួយអធិរាជជប៉ុន Naruhito ។

ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពរីកចម្រើនយ៉ាងខ្លាំង ជាពិសេស រថយន្ត និងគ្រឿងអេឡិច ត្រូនិចរបស់ជប៉ុនត្រូវបានគេពេញនិយមនៅសហរដ្ឋអាម៉េរិក។ ដើម្បីឱ្យពាណិជ្ជកម្មមានភាពរលូន ប្រទេសទាំងពីរបានចរចាគ្នាជាផ្លូវការបន្ថែមទៀតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ដែលមានគោលបំណងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន បានឯកភាពគ្នាកាត់បន្ថយពន្ធនិងការពង្រីកទំនិញក្នុងទំហំដ៏ធំមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលសហរដ្ឋអាមេរិក-ជប៉ុន បានគ្របដណ្តប់លើច្បាប់ស្តីពីទិដ្ឋភាពឌីជីថលនៃពាណិជ្ជកម្មអន្តរជាតិ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា          ឆ្នាំ ២០ ២០ ដែលរដ្ឋបាល របស់លោក ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ បានចាត់ទុកថា ជា «ដំណាក់កាល ទី១» នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន ដែលមានទំហំធំទូលាយសម្រាប់អនាគត។ 

នៅឆ្នាំ២០១៨ សហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់សរុប ចំនួន ១២១.១ពាន់លានដុល្លារអាម៉េរិក ចំណែកជប៉ុនវិញបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ចំនួន ១៧៩.១ពាន់លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០១៨ ជប៉ុនបានធ្វើការការវិនិយោគផ្ទាល់នៅក្នុងរោងចក្រផលិតកម្មសហរដ្ឋអាម៉េរិក ដែលមានទុនវិនិយោគចំនួន ៥១ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារចំនួន១៧០,០០០កន្លែងដល់ពលរដ្ឋសហរដ្ឋអាម៉េរិក។ ចំណែកឯនៅឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៤៣.៦ ពាន់លានដុល្លារអាម៉េរិក ចំណែក ជប៉ុនវិញបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ចំនួន ២១៨.៣ ពាន់លានដុល្លារអាម៉េរិក។

នៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក យើងសង្កេតឃើញមានទំនិញសំខាន់ៗជាច្រើន ដែលប្រទេសទាំងពីរនាំចេញ-នាំចូលឱ្យគ្នាទៅវិញទៅមក រួមមាន ៖ សហរដ្ឋអាម៉េរិកនាំចូលទីផ្សារជប៉ុន មានផលិត ផលកសិកម្ម ពោត សាច់គោ សាច់ជ្រូក សណ្តែកសៀង និងស្រូវសាលី។ ចំណែកឯជប៉ុន នាំចូលទីផ្សារសហរដ្ឋអាម៉េរិកមានផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិច រថយន្ត វាយនភណ្ឌ និងដែកថែប។

ដើម្បីជំរុញការនាំចេញឱ្យមានសក្តានុពលខ្លាំង ប្រទេសទាំងពីរបានអនុគ្រោះពន្ធគយឱ្យគ្នាទៅវិញទៅមក ដូចជា ប្រទេសជប៉ុន បានយល់ព្រមកាត់បន្ថយឬលុបចោលពន្ធគយលើផលិតផលកសិកម្ម ប្រមាណ ៦០០ មុខ ដូចជា សាច់ គោ សាច់ជ្រូក ឈើ ស្រូវសាលី និងសម្រាប់ផលិតផលផ្សេងៗមានកំណត់មួយចំនួនរបស់សហរដ្ឋអាម៉េរិកចូលទីផ្សារជប៉ុន។ ចំពោះសហរដ្ឋអាម៉េរិកវិញ បានយល់ព្រមកាត់បន្ថយឬលុបចោលពន្ធគយលើទំនិញចំនួន ២៤១ មុខ រួមមាន លើទំនិញឧស្សាហកម្ម ឧបករណ៍ម៉ាស៊ីន ប្រដាប់បញ្ចូនទួរប៊ីនកង់ដង់ គ្រឿងបន្លាស់ ឧបករណ៍ភ្លេង ផលិត ផលកសិកម្ម និងតែបៃតង ជាដើម។

