ព័ត៌មាន

អាស៊ាននៅចំពោះមុខកូវីដ-១៩ ដោយ៖ លោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-04-28 15:54:31 ថ្ងៃអង្គារ, 28 មេសា 2020, 03:54 PM
post_detail

ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹងកំពុងធ្វើឱ្យមានភាពក្រីក្រ ភាពឈឺចាប់ និងការរើសអើងកើនខ្លាំងឡើងនៅក្នុងសង្គម។ នៅចំពោះមុខ អ្នកក្រីក្រជាតួអង្គរងគ្រោះខ្លាំងបំផុត ពួកគេមិនត្រឹមតែពិបាកក្នុងការស្វែងរកសេវាសុខភាពល្អៗទេ ប៉ុន្តែ ពួកគេក៏ជាតួអង្គដែលត្រូវរងគ្រោះខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចផងដែរ។

ងាកមកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ក៏មានចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់កើនឡើងឥតឈប់ឈរដែរ បើទោះបីជារដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានដាក់វិធានការទាំងធ្ងន់និងស្រាលជាបន្តបន្ទាប់ដើម្បីបង្ការការរីកដាលនៃការចម្លងវីរុសនេះក៏ដោយ។ អាស៊ានដែលមានប្រជាជនប្រមាណ៦៥០លាននាក់ កំពុងតែប្រឈមនឹងការរីករាលនៃវីរុសឆ្លងកូវីដ១៩ ហើយដែលរដ្ឋនីមួយៗកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងរៀងៗខ្លួន។ បើតាមការសង្កេត រដ្ឋនីមួយៗ ទំនងជាកំពុងជួបការលំបាកដោយសារតែហានិភ័យនេះមានទំហំហួសពីសមត្ថភាព​របស់ខ្លួនដែលអាចគ្រប់គ្រងបាន ជាពិសេស ប្រសិនបើការរីកដាលនេះចេះតែបន្តកើនឡើងក្នុងរយៈពេលកាន់តែយូរអង្វែង នាំឱ្យការប៉ះពាល់ទាំងផ្នែកសុខាភិបាល សេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ចកាន់តែមានភាពធ្ងន់ធ្ងរដែរ។

ជាទូទៅ បណ្ដាប្រទេសក្នុងអាស៊ាន ត្រូវបានគេមើលឃើញថា ភាគច្រើនមានទំនោរបែបអាត្មានិយមស្រាប់ទៅហើយ ដែលរដ្ឋនីមួយៗតែងតែតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនធំជាងផលប្រយោជន៍ជាតិដទៃដែលជាសមាជិកអាស៊ានដូចគ្នា។ អាស៊ានប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃជាតិជាសមាជិក ប៉ុន្តែពេលខ្លះគោលការណ៍នេះហាក់បង្ហាញពីភាពសោះអង្គើយចំពោះគ្នាទៅវិញក៏ថាបាន ដូចជាកន្លងមក បញ្ហាជម្លោះព្រំដែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា, រដ្ឋប្រហារយោធានៅថៃ និងសូម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រជាជាតិអាស៊ានបានចាប់ដៃគ្នាលើកកម្ពស់សហគមន៍សេដ្ឋកិច្ចរួម ប៉ុន្តែ មកទល់សព្វថ្ងៃនៅតែមុជមិនជ្រៅទៅមិនឆ្ងាយ។ នេះជាការបង្ហាញឱ្យឃើញពីភាពកម្សោយនៃប្រជាជាតិអាស៊ាន។

សម័យកាលកូវីដ-១៩ ជាសម័យកាលដែលបង្ហាញឱ្យឃើញពីភាពអាត្មានិយមកាន់តែខ្លាំងឡើងនៃប្រជាជាតិនីមួយៗនៅលើលោក អ្នកដឹកនាំនៃប្រទេសនីមួយៗ នាំគ្នាប្រកាន់យកជំហរជាតិសាសន៍របស់ខ្លួនជាធំ កាន់តែច្រើនឡើងៗ ដែលយើងឃើញច្បាស់ជាងគេ សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាបងធំ អ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក អ្នកសង្រ្គោះប្រជាជាតិផ្សេងៗ តែពេលនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក បង្ហាញជំហរច្បាស់ណាស់ថា គឺជនជាតិអាម៉េរិកជាចម្បង (American First)។ ស្ថានភាពនេះបានស្ដែងឱ្យឃើញច្បាស់​តាមរយៈការស្កាត់ទិញយកម៉ាសដែលត្រូវផ្គត់ផ្គង់ទៅអ៊ឺរ៉ុប ការផ្ដាច់ជំនួយ WHO ដោយចោទថា ឃុបឃិតជាមួយចិនលាក់បាំងទិន្នន័យពិតជាដើម។

