ព័ត៌មាន

«សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន»

2020-04-13 07:24:17 ថ្ងៃចន្ទ, 13 មេសា 2020 ម៉ោង 02:24 PM
អ្នកមើល 10097
post_detail

(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាតនៅមូលដ្ឋាន ដើម្បីកាប់បំផ្លាញព្រៃឈើបម្រើឱ្យផលប្រយោជន៍របស់ពួកគេ។

ដើម្បីទប់ស្កាត់សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបចុះល្បាតទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដោយផ្ទាល់។

នៅពេលចុះសកម្មភាពល្បាត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានហាមឃាត់ និងណែនាំជនល្មើសដែលកំពុងកាប់បំផ្លាញឈើ ដើម្បីធ្វើអាជីវកម្ម និងទន្ទ្រានយកដីក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីធ្វើកសិកម្មដោយខុសច្បាប់។

នៅក្នុងសកម្មភាពចុះល្បាតទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់ដកហូតឧបករណ៍ល្មើសច្បាប់មួយចំនួនពីជនល្មើសផងដែរ។

ដោយមើលឃើញថា ជនល្មើសជាប្រជាជនក្រីក្រសាមញ្ញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអប់រំណែនាំពួកគេឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងលើកទឹកចិត្តឱ្យពួកគេប្រកបរបបស្របច្បាប់វិញ។

សូមរម្លឹកថា ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលថ្ងៃទី១៩ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ដើម្បីចុះប្រតិបត្តិការបង្ក្រាបការកាប់ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។

សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទំហំផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន សម្រស់ធនធានព្រៃឈើធម្មជាតិ សត្វព្រៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ និងជាតិពន្ធុដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍យ៉ាងទាក់ទាញល្អប្រសើរ៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ បណ្ឌិត្យសភា ៣ ប្រទេស ប្រចាំឆ្នាំលើកទី៩»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ បណ្ឌិត្យសភាបីប្រទេស កម្ពុជា ឡាវ និងវៀតណាម (CLV) ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំ ដ...

2020-02-06 14:54:29   ថ្ងៃព្រហស្បតិ៍, 06 កុម្ភៈ 2020 ម៉ោង 09:54 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ស្របតាមតួនាទីភារក...

2020-02-06 12:54:44   ថ្ងៃព្រហស្បតិ៍, 06 កុម្ភៈ 2020 ម៉ោង 07:54 PM
«ជ័យលាភីគូរនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០»

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ន...

2020-02-06 10:06:32   ថ្ងៃព្រហស្បតិ៍, 06 កុម្ភៈ 2020 ម៉ោង 05:06 PM
«ជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសា ខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2020-02-06 07:49:07   ថ្ងៃព្រហស្បតិ៍, 06 កុម្ភៈ 2020 ម៉ោង 02:49 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុ...

2020-02-05 02:44:10   ថ្ងៃពុធ, 05 កុម្ភៈ 2020 ម៉ោង 09:44 AM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...

2020-02-05 02:40:16   ថ្ងៃពុធ, 05 កុម្ភៈ 2020 ម៉ោង 09:40 AM

សេចក្តីប្រកាស