ព័ត៌មាន

«សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន»

2020-04-13 07:24:17 ថ្ងៃច័ន្ទ, 13 មេសា 2020, 07:24 AM
post_detail

(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាតនៅមូលដ្ឋាន ដើម្បីកាប់បំផ្លាញព្រៃឈើបម្រើឱ្យផលប្រយោជន៍របស់ពួកគេ។

ដើម្បីទប់ស្កាត់សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបចុះល្បាតទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដោយផ្ទាល់។

នៅពេលចុះសកម្មភាពល្បាត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានហាមឃាត់ និងណែនាំជនល្មើសដែលកំពុងកាប់បំផ្លាញឈើ ដើម្បីធ្វើអាជីវកម្ម និងទន្ទ្រានយកដីក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីធ្វើកសិកម្មដោយខុសច្បាប់។

នៅក្នុងសកម្មភាពចុះល្បាតទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់ដកហូតឧបករណ៍ល្មើសច្បាប់មួយចំនួនពីជនល្មើសផងដែរ។

ដោយមើលឃើញថា ជនល្មើសជាប្រជាជនក្រីក្រសាមញ្ញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអប់រំណែនាំពួកគេឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងលើកទឹកចិត្តឱ្យពួកគេប្រកបរបបស្របច្បាប់វិញ។

សូមរម្លឹកថា ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលថ្ងៃទី១៩ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ដើម្បីចុះប្រតិបត្តិការបង្ក្រាបការកាប់ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។

សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទំហំផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន សម្រស់ធនធានព្រៃឈើធម្មជាតិ សត្វព្រៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ និងជាតិពន្ធុដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍យ៉ាងទាក់ទាញល្អប្រសើរ៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីឱ្យមកបំពេញការងារឱ្យទៀងទាត់ ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២០ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម...

2020-09-01 06:12:27   Tue, 01,09,2020, 06:12 AM
សកម្មភាពចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិត​...

2020-08-31 09:02:47   Mon, 31,08,2020, 09:02 AM
សកម្មភាពស្រាវជ្រាវពីអតីតរាជធានី និងទីក្រុងបុរាណខ្មែរ

ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី  (លោ​ក​បណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេង...

2020-08-31 08:46:22   Mon, 31,08,2020, 08:46 AM
ជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសកម្ពុជា ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលក...

2020-08-29 16:15:02   Sat, 29,08,2020, 04:15 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាងសាលាបុណ្យនៅវត្តពោធិ៍រុន

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកស...

2020-08-29 05:52:30   Sat, 29,08,2020, 05:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទ...

2020-08-29 05:37:16   Sat, 29,08,2020, 05:37 AM

សេចក្តីប្រកាស