មនុស្សជាតិពេលនេះកំពុងប្រឈមមុខនឹងវិបត្តិពិភពលោក ហើយក៏ប្រហែលជាវិបត្តិដ៏ធំបំផុតនៃជំនាន់របស់យើង។ វាមិនត្រឹមតែជាវិបត្តិចំពោះប្រព័ន្ធថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងជាវិបត្តិចំពោះសេដ្ឋកិច្ច នយោបាយ និងសង្គមផងដែរ។ នៅចំពោះមុខវិបត្តិនេះ យើងត្រូវតែធ្វើសកម្មភាពរហ័សនិងម៉ឺងម៉ាត់ ទន្ទឹមនោះយើងក៏គួរតែគិតគូរពីវិបាករយៈពេលវែងនៃសកម្មភាពរបស់យើងដែរ។ នៅពេលយើងជ្រើសរើសវិធានការឬផ្លូវដើរ យើងមិនគួរតែគិតតែអំពីវិធីដើម្បីចៀសផុតពីការគំរាមកំហែងជាបន្ទាន់ចំពោះមុខប៉ុណ្ណោះទេ យើងក៏ត្រូវគិតដល់សហគមន៍ ក៏ដូចជាពិភពលោកទាំងមូលដែលយើងនឹងត្រូវបន្តរស់នាអនាគតផងដែរ។ ជាការណ៍ពិត គ្រោះមហន្តរាយនេះប្រាកដជារំ​លង​ផុតទៅ ហើយមនុស្សជាតិភាគច្រើននឹងបន្តរស់រានមានជីវិត ប៉ុន្តែពិភពលោកឬសហគមន៍ដែលយើងរស់នៅប្រហែលជាលែងដូចដើមហើយ។

មកទល់ពេលនេះ ការព្យាយាមដោះស្រាយរៀងៗខ្លួន ហាក់គ្មានប្រសិទ្ធភាព ការចម្លងជាលើកទីពីរនៅសិង្ហបុរី ការកើនឡើងយ៉ាងឆាប់រហ័សនៅឥណ្ឌូនេស៊ីនិងហ្វីលីពិន ហើយបើតាមអ្នកជំនាញថា នៅអាស៊ានគ្រាន់តែជាដំណាក់កាលនៃការឆ្លងជាបឋមប៉ុណ្ណោះ។ ដូច្នេះ ដំណោះស្រាយដែលមានប្រសិទ្ធភាព គឺត្រូវតែដោះស្រាយតាមរយៈការសហការគ្នា។ ជាដំបូងនិងសំខាន់បំផុតដើម្បីទប់ស្កាត់និងកម្ចាត់វីរុស អាស៊ានត្រូវតែចែករំលែកព័ត៌មានជាសកល។ ប្រទេសជាសមាជិក អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការចម្លង ការការពារ ការព្យាបាល ការដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម។ល។ ប៉ុន្តែ ដើម្បីឱ្យរឿងនេះកើតឡើងបាន យើងត្រូវការស្មារតីនៃកិច្ចសហប្រតិ​បត្តិការនិងការជឿទុកចិត្តនៅក្នុងសហគមន៍។ យើងក៏ត្រូវការការខិតខំជារួម ដើម្បីផលិតនិងចែកចាយឧបករណ៍វេជ្ជសាស្រ្ត ជាពិសេសឧបករណ៍ប្រើប្រាស់និងម៉ាស៊ីនដកដង្ហើម សម្រាប់សហគមន៍ ជាជាងប្រទេសជាសមាជិកទាំងអស់ព្យាយាមធ្វើដើម្បីតែភាពរស់រានមានជីវិតតែរៀងៗខ្លួន។ ជាជំហររបសើប្រទេសដែលមានធនធានច្រើនជាងនិងមានករណីឆ្លងតិចជាង គួរតែមានឆន្ទៈក្នុងការបញ្ជូនជំនួយទៅកាន់ប្រទេសជាសមាជិកផ្សេងៗដែលមានករណីឆ្លងច្រើនជាង​។ ​ជំនួយនេះមិនមែនតែចំពោះសម្ភារៈទេ គឺទាំងជាបុគ្គលិកពេទ្យផងដែរ។ ឧទាហរណ៍ បណ្តាប្រទេសដែល​រង​ផល​ប៉ះពាល់តិចជាង អាចបញ្ជូនបុគ្គលិកពេទ្យទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសហគមន៍ ក្នុងគោល​បំ​ណងទាំង​ជួយនិងទទួលបានបទពិសោធន៍ ដើម្បីបន្តប្រយុទ្ធទៅមុខទៀត ព្រោះថាសង្រ្គាមមួយនេះអាចមានរយៈពេលវែង​។ កិច្ចសហប្រតិបត្ដិការជារួមនេះ ក៏ត្រូវការជាចាំបាច់នៅចំពោះមុខសេដ្ឋកិច្ចផងដែរ។ ជាការណ៍ពិត នៅចំពោះមុខ ប្រទេស​ជាសមាជិកនីមួយៗ សុទ្ធតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចៗគ្នា ប៉ុន្តែបើរដ្ឋាភិបាលនីមួយៗព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ដោយមិនយកចិត្តទុកដាក់ចំពោះរដ្ឋជាសមាជិកផ្សេងៗ នោះលទ្ធផលនឹងកាន់តែមានភាពវឹកវរនិងវិបត្ដិជ្រៅទៅៗ។ យើងត្រូវការផែនការសកម្មភាពរួម ហើយយើងក៏ត្រូវការវាជាបន្ទាន់។