នៅក្នុងវិស័យសេវាកម្មវិញ សហរដ្ឋអាម៉េរិកមានអតិរេកពាណិជ្ជកម្មសេវាកម្មទ្វេភាគីជាមួយប្រទេសជប៉ុន ព្រោះជប៉ុនគឺជាទីផ្សារដ៏សំខាន់សម្រាប់អ្នកផ្តល់សេវាកម្មរបស់សហរដ្ឋអាម៉េរិក។ ឧទាហរណ៍ ទីផ្សារធានារ៉ាប់រងជប៉ុនធំ ជាងគេលំដាប់ទី២ នៅលើសកលលោក បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក ដែលមានចំនួនជិត៣០% នៃការលក់ ភាគហ៊ុនរបស់សហរដ្ឋអាម៉េរិកនៅក្នុងឧស្សាហកម្មនេះក្នុងឆ្នាំ២០១៦ ក្នុងទំហំទឹកប្រាក់ចំនួន ៤៨.៩ ពាន់លានដុល្លារអាម៉េរិក។

ជារួម ទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាម៉េរិកមានភាពរលូន ប៉ុន្តែ ករណីខ្លះក៏មាន ការខ្វែងគំនិត ខ្លះៗដែរ។ ទោះ បីជាយ៉ាងណាក៏ដោយ ក៏ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក ប្រទេសទាំងពីបានពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយគ្នាជាលំដាប់រហូតឈានដល់ទំនាក់ទំនងយុទ្ធសាស្រ្ត និងស្អិតល្មួតលើវិស័យសំខាន់ៗ ដូចជា នយោបាយ យោ​ធា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាដើម។ ម្យ៉ាងទៀត ប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើនលើសលប់នៅក្នុងវិស័យពណិជ្ជកម្ម ដូចជា ក្នុងឆ្នាំ២០១៩ ជប៉ុន នាំទំនិញចេញទៅកាន់ទីផ្សារអាម៉េរិកក្នុងទំហំទឹកប្រាក់ ២១៨.៣ ពាន់លានដុល្លារអាម៉េរិក ហើយសហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅកាន់ទីផ្សារជប៉ុនក្នុងទំហំទឹកប្រាក់ ១៤៣.៦ ពាន់លានដុល្លារអាម៉េរិក។ ប្រទេសជប៉ុនត្រូវការសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ព្រមទាំងការគម្រាមកំហែងខាងអាវុធនុយក្លែអ៊ែពីកូរ៉េខាងជើងផងដែរ។ ចំណែក ឯសហរដ្ឋអាម៉េរិក ក៏ត្រូវការជប៉ុននៅក្នុងលំហរឥណ្ឌូ-ប៉ាស៊ីហ្វិច ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅអាស៊ីផងដែរ៕

RAC Media

ប្រភព៖​ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្លូវការហើយ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦...

2020-01-02 04:11:25   Thu, 02,01,2020, 04:11 AM
Vietnam Predicts The Future!

Vietnam became a full member of ASEAN on 28 July 1995. Vietnam’s accession to the various ASEAN agreements demonstrates her commitment to economic cooperation in the region, to the opening up of her...

2020-01-01 14:28:02   Wed, 01,01,2020, 02:28 PM
ហេតុអ្វីសិក្សាវិទ្យាសាស្ត្រនយោបាយ?

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល...

2019-12-31 11:04:14   Tue, 31,12,2019, 11:04 AM
សារជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...

2019-12-31 04:23:40   Tue, 31,12,2019, 04:23 AM
ប្រវត្តិទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដោយ៖ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស...

2019-12-30 03:41:32   Mon, 30,12,2019, 03:41 AM
«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណង...

2019-12-30 03:05:54   Mon, 30,12,2019, 03:05 AM

សេចក្តីប្រកាស