Royal Academy of Cambodia
ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) កាលពីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលមានលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ជាប្រធានអង្គប្រជុំក្នុងឋានៈជាប្រធានប្ដូរវេនរបស់អាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានពិសេស ក៏មានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសុន្ទរកថាដ៏មានអត្ថន័យចំនួន២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩នេះ។
ជារួម កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀតដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយនិងលុបបំបាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
បើយោងទៅតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំនេះដែលមានកម្រាស់ជាង៣ទំព័រនោះ ប្រជាជាតិអាស៊ានគួរតែទទួលបានក្ដីសង្ឃឹម ភាពកក់ក្ដៅ និងភាពធូរស្រាលពីការវាយប្រហារនិងផលប៉ះពាល់ដែលបង្កឡើងដោយមេរោគឆ្លងជំងឺកូវីដ១៩។
ប៉ុន្តែ បើយោងតាមបទពិសោធន៍ គោលការណ៍ និងចំណាត់ការជាក់ស្ដែងរបស់អាស៊ានកន្លងមក ប្រជាជាតិអាស៊ាន នឹងមិនទទួលបានអ្វីជាដុំកំភួនទេ។ ពីព្រោះអាស៊ាន គឺអង្គការតំបន់មួយមានទម្រង់ជាអន្តររដ្ឋាភិបាល ដែលមានធម្មនុញ្ញ មានចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមជាច្រើនរាប់មិនអស់ចេញពីកិច្ចប្រជុំដ៏សន្ធឹកសន្ធាប់របស់ខ្លួន។ ប៉ុន្តែ អង្គការនេះ ត្រូវបានគេវាយតម្លៃថា ជាអង្គការមិនសូវមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងការដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន ដោយសារតែអង្គការនេះគ្មានយន្តការនិងអំណាចចាប់បង្ខំឱ្យរដ្ឋជាសមាជិករបស់ខ្លួនឱ្យគោរពតាមធម្មនុញ្ញ ចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមរបស់ខ្លួន ដែលបញ្ហានេះត្រូវបានគេមើលឃើញថាបណ្ដាលមកពីរបាំងនៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកនីមួយៗ។
មិនតែប៉ុណ្ណោះ ពេលខ្លះទៀត សូម្បីតែសេចក្ដីប្រកាសរួមឬដំណោះស្រាយរួមពាក់ព័ន្ធនឹងការការពារផលប្រយោជន៍នៃសមាជិករបស់ខ្លួនពេលមានទំនាស់ជាមួយប្រទេសក្រៅតំបន់ ក៏មិនអាចសម្រេចបានដែរ ដោយសារតែពិបាករកសំឡេងឯកភាព១០០% តាមគោលការណ៍កុងសង់ស៊ីសរបស់ខ្លួន។ ក្រៅពីនេះ រដ្ឋជាសមាជិកអាស៊ានភាគច្រើន ត្រូវបានគេមើលឃើញថា តែងតែតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួន ធំជាងផលប្រយោជន៍រួមរបស់តំបន់។
ហេតុនេះ យោងលើបទពិសោធន៍និងចំណាត់ការកន្លងមក និងយោងលើគោលការណ៍របស់អាស៊ាន យើងជាប្រជាជាតិអាស៊ាន មិនសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននឹងយកស្មារតីនៃសេចក្ដីប្រកាសរួមដែលទើបតែចេញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ មកប្រើសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ឡើយ។ កន្លងមក អាស៊ានក៏ធ្លាប់បានបង្កើតចក្ខុវិស័យ ទស្សនវិស័យ គោលការណ៍ ព្រមទាំងបានចេញសេចក្ដីប្រកាសរួមជាច្រើន ប៉ុន្តែអាស៊ានមិនមានយន្តការតាមដានលើការអនុវត្ត និងក៏គ្មានអំណាចចាប់បង្ខំឱ្យសមាជិករបស់ខ្លួនឱ្យអនុវត្តស្មារតីនៃសេចក្ដីសម្រេចនានារបស់ខ្លួនដែរ។
អាស៊ាន ហាក់ដូចជាអង្គការសម្រាប់ជជែកគ្នា ប៉ុន្តែចំពោះការជួយគ្នាជាក់ស្ដែងវិញ ទើបតែធ្វើបានតិចតួចនៅឡើយ។ មានភ័ស្តុតាងជាច្រើនទៀតដែលអាចបញ្ជាក់បាន ដូចជាបញ្ហាជម្លោះព្រំដែនរវាង កម្ពុជានិងថៃ, បញ្ហាសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងសមាជិកអាស៊ានមួយចំនួន, រដ្ឋប្រហារយោធានៅប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។ ជាពិសេស ពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើងភ្លាមៗ ប្រទេសនីមួយៗបានគិតខិតខំដោះស្រាយតែរៀងៗខ្លួនដោយមិនបានជួយគ្នាទេ។ មិនតែប៉ុណ្ណោះមានករណីខ្លះ បានអនុញ្ញាតឱ្យអ្នកដែលគេដឹងថាបានឆ្លងជំងឺកូវីដ-១៩ហើយ ឆ្លងដែនចូលទៅប្រទេសជាសមាជិកអាស៊ានដូចគ្នា ដូចជា ករណីជនជាតិឥណ្ឌូនេស៊ីពីរនាក់ ដែលប្រទេសថៃបានធ្វើតេស្តដឹងថាមានជំងឺកូវីដ-១៩វិជ្ជមាន នៅតែអនុញ្ញាតឱ្យឆ្លងដែលចូលមកកម្ពុជាជាដើម។ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលអង្គការតំបន់មួយនេះមិនបានជួយដោះស្រាយអ្វីទាល់តែសោះ។ អាស៊ាន ហាក់ដូចជា អង្គការដែលជួយដល់អ្នកនយោបាយជាងជាងជួយដល់ប្រជាជាតិអាស៊ាន។ ហេតុនេះ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសុខភាព ជីវភាព មុខរបរ និងអាយុជីវិតរបស់ប្រជាជាតិអាស៊ាន ប្រហែលជាអង្គការនេះមានលទ្ធភាពជួយបានតិចតួចណាស់៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រី...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ...