ព័ត៌មាន

«ដំណើរឆ្ពោះទៅកាន់វាលពិឃាត (១៧ មេសា ១៩៧៥ - ៧ មករា ១៩៧៩)» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-04-17 04:05:40 ថ្ងៃសុក្រ, 17 មេសា 2020, 04:05 AM
post_detail

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ “ខ្មែរក្រហម” បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។

ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ”។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនងទៅនឹងពិភពលោកខាងក្រៅឡើយ។

ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហាលោតផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់នឹងធ្វើការបង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើតជាដីដាំដុះនៅក្នុងព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបានបង្ខំឱ្យចេញពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះបង់ចោលរាល់កំអែលអតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។

ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគច្រើនគឺជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមានទ្រព្យសម្បត្ដិមធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និងជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហមជម្លៀសនៅពេលដែលពួកគេចូលកាន់កាប់ទីក្រុងនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា “មុខសញ្ញា”ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។

ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាងបដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និងចិនអស់រាប់សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិកបក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។

នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនមានពេលសម្រាកនិងម្ហូបអាហារមិនគ្រប់ គ្រាន់។

ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកមួយថា “លាក់ការណ៍ជាកត្ដាជ័យជម្នះ”, “លាក់ការណ៍បានខ្ពស់ រស់បានយូរ”។ រហូតមកដល់ចុងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការបញ្ជូនទៅសមរភូមិហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕


អត្ថបទទាក់ទង

នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   Sun, 30,01,2022, 07:44 AM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   Sat, 29,01,2022, 09:42 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   Fri, 28,01,2022, 01:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   Fri, 28,01,2022, 05:27 AM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   Wed, 26,01,2022, 12:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   Mon, 24,01,2022, 01:11 PM

សេចក្តីប្រកាស