ជាអកុសល បច្ចុប្បន្នបណ្តាប្រទេសទាំងអស់ ស្ទើរតែមិនធ្វើរឿងទាំងនេះសោះឡើយ ពួកគេឱនក្បាលចុះ លាដៃឱបក្រសោបការពារតែប្រទេសរបស់ខ្លួនរៀងៗខ្លួន។ ក្នុងវិបត្តិពិភពលោកមុនៗមានសហរដ្ឋអាម៉េរិក បានដើរតួនាទីជាអ្នកដឹកនាំពិភពលោក ប៉ុន្តែពេលនេះរដ្ឋបាលអាម៉េរិកបានទម្លាក់ភារៈនេះចោល។ ជាមេរៀនដែលរដ្ឋជាសមាជិកអាស៊ាន​មិនគួរត្រាប់តាម អាស៊ានត្រូវតែក្ដាប់ឱ្យបាននូវគោលដៅ អាស៊ានតែមួយ វាសនាតែមួយ។

យើងសង្ឃឹមថាការរីករាលដាលនៃកូវីដ-១៩នាពេលបច្ចុប្បន្ន នឹងជួយឱ្យប្រជាជាតិអាស៊ានដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយការបែកបាក់សាមគ្គី។ អាស៊ានត្រូវតែជ្រើសរើស ថាតើនឹងដើរតាមផ្លូវនៃការបែកបាក់គ្នាឬផ្លូវនៃសាមគ្គីភាព? យើងគិថា បើអាស៊ានជ្រើសការបែកបាក់ឬអាត្មានិយម នោះមិនត្រឹមតែអូសបន្លាយវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ប៉ុន្តែ វាក៏អាចនឹងមានគ្រោះមហន្តរាយកាន់តែអាក្រក់ថែមទៀតនាពេលអនាគត ពោលគឺការឈានទៅមានអាស៊ានតែក្នុងក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។ តែបើយើងជ្រើសរើសយកសាមគ្គីភាព នោះវានឹងក្លាយជាជោគជ័យមួយ ដែលមិនត្រឹមតែប្រឆាំងនឹងកូវីដ-១៩ទេ គឺប្រឆាំងនឹងរោគរាតត្បាតនិងវិបត្តិនាពេលអនាគតដែលអាចបង្កគ្រោះថ្នាក់នាពេលខាងមុខទៀតផងដែរ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

«៦ចំណុចដែលគេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងករណីវេណេស៊ុយអេឡាបាន...»

ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ភ្នំពេញ៖ ក្នុងរយៈពេលប្រហែលជាមួយសប្ដាហ៍មកនេះ ទាំងអ្នកនយោបាយ អ្នកវិភាគ សកម្មជននយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងបណ្ដាញសង្គម Facebook បានផ្ដោតចំណាប់អារម្មណ៍ខ្លាំង...

2019-02-03 13:46:36   Sun, 03,02,2019, 01:46 PM
«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបន...

2019-02-01 09:48:20   Fri, 01,02,2019, 09:48 AM
«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ...

2019-01-30 10:30:03   Wed, 30,01,2019, 10:30 AM
«រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»

នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ​ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ...

2019-01-30 04:02:40   Wed, 30,01,2019, 04:02 AM
«អ្នកបឹងកេងកងប្រែមុខមាត់ថ្មី៖ ប្តូរពីសង្កាត់ ក្លាយជាខណ្ឌ ក្នុងដែនដីរាជធានីភ្នំពេញ»

បើយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ដីពីការបង្កើតខណ្ឌបឹងកេងកង ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបំបែកខណ្ឌចំការមន ដោយកាត់យកសង្កាត់ចំនួន៧ ដើម្បីបង្កើតខណ្ឌថ្មីមួយ គឺខណ្ឌបឹងកេងកង។ នៅ...

2019-01-29 11:48:44   Tue, 29,01,2019, 11:48 AM
«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   Tue, 29,01,2019, 05:27 AM

សេចក្តីប្រកាស